ពិតណាស់ដែលការទទួលទានអាហារសម្បូរកាបូអ៊ីដ្រាតច្រើនលើសអាចបណ្ដាលឱ្យកើនទម្ងន់និងជះឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាម។ ទោះជាយ៉ាងណាមិនមែនគ្រប់អាហារសម្បូរកាបូអ៊ីដ្រាតទាំងអស់សុទ្ធតែមិនល្អចំពោះសុខភាពឡើយ!
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារសម្បូរកាបូអ៊ីដ្រាតដែលល្អចំពោះសុខភាព ៖
១. ដំឡូងផ្អែម
ក្រៅពីកាបូអ៊ីដ្រាត ដំឡូងផ្អែមមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសុខភាព។ ដំឡូងផ្អែមក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលរាងកាយត្រូវការចាំបាច់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំនិងសុខភាពស្បែក។ លើសពីនេះទៅទៀតដំឡូងផ្អែមក៏មានផ្ទុកសារធាតុ beta-carotene ដែលល្អចំពោះសុខភាពភ្នែកផងដែរ។
២. សណ្ដែកខ្មៅ
ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិដែក ក៏ដូចជាជាតិសរសៃនិងប្រូតេអ៊ីន ហើយនោះសណ្ដែកខ្មៅផ្ដល់ថាមពលដល់រាងកាយក្នុងទម្រង់ជាជាតិម្សៅដែលធ្វើឱ្យវាក្លាយជាប្រភពនៃកាបូអ៊ីដ្រាតល្អដែលប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលកំពុងមានបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។
៣. មើមឆៃថាវក្រហម
កុំភ្លេចរួមបញ្ចូលមើមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។ មើមឆៃថាវក្រហមមានផ្ទុកសារធាតុ nitrates ដែលក្លាយជា nitric oxide ពេលចូលដល់ក្នុងរាងកាយ។ ហើយ nitric oxide មានប្រសិទ្ធភាពបញ្ចុះសម្ពាធឈាមទប់ស្កាត់ហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់់សរសៃឈាមក្នុងខួរក្បាល។
៤. សណ្ដែកពពួក Legumes
សណ្ដែកពពួក legumes រួមមានសណ្ដែកដី សណ្ដែកខៀវ និងសណ្ដែកក្រហមជាដើមក្រៅពីមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត វាក៏ជាប្រភពដ៏ល្អបំផុតនៃជាតិសរសៃផងដែរ។ ហើយជាតិសរសៃជួយទប់ស្កាត់បញ្ហាទល់លាមក សម្រកទម្ងន់ បញ្ចុះជាតិស្ករក្នុងឈាម ជំងឺបេះដូង និងជំងឺមហារីកពោះវៀនធំ។ ម្យ៉ាងវិញទៀតសណ្ដែកពពួក legumes ក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលចាំបាច់សម្រាប់សុខភាពសាច់ដុំ ការផលិតអ័រម៉ូន និងរក្សាសុខភាពស្បែក ក្រចក ក៏ដូចជាសក់រឹងមាំ។
៥. ផ្លែចេក
ក្រៅពីកាបូអ៊ីដ្រាត ផ្លែចេកមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាម។ លើសពីនេះទៅទៀតការទទួលទានចេកក៏អាចផ្ដល់ឱ្យរាងកាយនូវជាតិម៉ាញ៉េស្យូមដែលជួយទប់ទល់អាការៈបេះដូងលោតញាប់ ថប់បារម្ភ និងគេងមិនលក់ផងដែរ។
៦. ក្រូច
ក្រូចក៏ជាអាហារសម្បូរទៅដោយកាបូអ៊ីដ្រាតផងដែរ។ ផ្លែឈើនេះជាអាហារសុខភាពល្អមួយដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ និងស្បែក។ ទោះជាយ៉ាងណាក្រូចក៏ជាប្រភពដ៏ប្រសើរនៃកាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន A និងវីតាមីន B6 ផងដែរ។
៧. ផ្លែប៉ោម
មានផ្ទុកកាបូអ៊ីដ្រាតពី ១៣ ទៅ ១៥ ភាគរយ។ ក្រៅពីនេះផ្លែប៉ោមជាប្រភពដ៏ប្រសើរនៃវីតាមីននិងជាតិរ៉ែ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការទទួលទានផ្លែប៉ោមអាចផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព រួមបញ្ចូលទាំងការជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង៕
ត្រួតពិនិត្យដោយ www.health.com.kh