ជាតិ
អាជ្ញាធរ​កំពង់ស្ពឺ នឹងសិក្សា​ពី​លទ្ធភាព​ធ្វើ​ផ្លូវ​ទៅ​តំបន់​ខ្នង​ផ្សា​ដែល​កំពុងមាន​សក្តានុពល​ទេសចរណ៍​
22, Jul 2020 , 9:29 am        
រូបភាព
ខ្នងផ្សា កំពង់ស្ពឺ
ខ្នងផ្សា កំពង់ស្ពឺ
ដោយ:
​មាន​ព្រំព្រទល់​ជាប់​ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង តំបន់​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សា កំពុង​ទទួលបាន​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកទេសចរ ដែល​អាច​ផ្ដល់​ចំណូល​មួយផ្នែក​ដល់​ពលរដ្ឋ​។ ដើម្បី​ជាការ​ទាក់ទាញ​អ្នកទេសចរ ទៅ​កម្សាន្ត​នៅ​តំបន់​នោះ អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ឲ្យ​ដឹងថា​រដ្ឋបាលខេត្ត​នឹងសិក្សា​ធ្វើ​ផ្លូវ និង​រៀបចំ​ឲ្យ​មាន​បន្ទប់ទឹក​ដែរ​នៅ​តំបន់​នោះ​។ លោក​បានលើកឡើង​បែបនេះ​ក្នុង​សិន្ន​សីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​បន្ត​របស់​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​» នៅ​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០២០​។​

​របាយការណ៍​របស់​ខេត្តកំពង់ស្ពឺ បាន​បង្ហាញថា ក្នុង​ឆ្នាំ ២០១៩ មាន​ភ្ញៀវទេសចរ​ចំនួន ៣១៧.៥៩១​នាក់ ដែល​ទទួលបាន​ពី​តំបន់​រមណីយ​ដ្ឋា​ន​ទាំង ១៣ កន្លែង​មាន​តំបន់​រមណីយដ្ឋាន​ប្រ​វិត្ត​សាស្ត្រ ៤ កន្លែង តំបន់​រមណីយដ្ឋាន​ធម្មជាតិ ៨ កន្លែង និង​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង​មាន ២ ទីតាំង​ដែល​កំពុងមាន​ពេញនិយម​ពី​អ្នកទេសចរ​ដូចជា ភ្នំ​ឱ​រ៉ា​ល់ និង​ភ្នំ​ខ្នង​ផ្សា​។​

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង​ទាំងពីរ​ខាងលើ​ធ្លាប់​ប្រាប់​សារព័ត៌មាន​ThmeyThmey25 បាន​ឲ្យ​ដឹងថា​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២០ មាន​អ្នកទេសចរ​ចំនួន ៥.៦០០​នាក់​ទៅលេង​នៅ​ភ្នំ​ឱ​រ៉ា​ល់​។ ដោយឡែក​នៅ​តំបន់ភ្នំ​ខ្នង​ផ្សា​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២០ មាន​ទេសចរ​ទៅដល់​ចំនួន ២.០០០​នាក់ ទៅ ៣.០០០​នាក់​។ 

​ខេត្តកំពង់ស្ពឺ​មាន​ចម្ងាយ ៤៨​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ដើម្បី​ទៅដល់​ខ្នង​ផ្សា ភ្ញៀវទេសចរ ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ៤ ទៅកាន់​ទី​រួម​ខេត្តកំពង់ស្ពឺ រួច​ឆ្លងស្ពាន​ខេត្តកំពង់ស្ពឺ​ប្រមាណ ១ គីឡូម៉ែត្រ​បត់​ស្តាំ ប្រមាណ ១​គីឡូ នឹង​ឃើញ​ផ្លូវបត់​ឆ្វេង មាន​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​ទៅ​ឱ​រ៉ា​ល់ បន្ទាប់មក​ន​ត្រូវធ្វើ​ដំណើរ​បត់​ចូល​តាម​ច្រក​ឱ​រ៉ា​ល់ ប្រហែល ៥០​គីឡូម៉ែត្រ នឹង​ដល់​រង្វង់​មូល​ឱ​រ៉ា​ល់ រួច​បន្តដំណើរ​ទៅមុខ តាម​ផ្លូវលំ​ប្រមាណ ៣៥​គីឡូម៉ែត្រ ដោយ​ជិះ​កាត់ ទេ​ទឹក​ពុះ នឹង​ទៅដល់​ភូមិ​រលាក់​កងជើង ដែលជា​ភូមិ​នៃ​ភ្នំ​ខ្នង​ផ្សា​៕

Tag:
 ​ខ្នង​ផ្សា​
© រក្សាសិទ្ធិដោយ thmeythmey.com