COVID-19
អន្តរជាតិ
មីយ៉ាន់ម៉ា រកឃើញ COVID-19 ពីរករណីដំបូង 24, Mar 2020 , 8:30 am
× ប្រទេស មីយ៉ាន់ម៉ា បានរកឃើញអ្នកឆ្លងជំងឺផ្លូវដង្ហើម COVID-19 ២នាក់ដំបូងរបស់ខ្លួន កាលពីយប់ថ្ងៃចន្ទ ២៣ ខែមីនា។ បើតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ា អ្នកជំងឺជនជាតិមីយ៉ាន់ម៉ាទាំងពីរនេះ គឺសុទ្ធតែទើបត្រលប់មកបរទេស។
ក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃចន្ទ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានបញ្ជាក់ថា ករណីទី១គឺបុរសមីយ៉ាន់ម៉ាអាយុ ៣៦ឆ្នាំម្នាក់ដែលត្រលប់មកពីសហរដ្ឋអាមេរិក ចំណែកករណីទី២ គឺ បុរសមីយ៉ាន់ម៉ាអាយុ ២៦ឆ្នាំម្នាក់ទៀត ដែលត្រលប់មកពីចក្រភពអង់គ្លេស។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា អះអាងទៀតថា៖«យើងនឹងស៊ើបអង្កេតមនុស្សទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុរសទាំងពីរនាក់នេះ»។ បើតាមសេចក្តីថ្លែងការណ៍ដដែល អ្នកជំងឺ COVID-19 ទាំងពីរនាក់នេះ គឺស្ថិតក្នុងចំណោមករណីសង្ស័យ២១៤នាក់ដែលបានធ្វើតេស្តរក COVID-19 កាលពីយប់ថ្ងៃចន្ទ ២៣ ខែមីនា។
ការប្រកាសករណីឆ្លងដំបូងក្នុងប្រទេសដែលមានប្រជាជន៥៤លាននាក់នេះ បង្កឲ្យពលរដ្ឋនាំគ្នាចេញទៅទិញអ៊ីវ៉ាន់ទាំងស្លន់ស្លោនៅផ្សារទំនើប២៤ម៉ោងមួយកន្លែងក្នុងទីក្រុង Yangon ។ ប៉ុន្មានម៉ោងក្រោយមកទើប ស្ថានភាពនៅក្រុងនេះ វិលមកសភាពធម្មតាវិញ។
សូមបញ្ជាក់ថា ប្រទេស មីយ៉ាន់ម៉ា មានព្រំដែនប្រវែង២១០០គីឡូម៉ែត្រជាមួយប្រទេសចិន ទីដែលជំងឺ COVID-19 បានផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩ ។ កន្លងទៅ រដ្ឋាភិបាលមីយ៉ាន់ម៉ា អះអាងថា របបអាហារប្រចាំថ្ងៃ និងរបៀបរស់នៅប្រចាំថ្ងៃពួកគេ ដូចជា ពុំសូវប៉ះពាល់រាងកាយគ្នា និងប្រើ Credit Cards ជំនួសក្រដាសលុយជាដើម ផ្ដល់ខែលការពារដល់ប្រទេសខ្លួន។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះដែរ ពលករចំណាកស្រុកមីយ៉ាន់ម៉ារាប់ពាន់នាក់ បានសម្រុកវិលត្រលប់មកកាន់ព្រំដែនខ្លួនវិញ មុនពេលអាជ្ញាធរថៃបិទច្រកព្រំដែនដីគោកដែលបានគ្រោងទុក។ មីយ៉ាន់ម៉ា ជាប្រទេសទី១០ហើយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលរកឃើញ COVID-19 ដោយនៅសល់តែប្រទេស ឡាវ មួយប៉ុណ្ណោះដែលពុំទាន់រកឃើញ៕
Tag:
មីយ៉ាន់ម៉ា
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com