ជាតិ
ថ្មប្រាសាទដែលមានគុណភាពល្អលេខ១គឺបន្ទាយស្រី លេខ២អង្គរវត្ត លេខ៣តាកែវ...
26, Sep 2020 , 7:59 pm        
រូបភាព
សៀមរាប៖ សំណង់ស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ ត្រូវបានសាងសង់ឡើងពីថ្មចំនួន២ប្រភេទ គឺថ្មភក់ និងថ្មបាយក្រៀម។ សំណង់ថ្មភក់ ត្រូវបានចាត់ទុកថាជាថ្មដែលមានភាពធន់នឹងអាកាសធាតុ មាំជាងសំណង់ប្រាសាទដែលសង់ពីថ្មបាយក្រៀម ដែលងាយពុកផុយ។ ក្នុងប្រភេទថ្មភក់នេះទៀតសោត មានបែងចែកជាប្រភេទថ្មដែលមានគុណភាពល្អ និងគុណភាពអន់។ តាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញ បានរកឃើញថា ថ្មប្រាសាទដែលមានគុណភាពល្អជាងគេ គឺថ្មភក់ពណ៌ផ្កាឈូកនៃប្រាសាទបន្ទាយស្រី លេខ២គឺថ្មនៅប្រាសាទអង្គរវត្ត លេខ៣ថ្មប្រាសាទតាកែវ និងបន្ទាប់មកគឺថ្មប្រាសាទទូទៅ។
 
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរាពន្យល់បន្ថែមពីប្រភេទថ្មនៅតាមប្រាសាទយ៉ាងដូច្នេះថា ព្រះមហាក្សត្រខ្មែរដែលកសាងប្រាសាទ គឺបានគិតគូរវែងឆ្ងាយ និងមិនមែនចេះតែយកថ្មមកធ្វើនោះឡើយ។ លោកបន្ថែមថា ថ្មដែលធ្វើប្រាសាទ និងរូបចម្លាក់ ក៏ប្រភេទខុសគ្នា។ លោក សុខរិទ្ធី ពន្យល់៖« ចាស់បុរាណយើង មិនមែនយកថ្ម (ចេះតែយកៗមកទេ) ថ្មដែលយកមកធ្វើសំណង់ស្ថាបត្យកម្មខាងក្រៅជាប្រភេទថ្មធម្មតា ហើយថ្មទាំងនោះខុសពីថ្មដែលយកមកធ្វើព្រះ ថ្មធ្វើព្រះធ្វើរូបចម្លាក់ខុសពីថ្មប្រាសាទ ហើយបើក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧វិញ គឺសម័យបាយ័នវិញ អាហ្នឹងកាន់តែណាស់ទៀត (មានច្បាប់ចែងថា) រាល់ចម្លាក់ទាំងអស់ធ្វើពីថ្មតែមួយមុខគត់ ទូទាំងចក្រភព»៕
 
សូមស្ដាប់ការលើកឡើងរបស់លោក អ៊ឹម សុខរិទ្ធី ក្នុងកម្មវិធីបណ្ដុះបណ្ដាលភ្នាក់ងារទេសចរណ៍នៅប្រាសាទអង្គរវត្ត នៅដើមខែ កញ្ញា កន្លងទៅ


 

ប្រាសាទ​តាកែវ ក្នុងខេត្តសៀមរាប


 ប្រាសាទបន្ទាយស្រី


ប្រាសាទអង្គរវត្ត
 
 
 

Tag:
 ថ្មប្រាសាទ
  ស្ថាបត្យកម្ម
  ប្រាសាទបន្ទាយស្រី
  អង្គរវត្ត
  ប្រាសាទតាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com