ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ត្រូវបានរៀបចំឡើងរៀងរាល់៤ឆ្នាំម្ដងនៅក្នុងខែវិច្ឆកា ។ អាណត្តិនេះ នឹងរៀបចំឡើងនាថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាការប្រកួតប្រជែងរវាងលោក ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ និងលោក ចូ បៃឌិន មកពីបក្សប្រជាធិបតេយ្យ។ តើប្រព័ន្ធបោះឆ្នោតប្រធានាធិបតីអាមេរិកដំណើរការយ៉ាងដូចម្ដេច?
មួយឆ្នាំនៅមុនការបោះឆ្នោត បេក្ខជនមកពីបក្សនយោបាយសំខាន់ទាំងពីរ រួមមាន ប្រជាធិបតេយ្យ និងសាធារណរដ្ឋ ចាប់ផ្ដើមធ្វើយុទ្ធនាការរកសំឡេងឆ្នោតដោយផ្សព្វផ្សាយគោលនយោបាយខ្លួន និងរៃអង្គាសប្រាក់ឧបត្ថម្ភសម្រាប់យុទ្ធនាការនេះ។
ខណៈការបោះឆ្នោតខិតចូលមកដល់ បេក្ខជនឈានមុខក្នុងចំណោមបក្សទាំងពីរ ត្រូវបានបោះឆ្នោតក្នុងចំណោមផ្ទៃក្នុងបក្សរៀងៗខ្លួនដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីតំណាងបក្ស។ ក្រោយមក បក្សទាំងពីរ នឹងរៀបចំសន្និបាតជាតិមួយដើម្បីប្រកាសឈ្មោះបេក្ខជនប្រធានាធិបតី ដែលពួកគេតែងតាំងរួច។ ហើយបេក្ខជនប្រធានាធិបតីរូបនោះ ក៏នឹងជ្រើសរើសបេក្ខជនអនុប្រធានាធិបតីក្នុងពិធីនេះផងដែរ។
យ៉ាងណា យុទ្ធនាការរកសំឡេងឆ្នោតរបស់បេក្ខជនប្រធានាធិបតីបក្សទាំងពីរ នៅតែអនុវត្តបន្ត ខណៈកាលបរិច្ឆេទសម្រាប់ការតស៊ូមតិប្រធានាធិបតី ក៏កំពុងរៀបចំរួចរាល់ផងដែរ។ នៅក្នុងការតស៊ូមតិនយោបាយនេះ បេក្ខជនប្រធានាធិបតីទាំងពីរ នឹងត្រូវឆ្លើយនឹងសំណួរពិបាកៗពាក់ព័ន្ធនឹងគោលនយោបាយពួកគេ ក៏ដូចជាថ្លែងការពារជំហរខ្លួនលើបញ្ហារបស់ប្រទេស និងស្វះស្វែងរកយុទ្ធសាស្ត្រវាយប្រហារលើគោលនយោបាយគូប្រជែងខ្លួនផងដែរ។
នៅថ្ងៃបោះឆ្នោត ប្រធានាធិបតី និងអនុប្រធានាធិបតី ពុំត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្ទាល់ពីសំណាក់ប្រជាជនអាមេរិកនោះទេ (Popular Vote)។ ជំនួសមកវិញ តំណែងកំពូលទាំងពីរនេះ នឹងត្រូវជ្រើសរើសដោយប្រតិភូតំណាង ឬជាភាសាអង់គ្លេសហៅថា Elector តាមរយៈ ប្រព័ន្ធបោះឆ្នោតដែលពឹងផ្អែកលើក្រុមប្រតិភូតំណាង ឬជាភាសាអង់គ្លេសហៅថា « Electoral College»។ ដំណើរការនេះ គឺមានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរិក។
តើប្រព័ន្ធ Electoral College ដំណើរការយ៉ាងដូចម្ដេច?
ក្រោយប្រជាជនអាមេរិកបោះឆ្នោតសម្រាប់បេក្ខជនប្រធានាធិបតីដែលពួកគេពេញចិត្ត នៅតាមមណ្ឌលពួកគេរួចរាល់ សន្លឹកឆ្នោតទាំងនេះត្រូវបានរាប់តាមរដ្ឋពួកគេរៀងៗខ្លួន។ សម្រាប់អាមេរិកចំនួន៤៨ បូកនឹងរដ្ឋធានីវ៉ាស៊ីនតោន បេក្ខជនដែលមានសំឡេងច្រើនជាងគេ នឹងកើបយកសំឡេងឆ្នោតពីប្រតិភូទាំងអស់តែម្ដងនៅក្នុងរដ្ឋដែលខ្លួនឈ្នះនោះ។ ដោយឡែក រដ្ឋ Maine និង Nebraska ចាត់ចែងចំនួនប្រតិភូ តាមរយៈប្រព័ន្ធសមាមាត្រទៅតាមសំឡេងឆ្នោតដែលទទួលបាន។
រដ្ឋអាមេរិកនីមួយៗ មានចំនួនប្រតិភូ ស្មើនឹងចំនួនសមាជិកសភាអាមេរិកទាំងពីរ (បូកទាំងសភាតំណាង និងព្រឹទ្ធសភា) ដែលរដ្ឋខ្លួនមាន ។ ជាឧទាហរណ៍ រដ្ឋកាលីហ្វ័រនីញ៉ាមាន ប្រតិភូរហូតដល់ ៥៥ នាក់ ដែលច្រើនជាងបង្អស់ ដោយតាមពីក្រោយដោយរដ្ឋ Texas មានប្រតិភូ សរុប ៣៨នាក់ ហើយទីក្រុង ញូវយ៉ក មាន២៩នាក់។ ទាំងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ សុទ្ធតែមានបេក្ខជនប្រតិភូតំណាងបក្សខ្លួន។
ឧទាហរណ៍ រដ្ឋកាលីហ្វ័រនីញ៉ា មានចំនួនប្រតិភូសរុប ៥៥នាក់។ បើលោក ត្រាំ មានសំឡេងច្រើនជាងលោក បៃឌិន ក្នុងរដ្ឋនេះ លោក ត្រាំ នឹងទទួលបានប្រតិភូទាំង៥៥នាក់តែម្ដង។
បេក្ខជនប្រធានាធិបតីអាមេរិក ត្រូវការសំឡេងឆ្នោតយ៉ាងតិច ២៧០ សន្លឹកពីប្រតិភូដែលស្មើជាងពាក់កណ្ដាលនៃប្រតិភូសរុប (៥៣៨នាក់) ដើម្បីឈ្នះការបោះឆ្នោតអាមេរិក។ ជាធម្មតា លទ្ធផលឈ្នះចាញ់បានប្រកាសនាយប់ថ្ងៃបោះឆ្នោត ក្នុងខែវិច្ឆិកា ក្រោយប្រជាជនបោះឆ្នោតចប់រួចរាល់។ ក៏ប៉ុន្តែ ការបោះឆ្នោតតាមរយៈប្រព័ន្ធប្រតិភូតំណាង ជាក់ស្ដែង រៀបចំឡើងនៅពាក់កណ្ដាលខែធ្នូ នៅពេលក្រុម ប្រតិភូជួបគ្នាក្នុងរដ្ឋពួកគេរៀងៗខ្លួន។
ក៏មានករណីពិសេសផងដែរ គឺនៅពេលដែលបេក្ខជនប្រធានាធិបតីឈ្នះការបោះឆ្នោតតាមប្រព័ន្ធប្រតិភូតំណាង តែចាញ់ការបោះឆ្នោតសាកលក្នុងចំណោមប្រជាជនអាមេរិក។ ករណីបែបនេះនេះបានកើតឡើងចុងក្រោយនៅក្នុងឆ្នាំ២០១៦ រវាងលោក ដូណាល់ ត្រាំ និងអ្នកស្រី ហ៊ីឡារី គ្លីនតុន។ កាលនោះ ក្នុងការបោះឆ្នោតជាសាកលទូទាំងសហរដ្ឋអាមេរិក អ្នកស្រី គ្លីនតុន បានទទួលសំឡេងគាំទ្រច្រើនជាងលោក ត្រាំ។ ប៉ុន្តែបញ្ហានៅត្រង់ថា លោក ត្រាំ ទទួលបានសំឡេងពីប្រតិភូតំណាងច្រើនជាងអ្នកស្រី គ្លីនតុន។
ម្យ៉ាងទៀត ប្រសិនបើគ្មានបេក្ខជនប្រធានាធិបតីណា ទទួលបានសំឡេងភាគច្រើនតាមរយៈការបោះឆ្នោតតាមប្រព័ន្ធប្រតិភូតំណាងទេ ការបោះឆ្នោតនឹងធ្លាក់ទៅដល់ដៃសភាតំណាងអាមេរិក។ នៅទីនោះ សមាជិកសភាតំណាងអាមេរិក នឹងជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីក្នុងចំណោមបេក្ខជនកំពូល៣នាក់។ ចំណែក ព្រឹទ្ធសភា នឹងបោះឆ្នោតជ្រើសរើសអនុប្រធានាធិបតីអាមេរិកថ្មីក្នុងចំណោមបេក្ខជនកំពូល២នាក់។ ករណីនេះកើតឡើងម្ដងប៉ុណ្ណោះ ដោយក្នុងឆ្នាំ១៩៨៤ សភាតំណាងអាមេរិក បានបោះឆ្នោតរើសលោក John Quincy Adams ជាប្រធានាធិបតី៕