ជាតិ
រកឃើញ​ផូស៊ីល​ខ្យង ដែលមាន​អាយុ​រយ​លាន​ឆ្នាំ​នៅ​ល្អាង​ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​
09, Sep 2020 , 10:59 pm        
រូបភាព
ដោយ:
​ក្រុម​អ្នកជំនាញ​នៃ​ក្រសួងបរិស្ថាន បាន​ប្រទះឃើញ​ផូស៊ីល​ខ្យង នៅ​ចំណុច​ល្អាង​ភ្នំ​ប្រាំពីរ និង​ចំណុច​រណ្ដៅ​ចិន​កាយ​ដី ស្ថិតក្នុង​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ បើតាម​កា​រស​ន្ឋិ​ដ្ឋា​ន​ថា ផូស៊ីល ស្ថិតក្នុង​សម័យកាល Permian នៃ​ស័ក​ទី​១ ដែលមាន​អាយុ​រាប់រយ​លាន​ឆ្នាំ​ទៅហើយ​។​
 
​ផូស៊ីល​ខ្យង ដ៏​ចំណាស់​នេះ ត្រូវបាន​រកឃើញ​កាលពី​អំ​ឡុងចុង​សប្តាហ៍​មុន ក្រោយ​ពេលដែល​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​យ៉ាង​ល្អិន​ល្អន់ មុននឹង​ធ្វើ​កំណាយ​យ៉ាង​ល្អិតល្អន់​នៅ​តំបន់​ល្អាង​ភ្នំ​ប្រាំពីរ និង​ចំណុច​រណ្ដៅ​ចិន​កាយ​ដី ស្ថិតក្នុង​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
 
​លោក លឹម វណ្ណ​ច័ន្ទ នៃ​ក្រុមការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន បាន​ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​ថា​ផ្អែកទៅលើ​ភាគសំណាក​នៃ​កំណាយ មន្ត្រី​ជំនាញ​សន្និដ្ឋានបានថា ផូស៊ីល​នេះ ស្ថិតក្នុង​សម័យកាល Permian នៃ​ស័ក​ទី​១​។ តាម​ភូ​កោ​ភូ​គ​ព្ភ​កាលបរិច្ឆេទ បង្ហាញ Permian Period មាន​អាយុកាល​ចន្លោះ​ពី​២៩៨.៩​លាន​ឆ្នាំ ទៅ​២៥២.២​លាន​ឆ្នាំមុន​។​


 
​លោក វណ្ណ​ច័ន្ទ បន្ថែមថា​៖«​ក្រុមការងារ​បានសម្រេច​ចុះមក​ធ្វើ​កំណាយ​នៅ​តំបន់ភ្នំ​បាណន់ ភ្នំ​សំពៅ និង​ភ្នំព្រឹក ព្រោះ​ទីតាំង​ទាំងអស់​សម្បូរ​ទៅដោយ​ថ្មកំបោរ ដែល​អាច​បន្សល់ទុក​នូវ​ផូស៊ីល​សត្វ​ផ្សេងៗ​ជាច្រើន​។ មកដល់​ថ្ងៃទី​៥ ខែកញ្ញា មន្ត្រី​ជំនាញ បាន​រកឃើញ​ផូស៊ីល​ខ្យង នៅ​ចំណុច​ល្អាង​ប្រាំពីរ និង​សន្និដ្ឋានថា វា​អាចមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ ដោយ​ប្រៀបធៀប​ទៅនឹង​អាយុ​នៃ​សំណាក​ដែល​បាន​កាយ​នោះ​»​។​
 
​មន្ត្រី​ជំនាញ​រូបនេះ​បន្តថា ក្រុមការងារ​សិក្សា​ផូស៊ីល នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ ចាប់ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន រយៈពេល​២​ឆ្នាំ​មកហើយ​។ កាលពី​ឆ្នាំ​២០១៩​កន្លងទៅ ក្រុមការងារ​នេះ​បាន​ចុះទៅពិនិត្យ និង​សិក្សា​អំពី​ផូស៊ីល នៅ​ទីតាំង​ចំនួន​១១ តាម​បណ្ដា​ខេត្ត​នានា​ដូចជា ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង រតនគិរី និង​មណ្ឌលគិរី​។ 


 
​គួររំឭកថា កន្លងមក លោក លឹម វណ្ណ​ច័ន្ទ ធ្លាប់បាន​រកឃើញ​ផូស៊ីល​ត្រី​ម្ដង​រួចមកហើយ នៅ​ភ្នំ​ស្វាយ ខេត្តបន្ទាយមានជ័យ កាលពី​ឆ្នាំ​២០១៩​។ សំណាក​ត្រី ដែល​រកឃើញ​នោះ នៅសល់តែ​ផ្នែក​ក្បាល​ដែលមាន​ភ្នែក​និង​ព្រុយ និង​ផ្នែក​កណ្ដាល​នៃ​ដងខ្លួន ដែល​អាច​មើលឃើញ​ពណ៌​ក្រហម ហើយ​វា​មាន​ទំហំ​៣​សង់ទីម៉ែត្រ និង​បណ្ដោយ​៨​សង់ទីម៉ែត្រ​។ ក្រៅតែពី​ផូស៊ីល​ត្រី​នេះ សំណាក​នេះ ក៏​នៅមាន​ផូស៊ីល​សត្វ​ផ្សេងៗ​ទៀត​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com