ភ្នំពេញ៖ ទឹកលិចនៅតាមបណ្តាខេត្តមួយចំនួនមិនត្រូវបានពលរដ្ឋស្តីបន្ទោសនរណាម្នាក់ឡើយ ព្រោះ ពួកគេគិតថា វាគឺជារឿងគ្រោះធម្មជាតិ ហើយប្រទេសផ្សេងមួយចំនួនក៏កំពុងរងគ្រោះនឹងបញ្ហានេះដូចគ្នាដែរ។ តែទឹកលិចផ្នែកខ្លះនៃរាជធានីភ្នំពេញនៅតែជារឿងរអ៊ូរទាំរបស់ពលរដ្ឋមួយចំនួននៅទីក្រុងភ្នំពេញ។ សំណាង និងសុធីរ បានឃើញការរអ៊ូរទាំរបស់ពលរដ្ឋនៅតាមបណ្តាញហ្វេសប៊ុកផង នៅតាមតៀមកាហ្វេផង និងនៅតាមសហគមន៍របស់ពួកគេផង។ ហេតុអ្វីផ្នែកខ្លះនៃភ្នំពេញនៅតែលិច នៅពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ?
សុធីរ៖ អា សំណាង! ម្សិលមិញធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ម៉ូតូអ្ហែងលិចទឹកឬទេ?
សំណាង៖ លើសពីលិច គឺម៉ូតូខូចតែម្តង ហើយអញចំណាយលុយជួសជុលអស់ច្រើនម៉ឺនរៀលថែមទៀតផង។
សុធីរ៖ ចុះផ្ទះវិញ?
សំណាង៖ អញចំណាយពេលជាង២ម៉ោងដើម្បីជិះទៅដល់ផ្ទះ ព្រោះផ្លូវមួយចំនួនលិចទឹក និងស្ទះចរាចរណ៍។ នៅដល់ផ្ទះ ផ្ទះលិចទឹកទៀត ព្រោះ ផ្លូវមុខផ្ទះអញវាខ្ពស់ជាងផ្ទះអញខ្លាំងពេក។
សុធីរ៖ អញឃើញគេជីកផ្លូវធ្វើលូហ្នឹងវាច្រើនពេកទៅហើយ។ តើហេតុអ្វីបានជាផ្លូវនៅតែលិចទឹក?
សំណាង៖ អញក៏មើលឃើញដូចតែអ្ហែងដែរ។ តែរឿងនេះប្រហែលជាមកពីកត្តាមួយចំនួនហើយមើលទៅ ដូចជា អាចមកពីភ្លៀងធ្លាក់វាខ្លាំងពេក(មរិមាណទឹកច្រើនជ្រុល), លូហូរមិនទាន់, ម៉ាស៊ីនបូមទឹកចេញពីទីក្រុងបូមមិនទាន់។ អាចថា លូហូរយឺតព្រោះ សំរាមច្រើនពេក និង…
សុធីរ៖ និងអីទៀត រកហេតុផលមកបន្ថែមមក អា សំណាង!
សំណាង៖ ដូចអ្ហែងធ្លាប់លឺអ្នកជំនាញពន្យល់ហើយថា សណ្ឋានដីភ្នំពេញមានរាងជាបាតខ្ទះ អមដោយទំនប់ព័ទ្ធជុំវិញ ដូច្នេះ បើភ្លៀងធ្លាក់គំហុកខ្លាំងពេក ពេលនោះ សមត្ថភាពនៃការបូមចេញអាចពិបាក។ អញឃើញអាជ្ញាធរបន្ថែមរថយន្តបូមទឹកចេញពីរាជធានីភ្នំពេញច្រើនគ្រឿងណាស់ តែនៅមិនអាចដោះស្រាយបាន។ ភ្លៀងកាលពីម្សិលមិញច្រើនម៉ោងណាស់។ នេះ គឺជាលើកទី១ក្នុងរយៈពេលជាង១ទសវត្សរ៍ហើយដែលភ្លៀងធ្លាក់ខ្លាំងយ៉ាងដូច្នេះនៅភ្នំពេញ។ ម្យ៉ាងទៀត អញធ្លាប់លឺអ្នកជំនាញខាងស្ថាបត្យកម្មនិយាយប្រាប់អញថា ការចាប់បេតុងគ្រប់ទីកន្លែងនៅរាជធានីភ្នំពេញនេះ ក៏បង្កើនធារទឹកនៅលើផ្លូវច្រើនដែរ ព្រោះ កាលពីពេលមុន រាជធានីភ្នំពេញនៅមានដីទំនេរគ្មានបេតុងច្រើន។ ធម្មតា ដី ក៏អាចបឺតទឹកបញ្ចូលទៅក្នុងដីបានច្រើនដែរ។
សុធីរ៖ អ៊ីចឹង ទឹកលិចហ្នឹង អត់មានទាក់ទងនឹងការលុបបឹងទេឬ?
សំណាង៖ អ្ហែងសួរអញអ៊ីចឹង អញពិបាកឆ្លើយណាស់រឿងនេះ។ ពិបាកឆ្លើយ ព្រោះ អញមិនមែនជាអ្នកជំនាញខាងហ្នឹង។
សុធីរ៖ អើ! អញដឹងហើយថា អ្ហែងមិនមែនជាអ្នកជំនាញទេ តែបើតាមយោបល់របស់អ្ហែង តើផ្លូវលិចទឹកហ្នឹងអាចបណ្តាលមួយផ្នែកណាមកពីការលុបបឹងធម្មជាតិមួយចំនួននៅភ្នំពេញឬទេ?
សំណាង៖ អញគ្រាន់តែអាចឆ្លើយថា វាមិនមែនមកពីរឿងលុបបឹងទាំងអស់ទេ។ កាលពីអតីតកាលយូរលង់មកហើយ បឹងជាច្រើនត្រូវបានគេលុបជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍ ដូចជា បឹកកេងកង បឹងព្រលឹត អូរឫស្សី បឹងកក់ បឹងត្របែក។ល។ រាល់ការអភិវឌ្ឍវាតែងតែប៉ះពាល់ខ្លះហើយ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្លួនឯងក៏ទទួលបានផលច្រើនពីការអភិវឌ្ឍដែរ។ អ្វីដែលគួរកត់សម្គាល់ គឺថា ការលិចផ្លូវនៅភ្នំពេញនាពេលបច្ចុប្បន្ននេះ មានរយៈពេលតិចជាងកាលពីជាង១០ឆ្នាំមុន ហើយនេះ គឺដោយសារការកែលម្អរប្រព័ន្ធលូ និងសមត្ថភាពនៃម៉ាស៊ីនបូមទឹកចេញពីក្រុង។ ម្យ៉ាងទៀត អញចង់បញ្ជាក់ប្រាប់អ្ហែងថា ទីក្រុងមួយចំនួនទាំងនៅអាស៊ី ដូចជា ប្រទេសថៃ នៅក្បែរយើង និងនៅអឺរ៉ុបមួយចំនួនក៏លិចទឹកដែរ ពេលមេឃភ្លៀងខ្លាំងម្តងៗ។ ទោះបីជាអញឲ្យហេតុផលថា កណ្តាលក្រុងនាពេលបច្ចុប្បន្នលិចទឹកមានរយៈពេលខ្លីជាងកាលពីជាង១០ឆ្នាំមុនក៏ដោយ តែអ្នករស់នៅភាគខាងលិចភ្នំពេញ (ក្រៅក្រុង) ហាក់ប្រឈមនឹងការលិចលង់ខ្លាំងជាងមុន។ ផ្ទុយទៅវិញ អ្នករស់នៅក្នុងបុរី (តំបន់ថ្មី+ខ្ពស់) មិនប្រឈមនឹងបញ្ហាទឹកជំនន់ទឹកភ្លៀងឡើយ។
សុធីរ៖ អ៊ីចឹមានន័យថា មានអ្នកលិច និងមានអ្នកអត់លិច?
សំណាង៖ គឺជារឿងត្រឹមត្រូវ មានកន្លែងនៅបន្តលិច តែក៏មានដែរកន្លែងដែលធ្លាប់លិច ហើយលែងលិចទៅវិញ ព្រោះតែការកែលម្អរប្រព័ន្ធលូ និងប្រឡាយមេ។ អញនិយាយបែនេះ មិនមែនមានន័យថា អាជ្ញាធរ អ្នកអភិវឌ្ឍបុរី និងប្រជាពលរដ្ឋឈប់គិតនោះទេ។ អញគិតថា ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ គឺជាការពញ្ញាក់ឲ្យអ្នកពាក់ព័ន្ធពិចារណាកាន់តែស៊ីជម្រៅថែមទៀត។ តើរាល់ការអភិវឌ្ឍតំបន់ថ្មីត្រូវគិតពីអ្នកនៅជុំវិញឬទេ? តើអ្នកអភិវឌ្ឍត្រូវគិតពីផលប៉ះពាល់ដល់អ្នកនៅតំបន់ទាបឬទេ? តើអាជ្ញាធរត្រូវកំណត់ការសាងសង់ប្រព័ន្ធប្រឡាយដូចម្តេចដើម្បីរំដោះទឹកចេញ ចៀសវាងកុំឲ្យតំបន់អភិវឌ្ឍថ្មីប្រសើរឡើង តែតំបន់ចាស់ខ្លះទៀត កាន់តែរងគ្រោះ។ ពលរដ្ឋត្រូវដោះស្រាយរឿងសំរាមឲ្យបានមួយចំនួនធំ មានន័យថា ចូរកុំបោះចោលសំរាមក្នុងប្រព័ន្ធប្រឡាយលូ។
សរុបមកវិញ ភ្លៀងលើកនេះ ធ្ងន់ធ្ងរខ្លាំងណាស់ បន្ទោសនរណាក៏ពិបាកដែរ។ សម្រួលអារម្មណ៍ខ្លះទៅ អា ធីរ!
សុធីរ៖ អានេះ វានិយាយមកនេះ ចង់ឲ្យអញទ្រាំតើ។
សំណាង៖ ជារួម អារឿងលិចទឹកហ្នឹង ពិបាកទាំងគេ ទាំងអញ តែអ្វីដែលអញកំពុងនិយាយប្រាប់អ្ហែងហ្នឹង គឺជាការពិតដែលកំពុងកើតឡើងនៅក្នុងសង្គមតើ! នៅលើលោកនេះ វាគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ។ ពេលខ្លះ អ្ហែងគួរចេះទ្រាំខ្លះទៅ ជីវិត គឺអ៊ីចឹង។
សុធីរ៖ យីអានេះ អញសួរវារឿងទឹកលិចផ្លូវ លិចផ្ទះ វាបែរជាមកប្រដៅអញរឿងជីវិតទៅវិញ៕