ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការទទួលទានអាហារខុស អាហារ ក៏ដូចជាដែលមិនស្អាត ឬចម្អិនមិនបានល្អអាចបណ្ដាលឱ្យរាគ។ ប៉ុន្តែទោះជាយ៉ាងណាអាការៈរាគក៏អាចកើតឡើងដោយសារទម្លាប់ទូទៅមួយចំនួនផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអាចបង្កអាការៈរាគ ៖
១. ការធ្វើលំហាត់ប្រាណខ្លាំងក្លា
ពិតណាស់ការធ្វើលំហាត់ប្រាណជាប្រចាំ ឬឱ្យបានទៀងទាត់ គឺល្អសម្រាប់រក្សាទាំងសុខភាពរាងកាយនិងផ្លូវចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានទម្លាប់ធ្វើលំហាត់ប្រាណខ្លាំងក្លានោះលាមករបស់អ្នកនឹងទន់រាវ ឬរាគតែម្ដងពិសេសចំពោះអ្នករត់ ឬចូលចិត្តកីឡារត់ប្រណាំង។ ប៉ុន្តែកុំបារម្ភ! អាការៈនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ ហើយជាញឹកញយ គឺបាត់ទៅដោយឯកឯង។
២. បញ្ហាពាក់ព័ន្ធនឹងពោះវៀន
អាការៈទល់លាមក រាគ ឬចង្កោមរោគសញ្ញារលាកពោះវៀនអាចជាប់ពាក់ព័ន្ធនឹងបញ្ហាក្រពេញទីរ៉ូអ៊ីតផងដែរ។ អ័រម៉ូនទីរ៉ូអ៊ីតអាចបង្កភាពប្រែប្រួលក្នុងពោះវៀនបង្អាក់សមត្ថភាពរាងកាយក្នុងការរំលាយអាហារនិងកម្ចាត់រាល់កាកសំណល់។ ចំពោះជំងឺក្រពេញទីរ៉ូអ៊ីត hpothyroidism អ្នកអាចនឹងជួបប្រទះអាការៈទល់លាមកធ្ងន់ធ្ងរ ឬរយៈពេលយូរ ខណៈដែលរាគ ឬចង្កោមរោគសញ្ញារលាកពោះវៀនជាអាការៈនៃជំងឺក្រពេញទីរ៉ូអ៊ីត hyperthyroidism។ ទោះបីអ្នកបានទទួលទានជាតិសសៃនិងទឹកគ្រប់គ្រាន់ ប៉ុន្តែអាការះទាំងនេះនៅតែមិនបាត់ ចូរប្រញាប់ទៅពិនិត្យសុខភាពក្រពេញទីរ៉ូអ៊ីត។
៣. ការទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន
ការទទួលទានកាហ្វេពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃក៏អាចបណ្ដាលឱ្យលាមករាវ ឬរាគបានដែរ។ នេះក៏ព្រោះតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេមានប្រសិទ្ធភាពបញ្ចុះលាមក។ ក្រៅពីរាគ ការទទួលទានកាហ្វេ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនអាចបណ្ដាលឱ្យអ្នកជួបប្រទះអាការៈញ័រទ្រូង ឈឺក្បាល និងថប់បារម្ភ។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទានក្នុងកម្រិតមធ្យម។
៤. ការប្រើប្រាស់ជាតិផ្អែមសិប្បនិម្មត្តិ
ជាតិផ្អែមសិប្បនិម្មត្តិដូចជា sorbitol និង mannitol គឺអាចបណ្ដាលឱ្យរាគ។ ស្ករកៅស៊ូគ្មានជាតិស្ករនិងផលិតគ្មានជាតិស្ករច្រើណាស់មានផ្ទុកជាតិផ្អែមសិប្បនិម្មត្តិ sorbitol និង mannito។ ដូច្នេះការពិនិត្យមើលផ្លាកសញ្ញានិងអានពត៌មានលើសំបកផលិតផលស្ករសិប្បនិម្មត្តិ គឺជារឿងចាំបាច់។
៥. ការទទួលទានថ្នាំសម្រកទម្ងន់
ថ្នាំសម្រកទម្ងន់ភាគច្រើនដែលដាក់លក់លើទីផ្សារមានផ្ទុកសារធាតុ laxatives ដែលមានឥទ្ធិពលបណ្ដាលឱ្យរាគ។ ម្យ៉ាងវិញទៀតការទទួលទានថ្នាំសម្រកទម្ងន់មិនត្រឹមតែធ្វើឱ្យអ្នកបាត់បង់ជាតិខ្លាញ់ដែលលើសប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលទាំងជាតិទឹកផងដែរ។
៦. ក្រៀមក្រំមិនសប្បាយចិត្តពេក
តើអ្នកធ្លាប់ដឹងទេថាពោះវៀនមានទំនាក់ទំនងផ្សារភ្ជាប់នឹងខួរក្បាល? ដូច្នេះប្រសិនបើអ្នកក្រៀមក្រំមិនសប្បាយចិត្តពេកនោះអាការៈរាគអាចនឹងកើតឡើងគួរឱ្យកត់សម្គាល់។ បញ្ហានេះវាពាក់ព័ន្ធនឹងអ័រម៉ូនសេរ៉ូតូនីនប្រសិនបើមានកម្រិតទាប គឺអាចជះឥទ្ធិពលលើអារម្មណ៍។ ហើយដោយសារខួរក្បាលមានទំនាក់ទំនងផ្សារភ្ជាប់នឹងពោះវៀននោះការថយចុះនៃអ័រម៉ូនសេរ៉ូតូនីនអាចជះឥទ្ធិពលលើប្រព័ន្ធរំលាយអាហារ។ ស្ត្រេសនិងបញ្ហាថប់បារម្ភក៏អាចបណ្ដាលឱ្យអ្នករាគផងដែរ។ នេះក៏ព្រោះតែអ័រម៉ូនស្ត្រេស cortisol ត្រូវបានផលិត៕