ជាតិ
ទឹកជំនន់តាមបណ្តាស្រុកក្នុងខេត្តបាត់ដំបងចាប់ផ្តើមស្រកជាបណ្តើរៗហើយ
12, Oct 2020 , 11:11 am        
រូបភាព
លោកអភិបាលខេត្ត​បាត់ដំបង និងអាជ្ញាធរកំពុងតែ​នាំគ្នា​​ដាក់​បាវខ្សាច់ដើម្បី​ទប់ទឹកជំនន់​នៅតាមផ្ទះរបស់ពលរដ្ឋដែលរងគ្រោះទឹកជំនន់។ រូបភាពពីមន្ទីរព័ត៌មានខេត្តបាត់ដំបង
លោកអភិបាលខេត្ត​បាត់ដំបង និងអាជ្ញាធរកំពុងតែ​នាំគ្នា​​ដាក់​បាវខ្សាច់ដើម្បី​ទប់ទឹកជំនន់​នៅតាមផ្ទះរបស់ពលរដ្ឋដែលរងគ្រោះទឹកជំនន់។ រូបភាពពីមន្ទីរព័ត៌មានខេត្តបាត់ដំបង
ដោយ:
គិតត្រឹមថ្ងៃទី ១២ ខែតុលានេះ ទឹកជំនន់នៅតាមក្រុង-ស្រុកចំនួន៧ក្នុងខេត្តបាត់ដំបង ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង និងផ្លូវថ្នល់ ចាប់ផ្តើមស្រកជាបណ្តើរៗហើយ។ នេះបើតាមលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។


លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ទឹកជំនន់បានធ្វើឲ្យជន់លិចស្រុកក្រុងចំនួន១៤ ក្នុងខេត្តបាត់ដំបង ប៉ុន្តែមានតែ៧ក្រុងស្រុកដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺស្រុករុក្ខគិរី ស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកបវេល ស្រុកកំរៀង ស្រុកបាណន់ និងស្រុកសង្កែ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

បើតាមលោកអភិបាលរងខេត្ត រហូតមកដល់ថ្ងៃទី១២ ខែតុលានេះ ទឹកជំនន់នៅតាមក្រុងស្រុកទាំង៧នោះ គឺចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗហើយ។ លោក បានរៀបរាប់ដូច្នេះថា៖«ទឹកជំនន់នៅក្នុងក្រុងដែលត្រូវប្រកាសអាសន្នគឺ១៥ម៉ែត្រគឺលិចក្រុងទាំងមូលហើយ។ ប៉ុន្មានថ្ងៃមុនគឺឡើងដល់១៤,៣ម៉ែត្រ ប៉ុន្តែឥឡូវស្រកនៅ១៤ម៉ែត្រ»។

លោកបញ្ជាក់ថា ទឹកជំនន់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនោះ បានធ្វើឲ្យផ្ទះសម្បែងជិត២ពាន់ខ្នងត្រូវជន់លិច ក្នុងនោះមានពលរដ្ឋជិត២ពាន់គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងបណ្តាលឲ្យផ្លូវថ្នល់មួយចំនួនខូចខាត និងជន់លិច។ លោកមានប្រសាសន៍ថា៖«អភិបាលខេត្តបានជួយសង្រ្គោះពួកគាត់ យកមកស្នាក់នៅសាលារៀន ទីវត្តអារាម និងសត្វគោ ក្របីរបស់គាត់យកទៅដាក់នៅទីទួលសុវត្ថិភាព និងនៅទីខ្ពស់ៗ»។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាពអ្នកធ្វើដំណើរ ខាងអភិបាលខេត្តបានសម្រេចផ្អាកការធ្វើដំណើររបស់រថយន្តធុនធំឆ្លងកាត់ផ្លូវជាតិលេខ៥ ជាបណ្តោះអាសន្នសិន។ លោក បានប្រាប់ដូច្នេះថា៖«ផ្លូវជាតិលេខ៥ កន្លែងខ្លះទឹកហូរច្រោះខ្លាំងពេក វាដាច់ផ្លូវ ដូច្នេះយើងអត់ឲ្យឆ្លងកាត់ដោយសារយើងចង់ឲ្យទឹកហូរចូលទន្លេសាប។ យើងបិទពីបន្ទាយមានជ័យមក។ យើងទៅភ្នំពេញវិញតាមផ្លូវលេខ៦ និងលេខ៧វិញ»។

បើតាមលោកអភិបាលរងខេត្តរូបនេះ កាលពីថ្ងៃទី១១ ខែតុលា មានយុវជនមា្នក់អាយុ១៩ឆ្នាំដែលរស់នៅក្នុងស្រុកកោះក្រឡ បានស្លាប់ដោយសារលង់ទឹក នៅពេលចុះទៅបង់ត្រី ហើយរអិលជើងធ្លាក់ចូលទឹក ដោយបណ្តាលឲ្យទឹកកួចយកទៅ។ លោកបញ្ជាក់ថា ក្រុមគ្រួសាររបស់សាកសពបានយកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ៕


Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com