មណ្ឌលគិរី៖ នៅសហគមន៍ជនជាតិដើមភាគតិចព្នងចំនួន២៧គ្រួសារ ដែលស្ថិតនៅក្នុងភូមិ៣ គឺភូមិពូចារ ភូមិពូគង់ និងភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានច្នៃដើមឫស្សីធ្វើជាវត្ថុប្រើប្រាស់សម្រាប់លក់ឲ្យភ្ញៀវទេសចរ។ តាមរយៈការច្នៃឫស្សីធ្វើជាវត្ថុប្រើប្រាស់នេះបានធ្វើឲ្យសហគមន៍ជនជាតិដើមភាគតិចព្នងមានប្រាក់ចំណូលគ្រប់គ្រាន់ និងជំរុញឲ្យពួកគេការពារ និងអភិរក្សធនធានធម្មជាតិនៅដែនជម្រករបស់ពួកគេ។
វត្ថុប្រើប្រាស់ដែលច្នៃពីឬស្សីមានដូចជា ប៉ាន់តែ កាទឹក កែវទឹក កែវទៀនក្រអូប ប្រអប់ក្រដាសជូតមាត់ ស្មាព្យូរខោអាវ បំពង់បំពងសំឡេងទូរសព្ទ ពែង បំពង់ដាក់ប៊ិក សម្ភារផ្ទះបាយ និងថូផ្កា។ វត្ថុប្រើប្រាស់ទាំងនេះត្រូវបានសហគមន៍ជនជាតិដើមភាគតិចព្នងទាំង២៧គ្រួសារក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទើបតែផលិតឡើងនៅដើមឆ្នាំ២០២០នេះ ដោយបានចេះជំនាញទាំងនេះពីវគ្គបណ្តុះបណ្តាលរបស់អង្គការសមាគមអភិរក្សសត្វព្រៃនៅដែនជម្រកសត្វព្រៃកែវសីមា។
មុននឹងសហគមន៍ជនជាតិដើមភាគតិចព្នងអាចផលិតវត្ថុប្រើប្រាស់ពីដើមឫស្សីនេះបាន កន្លងមកពួកគេបានកែច្នៃដើមឫស្សីធ្វើជាជើងធូប និងរនាតដែរ ប៉ុន្តែមិនសូវមានទីផ្សារឡើយ។ នេះបើតាមលោក លើស ភួក ប្រធានសហគមន៍តំបន់ការពារធម្មជាតិនៅឃុំស្រែព្រះ ខេត្តមណ្ឌលគិរី ដែលបញ្ជាក់ថា បន្ទាប់ពីមានវគ្គបណ្តុះបណ្តាលពីអង្គការសមាគមអភិរក្សសត្វព្រៃរួចមក សហគមន៍ជនជាតិដើមភាគតិចព្នងក៏លែងច្នៃឫស្សីធ្វើជាជើងធូប និងរនាតតទៅទៀត ដោយត្រឡប់មកច្នៃឫស្សីធ្វើជាវត្ថុប្រើប្រាស់វិញ ដោយយល់ថាវត្ថុទាំងនេះគឺមានទីផ្សារខ្ពស់ជាង។
លោក លើស ភួក បានបញ្ជាក់ថា តាំងពីជនជាតិភាគតិចព្នងប្រកបមុខរបរច្នៃដើមឫស្សីធ្វើជាវត្ថុប្រើប្រាស់នេះមក គឺបានផ្តល់ចំណូលដល់ក្នុងមួយគ្រួសារបានគួរសម។ លោកបានរៀបរាប់ដូច្នេះថា៖«ក្នុងមួយថ្ងៃក្នុងមួយគ្រួសារអាចធ្វើវត្ថុពីឫស្សីបាន៤ ទៅ៥ ដោយគិតជាទឹកប្រាក់បានពី១ម៉ឺនទៅ២ម៉ឺនរៀល។ យើងមានគណៈកម្មាការចំនួន៥នាក់ ដើម្បីប្រមូលវត្ថុទាំងនោះយកទៅលក់នៅទីផ្សារ និងលក់នៅសហគមន៍ដែលមកកម្សាន្តលេងនៅតំបន់យើងនេះ»។
តាមប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង វត្ថុប្រើប្រាស់ដែលច្នៃពីដើមឫស្សី ខាងសហគមន៍តែងលក់នៅតាមសិក្ខាសាលា តាមដែលគេកម្ម៉ង់ និងលក់នៅក្នុងសហគមន៍សម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តលេង។ លោកបាននិយាយដូច្នេះថា«គាត់ធ្វើតាមការកម្ម៉ង់។ បើយើងលក់រាយគឺយើងតាមសហគមន៍ខ្លួនឯង។ ហើយយើងយកទៅលក់នៅភ្នំពេញ។ ការពិតទៅយើងយកទៅលក់នៅភ្នំពេញ យើងមិនមែនដើរលក់តាមហាង ឬតាមផ្សារទេ គឺយើងលក់នៅក្នុងសិក្ខាសាលា»។
ក្រៅពីការងារផលិតវត្ថុប្រើប្រាស់ពីដើមឫស្សីនេះ ខាងសហគមន៍ជនជាតិដើមភាគតិចព្នងក៏មានមុខរបរបន្ទាប់បន្សំផ្សេងទៀតផងដែរដូចជាធ្វើស្រែចម្ការ ដងជ័រទឹក ជ័ររាំង រកផ្សិត និងបោចវល្លិ។ នេះបើតាមការបញ្ជាក់ពី លោក លើស ភួក។
កិច្ចការកែច្នៃវត្ថុប្រើប្រាស់ពីដើមឫស្សី និងការងារបន្ទាប់បន្សំរបស់ជនជាតិដើមភាគតិចព្នងនេះបានជំរុញឲ្យពួកគេយល់ច្បាស់ពីសារប្រយោជន៍នៃដើមឫស្សី យល់ពីកិច្ចការពារដែនជម្រកធម្មជាតិជាងមុន។ លោកនិយាយដូច្នេះថា៖«ក្រៅពីគាត់បានធ្វើផលិតផលហ្នឹងមក គឺគាត់លក់បានលុយ។ មួយចំនួន គាត់យល់ពីសក្កានុពលទៅតាមប្រភពធនធានធម្មជាតិនីមួយៗ។ មួយចំនួនគាត់ឈប់ប្រព្រឹត្តិបទល្មើសធនធានធម្មជាតិទៀតហើយ។ »។
តាមរយៈកិច្ចប្រឹងប្រែងរបស់សហគមន៍ដែលផលិតវត្ថុប្រើប្រាស់ពីដើមឫស្សីនៅពេលបច្ចុប្បន្ននេះ លោក លើស ភួក សង្ឃឹមថានៅពេលអនាគត តំបន់សហគមន៍ជនជាតិដើមភាគតិចនឹងទាក់ទាញភ្ញៀវទេសចរមកទស្សនាសិប្បកម្មកែច្នៃវត្ថុប្រើប្រាស់ពីដើមឫស្សី និងបង្កើនប្រាក់ចំណូលដល់ពួកគេផងដែរ៕