អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ សុធីរ និងសំណាង ផ្តោតអារម្មណ៍ខ្លាំងទៅលើមេរោគកូវីដ១៩ តែដោយសារពីរបីថ្ងៃចុងក្រោយ ព័ត៌មានកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីបានលេចចេញឡើង, ដូច្នេះ សុធីរ និងសំណាង ក៏ឆ្លៀតពេលនិយាយរឿងកែសម្រួល និងកែទម្រង់បន្តិច។ បើគ្មានអ្វីប្រែប្រួលទេ រដ្ឋមន្ត្រីថ្មី៤រូប ដែលត្រូវបានស្នើឲ្យតែងតាំង ហើយនឹងត្រូវបោះឆ្នោតគាំទ្រដោយរដ្ឋសភាជាតិនៅថ្ងៃទី៣០មីនាសប្តាហ៍ក្រោយ ជារួមមាន៖ លោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា, លោក ព្រុំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន, លោក ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក, និង លោក ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជំនួសលោក ហ៊ឹម ឆែម។
សំណាង៖ អា សុធីរ! បើនឹងមានការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីមែននោះ តើអ្ហែងសង្ឃឹមថា ក្រសួងទាំងអស់ដែលនឹងផ្លាស់ប្តូរនោះ នឹងមានការប្រែប្រួលឬទេ?
សុធី៖ យើងពិបាកសន្មត់ទុកជាមុនណាស់។ បើយើងនិយាយមុន ខ្លាចគេថាយើងចេះតែអត្ថាធិប្បាយដោយមិនរង់ចាំមើលលទ្ធផលជាមុនសិន។
សំណាង៖ អាហ្នឹងវាអ៊ីចឹងហើយ គ្មាននរណាចេះទាយត្រូវរហូតទេ។ តែអញចង់ឲ្យឯងស្មានជាមុនលេងតើ!។
សុធីរ៖ បើអ្ហែងចង់ឲ្យអញបញ្ចេញមតិ អញអាចនិយាយថា ជាដំបូង អញចង់ឲ្យសម្តេចនាយករដ្ឋមន្ត្រីកែសម្រួល និងកែទម្រង់។
សំណាង៖ ចុម មានន័យថាម៉េចអ្ហា?
សុធីរ៖ កែសម្រួលសមាសភាពធនធានមនុស្ស។ ប៉ុន្តែ ឲ្យធនធានមនុស្សថ្មីហ្នឹងកែទម្រង់ចំណុចអវិជ្ជមាននៅក្នុងក្រសួងទាំងអស់ហ្នឹងឲ្យបានលឿនបំផុត។ តែសូមប្រយ័ត្នផងដែរថា ធនធានមនុស្សថ្មីហ្នឹង ចូរកុំទៅកែទម្រង់អ្វីដែលគេបានធ្វើល្អរួចហើយ។ ជាថ្មីម្តងទៀង ចូរកែទម្រង់តែអ្វីដែលអាក្រក់ឲ្យទៅជាល្អ ចៀសវាងកែទម្រង់អ្វីដែលល្អឲ្យទៅជាអាក្រក់។ អានេះហើយ គឺជាអត្ថន័យនៃការកែទម្រង់។
សំណាង៖ សួរអ្ហែងម្តងទៀតថា តើអ្ហែងសង្ឃឹមថា ការកែសមាសភាពគណៈរដ្ឋមន្ត្រីហ្នឹងផ្តល់ផលល្អជូនដល់សេវាសាធារណជនឬទេ?
សុធីរ៖ អញពិបាកឆ្លើយណាស់វើយ។ អ្ហែងសួរហើយសួរទៀតអ៊ីចឹង។ អ្វីដែលអញធ្លាប់លឺសម្តេច ហ៊ុន សែន គាត់និយាយច្រើនលើកច្រើនសារហើយថា កំណែទម្រង់ គឺជារឿងចាំបាច់ និងជារឿងស្លាប់រស់របស់រដ្ឋាភិបាលក្នុងការទាក់ទាញប្រជាប្រិយភាពពីមហាជន។ បើស្តាប់អត្ថន័យនេះ អ្វីដែលរដ្ឋាភិបាលកំពុងកែសម្រួលសមាសភាពនេះ គឺក្នុងន័យកែទម្រង់ហើយ តែរឿងស៊ីជម្រៅ ឬមិនស៊ីជម្រៅជារឿងមួយផ្សេងទៀត។
សំណាង៖ នៅថ្នាក់ជាតិ រដ្ឋាភិបាលកំពុងតែត្រៀមកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រី ចុះថ្នាក់ខេត្តក្រុងវិញ សុធីរ?
សុធីរ៖ អានេះសួរអញ មើលតែអញដឹងគ្រប់រឿងអ៊ីចឹងអ្ហា! អញអត់ដឹងទេ! តែបើអាចផ្លាស់ប្តូរ ឬកែសម្រួលថ្នាក់ដឹកនាំខេត្តណាដែលស្ពឹកស្រពន់ មិនចេះអភិវឌ្ឍ ចេះតែដើរ«ប្រូ»ចេញ- ប្រហែលជាខេត្តនោះ អភិវឌ្ឍបានលឿន ហើយអាចទាក់ទាញការគាំទ្រពីពលរដ្ឋបានលឿន។ បើតាមអញសង្កេត គឺថា ថ្នាក់ដឹកនាំខេត្តខ្លះ ខ្វះគំនិតច្នៃប្រឌិតអភិវឌ្ឍក្នុងខេត្តតែម្តង៕