ជាតិ
អ្នកស្លាប់​ដោយ​ទឹកជំនន់​ឡើងដល់​២៥​នាក់ ក្នុងនោះ​១៥​នាក់​នៅ​បន្ទាយមានជ័យ​
19, Oct 2020 , 10:19 pm        
រូបភាព
លោក​ គន់​ គីម​ ទេសរដ្ឋមន្ត្រី​ អនុប្រធានទី១​ គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ មើលស្ថានភាពទឹកជំនន់នៅបន្ទាយមានជ័យកាលពីថ្ងៃទី១៨ ខែតុលា
លោក​ គន់​ គីម​ ទេសរដ្ឋមន្ត្រី​ អនុប្រធានទី១​ គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ មើលស្ថានភាពទឹកជំនន់នៅបន្ទាយមានជ័យកាលពីថ្ងៃទី១៨ ខែតុលា
​ពលរដ្ឋ​ស្លាប់​ដោយសារ​ទឹកជំនន់​កើនឡើង​ដល់​១៥ នាក់​នៅក្នុង​ខេត្តបន្ទាយមានជ័យ ខណៈ អ្នកស្លាប់​ដោយសារ​ទឹកជំនន់​សរុប​មាន​ចំនួន​២៥​នាក់ ក្នុងចំណោម​ខេត្ត​ចំនួន ៥ គិត​មកដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​


​អ្នក​សា្ល​ប់​ដោយសារ​ទឹកជំនន់​ក្នុង​ខេត្តបន្ទាយមានជ័យ កើន​ដល់​១៥​នាក់ ក្នុងនោះ​មាន ក្មេង​ចំនួន ៤​នាក់​។ បើតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មូល​ហេតុដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​ចំនួន ១៥​នាក់ បាត់បង់​ជីវិត ដោយសារ​ឆក់​ចរន្តអគ្គិសនី​, លង់ទឹក និង​រអិល​ជើង​ធ្លាក់ទឹក​។ 
 
​ជនរងគ្រោះ​បាត់បង់​ជីវិត​ដោយសារ​ទឹកជំនន់​ខាងលើនេះ ស្ថិតនៅក្នុង ៦​ស្រុក​-​ក្រុង​នៃ​ខេត្តបន្ទាយមានជ័យ រួមមាន ស្រុក​ស្វាយចេក​, មង្គលបុរី​, ម៉ាឡៃ​, អូរជ្រៅ​, ព្រះនេត្រព្រះ​, ថ្មពួក និង​ក្រុង​សិរី​សោ​ភ័​ណ្ឌ​។ របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹង​ទៀតថា គិត​មកដល់​ថ្ងៃទី ១៩ ខែតុលា​នេះ អ្នកស្លាប់​ដោយសារ​ទឹកជំនន់​កើន​ដល់ ២៥​នាក់ ដែល​កើតឡើង​នៅ​ខេត្ត​ចំនួន ៥ រួមមាន ខេត្ត​បន្ទាយ​ជ័យ ១៥​នាក់​, ខេត្ត​ព្រះសីហនុ ២​នាក់​, ពោធិ៍សាត់ ៣ នាក់​, ប៉ៃលិន ១​នាក់ និង​ខេត្តកំពង់ធំ ៤​នាក់​។ 
 
​ក្រៅពី​សម្លាប់​មនុស្ស ចំនួន​២៥​នាក់ ក្នុង​ខេត្ត​ចំនួន​៥​នេះ ទឹកជំនន់​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣១​ម៉ឺន​នាក់ និង​ប៉ះពាល់​ដំណាំ​កសិកម្ម ប្រមាណ​ជិត ៣០​ម៉ឺន​ហិកតា​នៅក្នុង ១៩​រាជធានី​-​ខេត្ត​៕

Tag:
 ទឹកជំនន់​
  បន្ទាយមានជ័យ​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com