គ្មាននរណាម្នាក់ចង់មានស្នាមសម្លាកលើស្បែកឡើយ ដូច្នេះទើបអ្នកមួយចំនួនសុខចិត្តចំណាយប្រាក់មិនស្ដាយដើម្បីទទួលបានស្បែករលោងស្រស់ស្អាត។ ទោះជាយ៉ាងណាមិនចាំបាច់ចំណាយប្រាក់ក៏អ្នកអាចបំបាត់ស្នាមសម្លាក ឬធ្វើឱ្យវាមើលលែងសូវឃើញផងដែរតាមរយៈការអនុវត្តរូបមន្តធម្មជាតិមួយចំនួន។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីវិធីងាយៗបំបាត់ស្នាមសម្លាក ឬធ្វើឱ្យវាមើលលែងសូវឃើញដូចមុន ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺលាបជែលប្រទាលកន្ទុយក្រពើស្រស់លើស្នាមសម្លាកក្នុងចលនាបែបរង្វង់ថ្នមៗ។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ១ ម៉ោង សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃ។
២. ថ្នាំគ្រាប់វីតាមីន E
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់វីតាមីន E គ្រាប់ដើម្បីយកប្រេងលាបលើស្នាមសម្លាក។ លាបម៉ាស្សាប្រេងវីតាមីន E លើស្នាមសម្លាកសម្រាប់រយៈពេលប្រហែល ១០ នាទី។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយថ្ងៃ។
៣. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងដូងពី ២ ទៅ ៣ ស្លាបព្រាបាយ រួចលាបម៉ាស្សាប្រេងដូងលើស្នាមសម្លាកសម្រាប់រយៈពេលប្រហែល ១០ នាទី។ ទុករហូតដល់ស្បែកស្រូបយកជាតិប្រេងយ៉ាងហោចណាស់ ១ ម៉ោង។ អនុវត្តឱ្យបានពី ២ ទៅ ៤ ដងក្នុងមួយថ្ងៃ។
៤. ចេកទុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនសាច់ចេកទុំឱ្យម៉ដ្ឋ រួចលាបម៉ាស្សាថ្នមៗលើស្នាមសម្លាកសម្រាប់រយៈពេល ១០ នាទី និងទុកចោលពេញមួយយប់ជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។
៥. ទឹកខ្មេះផ្លែប៉ោម
លាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាបាយជាមួយទឹក ៤ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយលើផ្ដិតៗលើស្នាមសម្លាកនិងទុកចោលរហូតដល់ស្ងួត។ អនុវត្តរាល់យប់មុនចូលគេង ហើយលាងសម្អាតចេញនៅពេលព្រឹក។
៦. ដំឡូងបារាំង
ហាន់ដំឡូងបារាំងជាបន្ទះក្រាស់មូល។ យកបន្ទះដំឡូងមកដុសថ្នមលើស្នាមសម្លាកនៅពេលបន្ទះដំឡូងចាប់ផ្ដើមស្ងួតសឹមប្ដូរថ្មីរួចបន្តរហូតសម្រាប់រយៈពេល ២០ នាទី។ បន្ទាប់មកទុកចោលសម្រាប់រយៈពេល ១០ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ៕
ត្រួតពិនិត្យដោយ www.health.com.kh