COVID-19
អន្តរជាតិ
បារាំង ដាក់ពិន័យខ្លាំងជាងមុនចំពោះអ្នកល្មើសបទបញ្ជាបិទប្រទេស 23, Mar 2020 , 11:19 pm
រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Olivier Veran (AFP)
× សមាជិកសភាបារាំង បានអនុម័តវិធានការដាក់ពិន័យកាន់តែធ្ងន់ធ្ងរជាងមុនលើអ្នកដែលល្មើសបទបញ្ជាបិទប្រទេស ខណៈករណីស្លាប់ដោយសារជំងឺផ្លូវដង្ហើម COVID-19 បន្តកើនឡើង នៅថ្ងៃអាទិត្យ ២២ ខែមីនា។ ក្នុងនោះចំណោមជនរងគ្រោះទាំងនោះ ក៏មានវេជ្ជបណ្ឌិតបារាំងម្នាក់ផងដែរ។
សម្រាប់អ្នកដែលចាប់បានថាល្មើសបទបញ្ជាបិទប្រទេស លើកលែងតែការធ្វើដំណើរចាំបាច់, ទិញអ៊ីវ៉ាន់ចាំបាច់ និងម្ហូបអាហារ ជាដើម នឹងប្រឈមមុខពិន័យធ្ងន់ធ្ងរជាងមុន។ នោះគឺការបង់ប្រាក់ពិន័យចាប់ពី ១៤៤ដុល្លារ ទៅ៣៩៦០ដុល្លារ និងការជាប់គុក៦ខែ សម្រាប់ការប្រព្រឹត្តបទល្មើសដដែលៗ។ ពិន័យទាំងនេះ ស្ថិតក្រោមច្បាប់អាសន្នសុខាភិបាល ដែលអនុម័តដោយសមាជិកសភាបារាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ប្រតិកម្មនឹងព័ត៌មានទាក់ទិនការស្លាប់របស់វេជ្ជបណ្ឌិតបារាំងម្នាក់នោះ រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Olivier Veran បានបង្ហាញការដឹងគុណចំពោះបុគ្គលិកសុខាភិបាលទាំងអស់ដែលកំពុងឈរជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលនេះ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏ទទូចឲ្យបណ្ដាអាជីវកម្មផ្សេងទៀតដែលមានសារសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ បន្តដំណើរការ។
«ក្រុមគ្រូពេទ្យ កំពុងធ្វើពលិកម្មយ៉ាងធំធេងសម្រាប់ប្រទេសយើង»។ លោករដ្ឋមន្ត្រី Veran សង្កត់ធ្ងន់បែបនេះលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក LCI ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបារាំង គ្រូពេទ្យដែលបានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យនោះ គឺជាគ្រូពេទ្យជំនាញផ្នែកសង្គ្រោះបន្ទាន់ នៅសាកលវិទ្យាល័យពេទ្យមួយក្នុងក្រុង Cimpiegne ៦០គីឡូម៉ែត្រពីទីក្រុងបារីស។ នៅមន្ទីរពេទ្យនេះ បុគ្គលិកសុខាភិបាលប៉ុន្មាននាក់ទៀត ក៏មានលទ្ធផលតេស្តវិជ្ជមានផងដែរ។
សូមបញ្ជាក់ថា អ្នកស្លាប់សរុបដោយសារ COVID-19 នៅប្រទេសបារាំង បានឡើងដល់ ៦៧៤នាក់ហើយ ក្រោយពីរកឃើញ ១១២នាក់ថ្មី កាលពីថ្ងៃអាទិត្យ។ ចំណែកករណីឆ្លងសរុប រកឃើញ ១៦០១៨ករណី ខណៈជាសះស្បើយមាន២២០០នាក់៕
Tag:
បារាំង
COVID-19
Lockdown
© រក្សាសិទ្ធិដោយ thmeythmey.com