COVID-19
អន្តរជាតិ
COVID-19៖ អូស្ត្រាលីបិទទីសាធារណៈមួយចំនួន ក្រោយប្រជាជនបន្តការជួបជុំ 23, Mar 2020 , 11:59 pm
ឆ្នេរ Bondi នៅអូស្រ្តាលី ត្រូវអាជ្ញាធរបិទបណ្តោះអាសន្ន។ រូបភាព៖ EPA-EFE
× អូស្ត្រាលី នាថ្ងៃទី២៣ ខែមីនា បានសម្រេចបិទកន្លែងសាធារណៈ កន្លែងជួបប្រជុំ កន្លែងកម្សាន្តមួយចំនួន ដើម្បីទប់ស្កាត់ករណីឆ្លង ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅក្នុងប្រទេស។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីប្រជាជនអូស្ត្រាលីមួយចំនួន មិនគោរពតាមអនុសាសន៍របស់រដ្ឋាភិបាលឲ្យរក្សាគម្លាតពីសង្គម (Social Distancing) និងការស្នាក់នៅផ្ទះបណ្តោះអាសន្ន។
បើទោះបីជារដ្ឋាភិបាលអូស្ត្រាលី បានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់ខ្លួន កុំចេញមកទីសាធារណៈ និងមានការជួបជុំក៏ដោយ ភាគច្រើននៃប្រជាជនអូស្ត្រាលី មិនស្តាប់តាមការផ្តល់ដំបូន្មាននេះឡើយ ហើយនៅតែបន្តចេញដើរតាមទីសាធារណៈ និងទៅកន្លែង ដែលមានមនុស្សប្រមូលផ្តុំគ្នាដដែល ដោយមិនខ្លាចឆ្លង COVID-19 ។ ជាក់ស្តែង ប្រជាជនអូស្ត្រាលីជាច្រើន នៅតែបន្តទៅកម្សាន្តនៅឆ្នេរសមុទ្រ Bondi ដដែល ខណៈពេល COVID-19 កំពុងអុកឡុកនៅក្នុងប្រទេស។
ដោយសារតែព្រួយបារម្ភពីបញ្ហានេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយនៅក្នុងសភាអូស្ត្រាលីយ៉ាងដូច្នេះថា៖ «គ្មានទៀតឡើយ ការទៅតៀមស្រា បន្ទាប់ពីចេញធ្វើការ។ គ្មានឡើយការធ្វើលំហាត់ប្រាណនៅពេលព្រឹក។ គ្មានឡើយការនិយាយគ្នា នៅហាងកាហ្វេ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
បើតាមលោកនាយករដ្ឋមន្ត្រី ស្ថានការណ៍អូស្ត្រាលីពេលនេះ កំពុងប្រឈមបញ្ហាសេដ្ឋកិច្ច និងសុខភាពយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីបានព្រមានថា ការបិទទីតាំងសាធារណៈ កន្លែងកម្សាន្តបែបនេះ អាចមានរយៈពេលរហូតដល់ ៦ខែឯណោះ។
បើគ្មានការប្រែប្រួលទេ អូស្ត្រាលី នឹងចាប់បង្ខំឲ្យប្រជាពលរដ្ឋរបស់ខ្លួនស្នាក់នៅផ្ទះ បិទអាជីវកម្មមួយចំនួន ដូចជាក្លឹបកីឡា តៀមស្រា រោងកុន បារ និងព្រះវិហារមួយចំនួន។ ការណ៍នេះ នឹងចូលជាធរមានចាប់ពីពាក់កណ្តាលថ្ងៃទី២៣ ខែមីនាតទៅ។
យ៉ាងណាក៏ដោយ ផ្សារលក់ទំនិញ កន្លែងលក់ថ្នាំពេទ្យ ការដឹកជញ្ជូន និងកន្លែងលក់រាយ នឹងមិនត្រូវបានគេបិទនោះទេ៕
Tag:
អូស្រាលី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com