សហភាពអឺរ៉ុប (EU) បានយល់ព្រមដាក់ទណ្ឌកម្មលើមនុស្ស៦នាក់ និងស្ថាប័នមួយពាក់ព័ន្ធករណីបំពុលមេដឹកនាំប្រឆាំងរុស្ស៊ី Alexey Navalny ដោយប្រើថ្នាំពុល Novichok ។ រុស្ស៊ី ព្រមានវាយបកប្រឆាំងវិធានការ EU នេះ។
ថ្នាំពុលប្រភេទ Novichok ដែលជាថ្នាំពុលកម្រិតយោធា ហើយត្រូវបានអភិវឌ្ឍដោយអតីតសហភាពសូវៀតក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ហើយថ្នាំពុលប្រភេទដូចគ្នា ក៏ធ្លាប់ត្រូវបានប្រើលើអតីតចារកម្មរុស្ស៊ីធ្វើការឲ្យអង់គ្លេស Sergei Skripal ផងដែរ។
នៅថ្ងៃទី១៣ ខែតុលា សហភាពអឺរ៉ុប បានអនុម័តទណ្ឌកម្ម ក្រោយបារាំងនិងអាល្លឺម៉ង់ បានដាក់ស្នើវិធានការនេះកាលពីសប្ដាហ៍មុន ដោយអះអាងថា រុស្ស៊ី ទទួលខុសត្រូវចំពោះករណីបំពុលនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ដោយអនុលោមតាមការអនុវត្តទូទៅរបស់ EU អ្នកទាំងដែលជាប់ក្នុងបញ្ជីទណ្ឌកម្ម រួមមាន បម្រាមការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិជាដើម នឹងពុំត្រូវបង្ហាញអត្តសញ្ញាណឡើយ ពោលគឺរហូតដល់ទណ្ឌកម្មនេះ ចូលជាធរមាននាថ្ងៃទី១៥ ខែតុលា។ ក៏ប៉ុន្តែពួកគេទំនងសុទ្ធតែជាមន្ត្រីរុស្ស៊ី។
អង្គការតំបន់សមាជិក២៧ប្រទេសនេះ ម្ដងហើយម្ដងទៀត បានស្នើសុំឲ្យរដ្ឋធានីមូស្គូស៊ើបអង្កេតករណីបំពុលមេដឹកនាំប្រឆាំងរុស្ស៊ី Navalny ដែលបានកើតឡើងលើទឹកដីរុស្ស៊ី។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសបារាំងនិងអាល្លឺម៉ង់ កាលពីសប្ដាហ៍ បានអះអាងក្នុងសេចក្តីថ្លែងការណ៍រួមថា វិមានប្រធានាធិបតីរុស្ស៊ី ពុំមានការបកស្រាយគួរឲ្យទុកចិត្តណាមួយឡើយ។
នៅមុនសម្រេចដាក់ទណ្ឌកម្ម លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ នៅថ្ងៃទី១៣ ខែតុលា បានដាក់សម្ពាធរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov លើករណីលោក Navalny អំឡុងកិច្ចសន្ទនាតាមទូរសព្ទនៅថ្ងៃទី ១៣ខែតុលា។ ការិយាលោក Borrell និយាយថា លោកបានស្នើឲ្យក្រុងមូស្គូប្រឹងឲ្យអស់សមត្ថភាពស៊ើបអង្កេតលើឧក្រិដ្ឋកម្មនេះយ៉ាងម៉ត់ចត់និងមានតម្លាភាព ហើយសហការជាមួយអង្គការជំនាញផងដែរ។
ជាការឆ្លើយតប ប្រមុខការទូតរុស្ស៊ី Lavrov នៅថ្ងៃទី ១៤ ខែតុលា បានរិះគន់ទណ្ឌកម្មនេះ ដោយចោទប្រកាន់ EU ថាឱនក្បាលចំពោះសម្ពាធអាមេរិក និងជំនួសយុទ្ធសាស្ត្រការទូតដោយការដាក់ទណ្ឌកម្ម។ ថ្លែងអំឡុងសន្និសិទព័ត៌មានមួយក្នុងទីក្រុងមូស្គូ លោកព្រមានថា គោលនយោបាយការបរទេស EU នាពេលបច្ចុប្បន្ន នឹងប្រឈមនឹងផលវិបាក។
សូមបញ្ជាក់ថា លោក Navalny គឺជាសកម្មជនប្រឆាំងអំពើពុករលួយ ដែលធ្លាប់បានដឹកនាំបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ លោកថែមទាំងហៅបក្សកាន់អំណាចរុស្ស៊ីបច្ចុប្បន្នថាជាចោរដែលកំពុងជញ្ជក់ឈាមប្រជាជនរុស្ស៊ី។ មេដឹកនាំបក្សប្រឆាំងរូបនេះ ក៏ត្រូវបានហាមឃាត់ពីការឈរឈ្មោះប្រឆាំងលោក ពូទីន ក្នុងការបោះឆ្នោតផងដែរ៕