ភេសជ្ជៈកំប៉ុងកំពុងទទួលបានការពេញនិយមជាខ្លាំង ទោះជាយ៉ាងណាភេសជ្ជៈនេះអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើន។ ផលប៉ះពាល់នៃការទទួលទានភេសជ្ជៈកំប៉ុង ឬសូដាចំពោះរាងកាយ គឺឆាប់រហ័ស និងគួរឱ្យព្រួយបារម្ភណាស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រោះថ្នាក់នៃការទទួលទានភេសជ្ជៈកំប៉ុងជាប្រចាំ ៖
១. ហានិភ័យនៃជំងឺពុកឆ្អឹង
ក្រៅពីមានផ្ទុកសម្បូរជាតិស្ករខ្ពស់ហើយនោះ ភេសជ្ជៈប្រភេទនេះក៏មានផ្ទុក អាស៊ីតផូស្វរិកនិងគ្រឿងផ្សំបន្ថែមរសជាតិផ្សេងទៀតដែលមិនល្អចំពោះសុខភាពឆ្អឹងផងដែរ។ អាស៊ីតផូស្វរិកអាចរារាំងសមត្ថភាពនៃការស្រូបយកជាតិកាល់ស្យូមគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតសូដា ឬភេសជ្ជៈកំប៉ុងមួយចំនួនទៀតសុទ្ធតែមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដូច្នេះហើយទើបការទទួលទានភេសជ្ជៈប្រភេទនេះច្រើន ក៏រួមចំណែកលើកកម្ពស់ការបាត់បង់ម៉ាសនៃឆ្អឹងធ្វើឱ្យឆ្អឹងចុះខ្សោយនិងបង្កើនហានិភ័យនៃជំងឺពុកឆ្អឹងនាពេលអនាគតផងដែរ។
២. ហានិភ័យនៃជំងឺទឹកនោមផ្អែម
ភេសជ្ជៈកំប៉ុងភាគច្រើនមានផ្ទុកជាតិស្ករខ្ពស់ដែលបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមគួរឱ្យព្រួយបារម្ភ។ ចំពោះភេសជ្ជៈកំប៉ុងគ្មានជាតិស្ករវិញក៏ដូចគ្នា! មួយក្នុងចំណោមមូលហេតុចម្បងដែលមនុស្សភាគច្រើនជ្រើសរើសភេសជ្ជៈកំប៉ុងគ្មានជាតិស្ករជំនួសភេសជ្ជៈកំប៉ុងធម្មតាដោយសារគិតថាអាចចៀសផុតពីហានិភ័យនៃជំងឺទឹកនោមផ្អែម។ ជាក់ស្ដែងតាមពិតទៅការទទួលទានភេសជ្ជៈកំប៉ុងគ្មានជាតិស្ករជាប្រចាំមិនយូរមិនឆាប់នៅតែបង្កជំងឺទឹកនោមផ្អែមដដែលដោយបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម។ ភេសជ្ជៈគ្មានផ្ទុកជាតិស្ករបណ្ដាលឱ្យមានភាពធន់នឹងអាំងស៊ុយលីនដែលជាដើមហេតុដំបូងនៃជំងឺទឹកនោមផ្អែម។ ជាតិផ្អែមសិប្បនិម្មិតអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ ជាតិផ្អែមសិប្បនិម្មិតក៏ជះឥទ្ធិពលលើសុខភាពពោះវៀនដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។
៣. កង្វះជាតិទឹកក្នុងរាងកាយ
កាហ្វេអ៊ីនដែលមានផ្ទុកក្នុងភេសជ្ជៈកំប៉ុងជាប្រភេទនៃសារធាតុបញ្ចុះទឹកនោមមួយប្រភេទដែលអាចបណ្ដាលឱ្យអ្នកនោមញឹក។ ជាលទ្ធផលអ្នកត្រូវប្រឈមមុខនឹងបញ្ហាកង្វះជាតិទឹកក្នុងរាងកាយ។
៤. ឱកាសក្នុងការមានផ្ទៃពោះធ្លាក់ចុះ
នេះក៏ព្រោះតែការទទួលទានភេសជ្ជៈកំប៉ុង ឬភេសជ្ជៈសូដាអាចបង្កការរលាកក្នុងរាងកាយដែលជះឥទ្ធិពលដល់កម្រិតនៃអ័រម៉ូននិងប្រព័ន្ធបន្តពូជ។
៥. ឆាប់ចាស់ជាងវ័យ
ការទទួលទានអាហារនិងភេសជ្ជៈផ្អែមៗ ឬមានជាតិស្ករខ្ពស់ដូចភេសជ្ជៈកំប៉ុងច្រើនពេកអាចបង្កើនល្បឿននៃភាពចាស់តាមវ័យនៃស្បែកគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែជាតិស្ករតែងផ្សារភ្ជាប់ជាមួយប្រូតេអ៊ីនក្នុងរាងកាយតាមរយៈដំណើរការមួយហៅថា glycation បង្កការរលាកក្នុងរាងកាយដែលជះឥទ្ធិពលដល់កូឡាជែននិងភាពបត់បែននៃស្បែកបណ្ដាលឱ្យស្នាមជ្រីវជ្រួញលេចឡើងឆាប់រហ័ស រួមជាមួយបញ្ហាស្បែកយារធ្លាក់ផងដែរ។
៦. ហានិភ័យនៃជំងឺតម្រងនោម
ការទទួលទានភេសជ្ជៈកំប៉ុងចំនួន ២ ឬច្រើនជាងនេះក្នុងមួយថ្ងៃជាប្រចាំអាចបង្កើនហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃគួរឱ្យព្រួយបារម្ភ។ ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈមានផ្ទុកជាតិកាបូណាតក៏ផ្សារភ្ជាប់ជាមួយការបង្កើតគ្រួសក្នុងតម្រងនោមផងដែរ។
៧. ហានិភ័យនៃជំងឺបេះដូង
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញអោយដឹងថាការទទួលទានភេសជ្ជៈផ្អែម ឬភេសជ្ជៈសូដាហួសប្រមាណ ឬជាប្រចាំអាចបង្កើនហានិភ័យនៃជំងឺសសៃឈាមបេះដូងគួរឱ្យកត់សម្គាល់។ ការទទួលទានជាតិស្ករច្រើនពេកក៏បង្កើនហានិភ័យនៃជំងឺផ្សេងៗទៀត រួមបញ្ចូលទាំងជំងឺផ្លូវចិត្ត ជំងឺទឹកនោមផ្អែម បញ្ហាខ្លាញ់រុំថ្លើម សម្ពាធឈាមឡើងខ្ពស់ និងបញ្ហាលើសកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានទឹកផ្លែឈើស្រស់ៗជំនួសវិញ៕
ត្រួតពិនិត្យដោយ www.health.com.kh