ពីនេះ ពីនោះ
សង្គមជាតិ
អត្ថបទស្រាវជ្រាវ៖ ឥទ្ធិពលនៃជម្រក និងកត្តាអាកាសធាតុទៅលើរបាយនៃប្រភេទត្រីនៅបឹងទន្លេសាប 29, Mar 2020 , 3:19 pm
ទិដ្ឋភាពពីលើអាកាសក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងបឹងទន្លេសាប។ រូបភាព៖ ឈុត ឈាណា អច្ឆរិយភាពនៃទន្លេមេគង្គ។
× បឹងទន្លេសាប គឺជាស្ថានប្រព័ន្ធដែលមានផលិតភាពខ្ពស់ និងនានាភាព ឬ ភាពចម្រុះនៃប្រភេទត្រីជាច្រើន ដែលជាប្រភពដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រូតេអ៊ីន ដល់ប្រជាជនកម្ពុជា ប្រមាណជាង១៥ លាននាក់។ យ៉ាងណាម៉ិញ ព័ត៌មានអំពីអេកូឡូស៊ី និងកត្តានានា ដែលមានឥទ្ធិពលទៅលើរបាយនៃប្រភេទត្រី ទៅតាមតំបន់នៅក្នុងបឹងទន្លេសាបនេះ នៅមានតិចតួចនៅឡើយ។
យោងតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ ដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានផ្តល់ព័ត៌មានអំពីរបាយទៅតាមតំបន់នៃប្រភេទត្រី ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ចំនួន ៨ ប្រភេទ រួមមាន៖ ត្រីឆ្តោ ត្រីរ៉ស់ ត្រីកំភ្លាញ ត្រីឆ្កោក ត្រីឆ្ពិនប្រាក់ ត្រីប្រាធំ ត្រីកេស និងត្រីរៀលគ្រប់ប្រភេទ ព្រមទាំងបង្ហាញអំពី ឥទ្ធិពលនៃកត្តាបរិស្ថាន ទៅលើរបាយនៃត្រីទាំង ៨ ប្រភេទ ទៅតាមតំបន់នៅក្នុងបឹងទន្លេសាប ដោយប្រើប្រាស់ទិន្នន័យផលចាប់របស់ឡូតិ៍នេសាទ ក្នុងរដូវបើកនេសាទ ចន្លោះពីឆ្នាំ១៩៩៤/១៩៩៥ ទៅឆ្នាំ១៩៩៩/ ២០០០ និងទិន្នន័យកត្តាបរិស្ថាន (ប្រភេទគម្របដី និងកត្តាអាកាសធាតុ) ផងដែរ។
លទ្ធផលបានបង្ហាញថា ជីវម៉ាស់ត្រី មានការប្រែប្រួលខ្លាំង រវាងតំបន់នានា និងរវាងប្រភេទត្រីនានា។ ត្រីឆ្តោមានវត្តមានច្រើនជាងគេ នៅប៉ែកខាងត្បូង និងប៉ែកខាងជើងបឹងទន្លេសាប។ ត្រីរ៉ស់ និងត្រីកំភ្លាញ មានវត្តមានច្រើននៅប៉ែកខាងជើងបឹងទន្លេសាប។ ត្រីឆ្កោក ត្រីឆ្ពិនប្រាក់ ត្រីប្រាធំ និងត្រីរៀលគ្រប់ប្រភេទ មានវត្តមានច្រើននៅប៉ែកខាងត្បូងបឹងទន្លេសាប។ ចំណែកឯត្រីកេស មានវត្តមានច្រើន នៅតំបន់មួយចំនួន នៅប៉ែកខាងជើង និងខាងត្បូងនៃបឹងទន្លេសាប។
ព្រៃលិចទឹក មានទំនាក់ទំនងវិជ្ជមាន ទៅលើរបាយជីវម៉ាស់ នៃត្រីប្រាធំ ត្រីរ៉ស់ ត្រីឆ្កោក និងត្រីកេស។ ដូចគ្នានេះដែរ លំហទឹកបឹងទន្លេសាប មានឥទ្ធិពលវិជ្ជមានទៅលើរបាយជីវម៉ាស់ នៃប្រភេទត្រីប្រាធំ ត្រីឆ្កោក និងត្រីកេស។ រីឯដីកសិកម្ម មានឥទ្ធិពលអវិជ្ជមាន ទៅលើរបាយជីវម៉ាស់នៃប្រភេទត្រីរៀល។ លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញថា តំបន់មួយចំនួនមានកម្រិតជីវម៉ាស់ត្រីខ្ពស់ ឧទាហរណ៍ ឡូតិ៍នេសាទលេខ២ ក្នុងខេត្តកំពង់ធំ ឡូតិ៍នេសាទលេខ៦ ក្នុងខេត្តពោធិ៍សាត់ និងឡូតិ៍នេសាទលេខ២ ក្នុងខេត្តបាត់ដំបង)។ល។ ដូច្នេះ ការធ្វើផែនការអភិរក្ស និងការគ្រប់គ្រងជលផល គួរតែផ្តោតការយកចិត្តទុកដាក់ នៅក្នុងតំបន់ទាំងអស់នោះ ដោយពិចារណាកំណត់តំបន់ទាំងនោះ ជាតំបន់ជម្រកត្រីសំខាន់ និងក៏ជាកន្លែងនេសាទដ៏សំខាន់ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមអាន៖
https://www.mdpi.com/2073-4441/12/3/786 (Chan, B.; Brosse, S.; Hogan, Z.S.; Ngor, P.B.; Lek, S. Influence of Local Habitat and Climatic Factors on the Distribution of Fish Species in the Tonle Sap Lake. Water 2020, 12, 786.)
ដោយ៖ Chan Bunyeth / USAID Wonders of the Mekong
© រក្សាសិទ្ធិដោយ thmeythmey.com