ជាតិ
សង្គមជាតិ
ទឹកជំនន់​៖ រថយន្ត​ធុន​ធំ​គ្រប់ប្រ​ភេទ ត្រូវបាន​ផ្អាក​មិន​ឲ្យ​បើក​ចូល​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​
11, Oct 2020 , 3:21 pm        
រូបភាព
ស្ពាន​នៅខេត្ត​បាត់ដំបង​ត្រូវបានខូចខាតដោយសារជំនន់ទឹក​ភ្លៀង រូបភាពពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​បាត់ដំបង​
ស្ពាន​នៅខេត្ត​បាត់ដំបង​ត្រូវបានខូចខាតដោយសារជំនន់ទឹក​ភ្លៀង រូបភាពពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​បាត់ដំបង​
ដោយ:
​ភ្នំពេញ​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង និង រដ្ឋបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ បានប្រកាស​រួមគ្នា​ឲ្យ​ផ្អាក​រថយន្ត​ធុន​ធំ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ដែល​រងគ្រោះ ក្នុង​ខេត្ត​ទាំង​២​នេះ ដោយ​ទឹកជំនន់​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ការពារ​សុវត្ថិភាព​អ្នកធ្វើដំណើរ​។ ថ្នាក់ដឹកនាំ​ខេត្ត​ទាំងពីរ​នេះ បញ្ជាក់ថា ទល់​តែ​ទឹកជំនន់​ស្រក​ទៅវិញ ទើប​អនុញ្ញាត​ឲ្យ​រថយន្ត​អាច​ឆ្លងកាត់​វិញ​បាន​។
 
​សេចក្តី​ជូន​ដំ​ណឺង​របស់​មន្ទីរ​សាធារណការ​ខេត្តបាត់ដំបង សរសេរថា​៖«​ដើម្បី​ការពារ​សុវត្ថិភាព​ធ្វើដំណើរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ជាយថាហេតុ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង សូម​ផ្អាក​បណ្តោះអាសន្ន​នូវ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទូទាំង​ខេត្តបាត់ដំបង ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ ហើយនឹង​បើក​ឲ្យ​ធ្វើចរាច​ណ៍​ឡើងវិញ​នូវ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ បន្ទាប់ពី​ស្ថានភាព​ទឹកជំនន់​ថយចុះ និង​ក្រោយ​ការជួយ​ជុល​រួចរាល់​»​។ 
 


ពលរដ្ឋ​កំពុងតែ​ធ្វើដំណើរ​​តាម​ផ្លូវ​ដែល​កំពុង​រងទឹក​ជំនន់​នៅខេត្ត​ពោធិ៍សាត់ រូបភាពពីមន្ទីរព័ត៌មានខេត្ត​ពោធិ៍សាត់

​ចំណែក សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ខេត្តពោធិ៍សាត់ សរសេរថា​៖«​ផ្អាក​ការធ្វើ​ចរាចរណ៍​ទាំងស្រុង ចំពោះ​រថយន្ត​ធុន​ធំ ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​សាជាថ្មី​»​។ 
 
​រដ្ឋបាលខេត្ត​ពោធិ៍សាត់​បាន​បញ្ជាក់ថា ភ្លៀង​ធ្លាក់​រយៈពេល​៦​ថ្ងៃ​កន្លងមកនេះ ធ្វើ​ផ្លូវថ្នល់​ក្នុង​ក្រុង និង​ស្រុក​ចំនួន​៥ រង​ការប៉ះពាល់ និង​លិចលង់ ជាពិសេស​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​គីឡូម៉ែត្រ​១៨៦ ដល់​គីឡូម៉ែត្រ​១៩៣​។ 
  
​លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ទឹកជំនន់​នៅ​ខាង​ស្រុក​សំឡូត និង​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង បាន​ស្រក​ខ្លះៗ​ហើយ នៅឡើយ​តែ​នៅ​ខាង​ស្ទឹង​សង្កែ​ទេ ដែល​កំពុងតែ​ឡើង​ក្នុង​កម្រិត​ប្រកាសអាសន្ន​ហើយ​។  
 
​បើតាម​លោក​អភិបាលរង​ខេត្ត​រូបនេះ ទឹកភ្លៀង​រយៈ​មួយ​សប្តាហ៍​កន្លងទៅនេះ បាន​បណ្តាល​ឲ្យ​ទឹក​នៅ​ខាង​ស្ទឹង​សង្កែ​ឡើង​ខ្ពស់ ដោយ​មិន​អនុញ្ញាត​ឲ្យ​យានយន្ត​ធ្វើដំណើរ​ឆ្លងកាត់​ឡើយ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​។ 
 
​លោក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ផ្លូវ​ណា​ដែល​នៅ​តំបន់​ទំនាប គឺ​លិច មិនអាច​ធ្វើចរាចរ​បា​ន​ឡើយ​។ ប៉ុន្តែ​បើ​ផ្លូវ​ណា​មិន​នៅ​តំបន់​ទំនាប គឺអាច​ធ្វើដំណើរ​បាន​។ ដូច្នេះ​ផ្លូវ​ខ្លះ​អត់​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ឡើយ​ព្រោះ​ខ្លាច​ខូច​ថ្នល់​។ ណាមួយ​ផ្លូវ​ដែល​នៅតាម​មាត់​ស្ទឹង​គឺ​មិន​ឲ្យ​ធ្វើចរាចរ​ឡើយ គឺ​ខ្លាច​គ្រោះថ្នាក់​»​។ 
 
​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ទាំង​អភិបាលខេត្ត និង​អាជ្ញាធរ​កំពុងតែ​ធ្វើ​អន្តរាគមន៍ និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​។ លោក បន្តថា បើកាលណា​ខេត្តបាត់ដំបង​មិនមាន​ភ្លៀង​ធ្លាក់​ទៀត​ទេ ទឹកជំនន់​នឹង​ឆាប់​ស្រក​ទៅវិញ​៕
 
 
 

Tag:
 ទឹកជំនន់​
 ​រថយន្ត​
 ​ចរាចរ
© រក្សាសិទ្ធិដោយ thmeythmey.com