COVID-19
ជាតិ
បុរសខ្មែរម្នាក់ ស្លាប់ក្នុងបន្ទប់ធ្វើចត្តាឡីស័ក នៅស្រុកក្រូចឆ្មារ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់
23, Jul 2020 , 11:23 am        
រូបភាព
រូបបុរសដែលស្លាប់ក្នុងបន្ទប់ធ្វើចត្តាឡីស័ក
រូបបុរសដែលស្លាប់ក្នុងបន្ទប់ធ្វើចត្តាឡីស័ក
មានករណីបុរសខ្មែរម្នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែង ក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបាត់បង់ជីវិត ក្នុងបន្ទប់ធ្វើចត្តាឡីស័កនោះ។ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា៖«ពិតជាមានករណីស្លាប់ហ្នឹងមែន»។


ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ប្រាប់ថា បុរសនោះ អាយុ២១ឆ្នាំ ហើយបានធ្វើចត្តាឡីស័ក៣ថ្ងៃហើយ។ មូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យបុរសនោះស្លាប់ លោកវេជ្ជបណ្ឌិត មិនទាន់អាចនិយាយបានឡើយ។

តែលោក អះអាងថា បុរសនោះ ប្រហែលជាលួចទិញថ្នាំពីខាងក្រៅ យកទៅលេប ហើយលោក សន្និដ្ឋានជាបឋមថា បុរសនោះ ទំនងជាទិញថ្នាំនោះលេបច្រឡំ ក៏បណ្តាលឲ្យប្រតិកម្ម រហូតដល់ស្លាប់។ លោក មិនបានបញ្ជាក់ឲ្យច្បាស់ឡើយ បុរសនោះ លួចចេញទៅទិញថ្នាំខ្លួនឯង ឬក៏ឲ្យអ្នកដទៃ ទិញឲ្យ។ លោក សន្និដ្ឋានម្យ៉ាងទៀតថា បុរសនោះ ក៏អាចស្លាប់ដោយសារគាំងបេះដូងដែរ។

លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បួងឃ្មុំ ប្រាប់សារព័ត៌ថ្មីៗតាមទូរស័ព្ទថា លោក ទទួលបានព័ត៌មានពីករណីស្លាប់របស់បុរសនោះ នៅម៉ោងប្រមាណ៨យប់មិញ (ថ្ងៃ២២កក្កដា)។ លោក មិនទាន់ដឹងច្បាស់ឡើយថា បុរសនោះស្លាប់ដោយសារតែលេបថ្នាំច្រឡំឬគាំងបេះដូង ឬមួយក៏មកពីមូលហេតុអ្វីផ្សេង។

លោក បន្តថា ក្រុមគ្រូពេទ្យជំនាញ បានចុះទៅពិនិត្យផ្ទាល់ ដើម្បីរកមូលហេតុពិតនៃការស្លាប់របស់បុរសនោះ។ លោក បន្ថែមថា លើសពីនេះ ក្រុមគ្រូពេទ្យ បានយកសំណាករបស់បុរសនោះ ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងរាជធានីភ្នំពេញ ដើម្បីដឹងថា គាត់ មានមេរោគកូវីដ-១៩ ឬក៏អត់ ហើយក៏ដើម្បីដឹងថា គាត់ មានជំងឺអ្វីផ្សេងដែរ ដែលបណ្តាលឲ្យស្លាប់។

លោកអភិបាល ថ្លែងថា៖«យើង យកសំណាកគាត់ទៅធ្វើតេស្តនៅប៉ាស្ទ័រ ចង់ដឹងឲ្យជាក់លាក់ថាមកពីមូលហេតុអី»។ យ៉ាងណា លទ្ធផលនៃការធ្វើតេស្តលើសំណាកបុរសនោះ មិនទាន់ចេញនោះទេ។ 

សារព័ត៌មានថ្មីៗ បានផ្ញើសំណួរពីករណីនេះ ទៅកាន់អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល តាមបណ្តាញទំនាក់ទំនងតេឡេក្រាម ប៉ុន្តែអ្នកស្រី មិនទាន់ឆ្លើយតប។

គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ១៩៨នាក់ហើយ ដោយបានជាសះស្បើយវិញ១៤២នាក់ ខណៈ៥៦នាក់ទៀត កំពុងបន្តសម្រាកព្យាបាល។

ទាំងប្រមុខរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានអំពាវនាវជាញឹកញាប់ឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ននឹងជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេប្រហែសឡើយ៕

Tag:
 COVID-19
  ស្លាប់ពេលធ្វើចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com