ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! ឧស្សាហ៍​ច្រាល​ទឹក​អាស៊ីត​ក្រពះ អាចមកពី​មូលហេតុ​ទាំងនេះ​
24, Dec 2020 , 6:59 am        
រូបភាព
​ឧស្សាហ៍​ជួបប្រទះ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​មែន​ទេ​? ក្រៅពី​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​អាស៊ីត អាហារ​ហឹរ និង​ការ​គេង​ភ្លាមៗ​ក្រោយពេល​អាហារ​នោះ​អាកា​រៈ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ក៏​អាច​កើតមានឡើង​ដោយសារ​កត្តា​មួយចំនួន​ផ្សេងទៀត​ផងដែរ​។ ថា​តើក​ត្តា​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​ដែល​អាច​បង្កបញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ៖
 
១. ការទទួល​ទាន​ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​
 
​ពិតណាស់​ខ្លាញ់ត្រី គឺ​ល្អ​ចំពោះ​អារម្មណ៍ ខួរ​កា្​ល និង​សុខភាព​ស​សៃ​ឈាម​បេះដូង​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន​ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​អាច​បង្កបញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​? ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​ត្រី​ឱ្យបាន​ច្រើន​ជំនួស​ការប្រើប្រាស់​ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​។​
 
២. ការ​ទទួលទាន​សូកូឡា​
 
​នេះ​ក៏​ព្រោះតែ​សូកូឡា​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន ជាតិ​ខ្លាញ់ និង​កា​កាវ​ដែល​សុទ្ធ​តែមាន​ឥទ្ធិពល​អាច​បង្កបញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​អាហារ​នេះ​។​
 
៣. ការជក់បារី​
 
​ការជក់បារី​អាច​ផ្ដល់​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ចំពោះ​សុខភាព រួមបញ្ចូល​ទាំង​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ដូច្នេះ​ប្រសិនបើ​អ្នកជា​អ្នក​ជក់បារី ហើយ​តែង​ជួបប្រទះ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ក្នុងពេល​ជាមួយគ្នា​នោះ អ្នក​គួរតែ​ពិចារណា​បោះបង់ចោល​នូវ​ទម្លាប់​នេះ​ជា​ចាំបាច់​។​
 
៤. ការ​ទទួលទាន​ភេសជ្ជៈ​កាបូ​ណាត ឬ​ភេសជ្ជៈ​កំប៉ុង​
 
​អ្នក​ក៏​ចាំបាច់​គួរ​ចៀសវាង​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​ផងដែរ ប្រសិនបើ​មិន​ចង់​ជួបប្រទះ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ភេសជ្ជៈ​ប្រភេទ​នេះ​អាច​បណ្ដាលឱ្យ​ក្រពះ​រីក​ធំ ហើយ​បង្កើន​សម្ពាធ​លើ​ផ្ទៃ​ជញ្ជាំង​ក្រពះ​បង្កបញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ណាមួយ​ភាគច្រើន​នៃ​ភេសជ្ជៈ​កំប៉ុង​មាន​ផ្ទុក​ជាតិ​អាស៊ីត​និង​កាហ្វេ​អ៊ី​ន​។​
 
៥. ធាត់​លើស​ទម្ងន់​
 
​អ្នក​ធាត់​លើស​ទម្ងន់ គឺ​ងាយ​នឹង​ជួបប្រទះ​អាកា​រៈ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ជា​ញឹកញាប់​។ នេះ​ក៏​ព្រោះតែ​ជាតិ​ខ្លាញ់​ដែល​ស្ថិត​ត្រង់​ផ្នែក​កណ្ដាល​នៃ​រាងកាយ​បង្ក​សម្ពាធ​ក្នុង​ក្រពះ​។ ម្យ៉ាងវិញទៀត​អ្នក​ដែល​ធាត់​លើស​ទម្ងន់​មាន​ទម្លាប់​ទទួលទាន​អាហារ​មិនល្អ​។​
 
៦. ការប្រើប្រាស់​ថ្នាំ​មួយចំនួន​
 
​ថ្នាំ​ប្រភេទ​ប្រឆាំង​ការ​រលាក ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ថ្នាំ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ថ្នាំ​ប្រភេទ non-steroidal សុទ្ធ​តែមាន​ឥទ្ធិពល​បង្ក​អាកា​រៈ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com