ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជាកំពុងនាំចេញអង្ករ និងចេកអំបូងលឿង ទៅប្រទេសចិន ហើយក៏បានត្រៀមខ្លួនជាស្រេច ក្នុងការនាំចេញផ្លែស្វាយកែវរមៀត ជាផ្លូវការទៅទីផ្សារពិភពលោកដ៏ធំមួយនេះ នៅដើមឆ្នាំ២០២១ ផងដែរ។ បន្ទាប់ពីបាននាំចេញផ្លែស្វាយទៅទីផ្សារចិនហើយនោះ កម្ពុជាក៏មានផលិតផលកសិកម្មចំនួន៧មុខទៀតដែលជាដំណាំអាទិភាព និងសក្កានុពលខ្ពស់ សម្រាប់នាំចេញជាបន្តបន្ទាប់។ ដំណាំទាំង៧មុខនោះ មានផ្លែមៀនប៉ៃលិន ម្រេច ទុរេន ដូងក្រអូប ស្រការនាគ ខ្នុរ និងគ្រាប់ពោតក្រហម។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី«វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៦សីហា ឆ្នាំ២០២០ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ដំណាំអាទិភាពខាងលើនេះ កម្ពុជាបានបញ្ជូនឯកសារពាក់ព័ន្ធនានា ផ្ញើទៅអគ្គរដ្ឋបាលគយនៃប្រទេសចិន រួចរាល់អស់ហើយ ដោយនៅតែរង់ចាំមន្ត្រីបច្ចេកទេសផ្នែកភូតគាមអនាម័យ និងអនាម័យភាគីចិន មកត្រួតពិនិត្យបច្ចេកទេសដាំដុះ វេចខ្ចប់ រក្សាទុក នៅកម្ពុជា ប៉ុណ្ណោះ។
បើតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ ក្រោយពីកម្ពុជាបាននាំចេញផ្លែស្វាយទៅចិនភ្លាម ហើយនៅពេលដែលមៀនប៉ៃលិនចាប់ផ្តើមប្រមូលផល នោះភាគីចិននឹងចុះមកត្រួតពិនិត្យវាយតម្លៃលើគុណភាព សុវត្ថិភាព និងអនាម័យ ហើយនឹងនាំចេញបាននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កំពុងថ្លែងក្នុងសន្និសីទកាសែតស្តីពី««វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៦សីហា ឆ្នាំ២០២០។
«ទន្ទឹមនឹងគ្នានេះ យើងកំពុងតែចរចា[ជាមួយភាគីចិនដើម្បីនាំចេញ] ហើយយើងបានការសិក្សារួចជាស្រេចនោះ គឺដំណាំម្រេច និងទឹកមាត់ត្រចៀកកាំ។ ព្រោះយើងដឹងថា ម្រេចជាដំណាំមួយប្រភេទ ដែលប្រទេសចិនត្រូវការ»។ នេះជាការលើកឡើងរបស់លោក ងិន ឆាយ ដោយអះអាងថា៖« បន្ទាប់ពីមៀនប៉ៃលិន យើងអាច [នាំចេញម្រេច និងទឹកមាត់ត្រចៀកកាំទៅទីផ្សារប្រទេសចិន] បាន។ ទឹកមាត់ត្រចៀកកាំ និងម្រេច គឺយើងបានត្រៀមឯកសាររួចហើយ ដោយនៅចាំតែមៀនប៉ៃលិន ចាប់ផ្តើមចុះហត្ថលេខាប្រូត្រកូលបច្ចេកទេសជាមួយភាគីចិនហើយភ្លាម យើងនឹងដាក់ទឹកមាត់ត្រចៀកកាំ និងម្រេច ទៅភ្លាម ដើម្បីសុំការអនុញ្ញាតនាំចេញ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរូបនេះ បន្តថា បន្ទាប់ពីម្រេច និងទឹកមាត់ត្រចៀកកាំនាំទៅចិនបានហើយ នោះ កម្ពុជា នឹងពិចារណានាំចេញផ្លែទុរេន ផ្លែដូងក្រអូប ផ្លែស្រការនាគ ផ្លែខ្នុល និងគ្រាប់ក្រហម។ លោក ងិន ឆាយ បានបញ្ជាក់ថា ដំណាំដែលកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតស្នើនាំចូលទីផ្សារចិន គឺអនុវត្តឡើងតាមនិតិវិធីម្តងមួយមុខៗ ឬម្តងមួយប្រភេទៗ ជាជំហានបន្តបន្ទាប់គ្នា ដោយភាគីចិនមិនអនុម័ត ឬអនុញ្ញាតឱ្យកម្ពុជា នាំចូលទៅទីផ្សារជាកញ្ចប់ ឬនាំចូលមុខកសិផល២ទៅ៣ប្រភេទព្រមគ្នាឡើយ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវ និងលើកឡើងដល់ប្រជាកសិករឬម្ចាស់កសិដ្ឋានទាំងអស់ដែលដាំដំណាំពាក់ព័ន្ធខាងលើនេះ មានបំណងចង់នាំចេញទៅទីផ្សារអន្តរជាតិអន្តរជាតិ ពិសេសទីផ្សារប្រទេសចិននោះ គឺត្រូវមកចុះបញ្ជីនៅក្រសួងកសិកម្ម ហើយត្រូវអនុវត្តបច្ចេកទេសដាំដុះដំណាំនីមួយឱ្យត្រូវស្តង់ដារគុណភាព និងអនាម័យ ដោយគោរពតាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីធានាការនាំចេញរបស់កម្ពុជា ប្រកបដោយនិរន្តរ៍ភាព។
ក្នុងរយៈពេល៧ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិបានជិត២,៧លានតោន។
ផលិតផលកសិកម្មសំខាន់ៗដែលកម្ពុជាបាននាំចេញនោះ មាន អង្ករជិត៤៣ម៉ឺនតោន, ដំឡូងមីជាង១,៥លានតោន, គ្រាប់ស្វាយចន្ទី ជិត២០ម៉ឺនតោន, គ្រាប់ពោតជាង១៤ម៉ឺនតោន, ចេកស្រស់ជិត១៧ម៉ឺនតោន, ផ្លែស្វាយជិត៥ម៉ឺនតោន, ដូងប្រេងជាង៣ម៉ឺនតោន, ម្ទេសស្រស់ជាង៤ម៉ឺនតោន និងផលិតផលកសិកម្មផ្សេងៗទៀត។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម៕