COVID-19
ជាតិ
រដ្ឋាភិបាលនឹងសង់មន្ទីរពិសោធន៍ធ្វើតេស្តកូវីដ-១៩ ក្នុងខេត្តសៀមរាប
26, Sep 2020 , 10:16 am        
រូបភាព
រដ្ឋមន្រ្តីក្រសួងសុខាភិបាល អភិបាលខេត្តសៀមរាប និងក្រុមការងារពេលចុះពិនិត្យទីតាំងសង់អគារមន្ទីរពិសោធន៍។(រូបភាពមន្ទីរសុខាភិបាលខេត្តសៀមរាប)
រដ្ឋមន្រ្តីក្រសួងសុខាភិបាល អភិបាលខេត្តសៀមរាប និងក្រុមការងារពេលចុះពិនិត្យទីតាំងសង់អគារមន្ទីរពិសោធន៍។(រូបភាពមន្ទីរសុខាភិបាលខេត្តសៀមរាប)
សៀមរាប៖ ខេត្តសៀមរាប ជាគោលដៅមួយដែលរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសសម្រាប់សង់អគារពិសោធន៍ធ្វើតេស្ដរកជំងឺកូវីដ១៩។ អគារនេះ គ្រោងសង់នាពេលឆាប់ៗខាងមុខនេះ ដោយចំណាយថវិកាចំនួន ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
 
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចុះពិនិត្យទីតាំងដើម្បីសង់អគារនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅរសៀលថ្ងៃទី២៤ កញ្ញា ដែលលោកប្រាប់អ្នកសារព័ត៌មានថា អគារមន្ទីរពិសោធន៍ខាងលើនេះ អាចមានសមត្ថភាពរកមេរោគកូរ៉ូណាបានឆាប់រហ័ស។ បច្ចុប្បន្ន មន្ទីរពិសោធន៍ជំងឺកូវីដ១៩បានរៀបចំជាបណ្ដោះអាសន្ន និងខ្នាតតូចនៅក្នុងបន្ទប់នៃមន្ទីរពេទ្យបង្អែកខេត្ត ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីចុងខែ កក្កដា កន្លងទៅ។
 
លោក ម៉ម ប៊ុនហេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖«ឥឡូវនេះរដ្ឋាភិបាលកម្ពុជាបានគ្រោងចំណាយថវិកាចំនួន៣០ម៉ឺនដុល្លា សម្រាប់សាងសង់អគារមន្ទីពិសោធន៍ធ្វើតេស្ដរកមេរោគនៃកូវីដ-១៩ថ្មីមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប  ហើយអាចធ្វើតេស្ដបានលឿន និងច្រើននាក់ក្នុងមួយថ្ងៃៗ»។ បើតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តី ក្រសួងបានត្រៀមបំពាក់នូវម៉ាស៊ីនពិសោធន៍ PRC ឱ្យមានលក្ខណៈជាមន្ទីរពិសោធន៍ស្តង់ដារ ក្នុងការពិនិត្យធ្វើតេស្ដរកមេរោគកូវីដ-១៩ និងរកមេរោគនៃជំងឺឆ្លងផ្សេងៗទៀតផងដែរ។ 
 
គួរបញ្ជាក់ថា ក្រៅពីខេត្តសៀមរាប រាជរដ្ឋាភិបាលក៏គ្រោងសាងសង់នូវអគារពិសោធន៍ខាងលលើនេះ នៅតំបន់មួយចំនួន មានខេត្តបាត់ដំបង និងខេត្តព្រះសីហនុ៕
 
 
 
 
 

Tag:
 មន្ទីរពិសោធន៍តេស្ដកូវីដ-១៩
 សៀមរាប
 ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com