ក្រសួងការបរទេសចិន នៅថ្ងៃទី១៧ កញ្ញានេះ បានតវ៉ាទៅនឹងដំណើរទស្សនកិច្ចរបស់ លោកKeith Krach អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ដែលធ្វើដំណើរទៅតៃវ៉ាន់ ដើម្បីចូលរួមពិធីរំលឹកសពអតីតប្រធានាធិបតីតៃវ៉ាន់លោកLee Teng-hui។ លោក Keith Krach គឺជាមន្ត្រីការទូតជាន់ខ្ពស់អាមរិក ដែលមកបំពេញទស្សនកិច្ច នៅតៃវ៉ាន់ប៉ុន្មានខែចុងក្រោយនេះ។
លោក Keith Krach អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន នឹងបំពេញដំណើរទស្សនកិច្ចនៅតៃវ៉ាន់ នៅថ្ងៃទី១៩ ខែកញ្ញា ដើម្បីចូលរួមពិធីរំលឹកសពអតីតប្រធានាធិបតីតៃវ៉ាន់លោកLee Teng-hui អតីតប្រធានាធិបតីតៃវ៉ាន់ ដែលឡើងកាន់អំណាចដោយប្រជាធិបតេយ្យពីឆ្នាំ១៩៨៨ ដល់ឆ្នាំ ២០០០។
យោងតាមរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក Krach អមដំណើរដោយលោក Robert Destro ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស នឹងពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។លោក ក៏បញ្ជាក់ផងដែរថា នេះជាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ចាប់តាំងពីការផ្តាច់ទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ ១៩៧៩។
ចំណែកឯ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានបន្ថែមថាភាគីទាំងពីរសង្ឃឹមថានឹងមានការពិភាក្សា ក៏ដូចជាផ្តោះប្តូរបន្ថែមទៀតដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ ដែលរួមមានសេដ្ឋកិច្ច ក្នុងដំណើរទស្សនកិច្ចរបស់អនុរដ្ឋលេខាធិការអាមេរិករូបនេះ។
ពីខាងអាមេរិកវិញ លោកស្រីMorgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក និយាយក្នុងសេចក្តីថ្លែងការថា អាមេរិកផ្តល់កិត្តិយកដល់មរតក លោក Lee អតីតប្រធានាធិបតីតៃវ៉ាន់ ដោយបន្តនូវទំនាក់ទំនងយ៉ាងរឹងម៉ាំជាមួយតៃវ៉ាន់ និងរបបប្រជាធិបតេយ្យយ៉ាងរស់រវើកតាមរយៈតម្លៃសេដ្ឋកិច្ច និងនយោបាយរួមគ្នា។
លោក Lee អតីតប្រធានាធិបតីតៃវ៉ាន់ គឺជាបិតាប្រជាធិបតេយ្យតៃវ៉ាន់ ដែលទាញកោះនេះចេញពីរបបផ្តាច់ការ និងធ្វើឲ្យចិនក្តៅក្រហាយ ដោយសារគោលនយោបាយការបរទេសរបស់លោក ដែលជំរុញឲ្យប្រទេសដទៃទទួលស្គាល់តៃវ៉ាន់ជារដ្ឋអធិបតេយ្យ។
ចិន ដែលកំពុងតែមានទំនាក់ទំនងអាប់អួរជាមួយអាមេរិក តែងតែប្រឆាំង និងព្រមានអាមេរិកចំពោះដំណើរទស្សនិកិច្ចផ្លូវការរវាងតៃវ៉ាន់ និងអាមេរិក។ ចិន តែងតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងគំរាមជារឿងថានឹងប្រើកម្លាំងយោធាដើម្បីកាន់កាប់វិញបើសិនជាចាំបាច់។ ការប្រឆាំងទៅនឹងទស្សនកិច្ចនេះ មានបំណងកុំឲ្យប្រទេសដទៃទៀត ជាពិសេសអាមេរិកទទួលស្គាល់តៃវ៉ាន់ ក៏ដូចជាទុកឲ្យកូនកោះនេះកាន់តែឯកោជាងមុន។
កាលពីថ្ងៃទី១០ ខែសីហា អាមេរិកបានបញ្ជូនលោក Alex Azar រដ្ឋមន្ត្រីសុខាភិបាល និងសេវាកម្មប្រជាជនអាមេរិក ដោយដឹកនាំគណៈប្រតិភូក្នុងទស្សនកិច្ចកម្រិតខ្ពស់មួយនេះកោះតៃវ៉ាន់។លោក Azar ជារដ្ឋមន្ត្រីអាមេរិកទីមួយទៅតៃវ៉ាន់តាំងពីឆ្នាំ២០០០មក។ឆ្នាំនោះ រដ្ឋមន្ត្រីដឹកជញ្ជូន ក្រោមអាណត្តិរបស់អតីតប្រធានាធិបតី ប៊ីល គ្លីនតុន បានទៅតៃវ៉ាន់។
នៅឆ្នាំ២០១៤ ក្រោមរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា អាមេរិកបានបញ្ជូនប្រធានភ្នាក់ងារការពារបរិស្ថានដែលមានឋានៈស្មើរដ្ឋមន្ត្រីទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ដែរ។