ជាតិ
ពលរដ្ឋ​ក្រីក្រ​នៅ​សៀមរាប អាចដាក់​ស្នើសុំ​ប្រវាស់​គោ និង​ពពែ ពី​អង្គការ​គោ​សប្បុរស​ដើម្បី​កម្ពុជា
04, Nov 2020 , 8:59 am        
រូបភាព
កសិដ្ឋានចិញ្ចឹមគោរបស់អង្គការសប្បុរសដើម្បីកម្ពុជា (រូបភាព៖ លោក ចាន់ វិចិត្រ)
កសិដ្ឋានចិញ្ចឹមគោរបស់អង្គការសប្បុរសដើម្បីកម្ពុជា (រូបភាព៖ លោក ចាន់ វិចិត្រ)
ដោយ:
​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត នៅក្នុង​ខេត្តសៀមរាប អាចដាក់​ស្នើសុំ​ប្រវាស់ ពូជ​មេគោ និង​ពពែ ពី​អង្គការ​គោ​សប្បុរស​ដើម្បី​កម្ពុជា ដែលមាន​ស្នាក់នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ តាម​លោក ចាន់ វិចិត្រ គម្រោង​ផ្តល់​គោ​ដល់​ពលរដ្ឋ​នេះ គឺ​ដើម្បី លើកស្ទួយ​វិស័យ​កសិកម្ម និង​ជួយ​ឲ្យ​ពលរដ្ឋ​ដែល​ខ្វះខាត​មាន​ជីវភាព​ធូរធារ ដោយ​មិនបាច់​ធ្វើ​ចំណាកស្រុក​។​
 
​អង្គការ​គោ​សប្បុរស​ដើម្បី​កម្ពុជា ជា​អង្គការ​មួយ​ដែល​ផ្តល់​ពូជ​មេគោ និង​ពពែ​ដល់​ពលរដ្ឋ​ក្រីក្រ ក្នុង​ខេត្តសៀមរាប​។ កសិដ្ឋាន​ចិញ្ចឹម​គោ និង​ពពែ របស់​អង្គការ​សប្បុរស​ដើម្បី​កម្ពុជា មាន​ទំហំ ២០​ហិកតា ស្ថិតក្នុង​ភូមិ​អូរ​ម្នាស់ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។  លោក ចាន់ វិចិត្រ ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​គោ​សប្បុរស​ដើម្បី​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន Thmeythmey25​ថា បច្ចុប្បន្ន​កសិដ្ឋាន​មានពូជ​មេគោ​ប្រមាណ ១២០​ក្បាល និង​ពពែ​ចំនួន ១០០​ក្បាល​។ 


(រូបភាព៖ លោក ចាន់ វិចិត្រ) 

​បើតាម លោក ចាន់ វិចិត្រ ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ហើយ​មានបំណង​ចិញ្ចឹម អាចដាក់​ពាក្យស្នើសុំ​មេគោ​ទៅ​ចិញ្ចឹម​បាន ដោយ​មួយ​គ្រួសារ ទទួលបាន​មេគោ​ដែលមាន​ទម្ងន់​ស្រាប់​ចំនួន​មួយ​ក្បាល ដើម្បី​ចិញ្ចឹម​រយៈ ពេល​៣​ឆ្នាំ​។ លោក ចាន់ វិចិត្រ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា​៖«​ពលរដ្ឋ​មួយ​គ្រួសារ ទទួលបាន​មេគោ​មួយ​ក្បាល​។ ជា​ដំណាក់កាល ក្នុង​រយៈពេល ៣​ឆ្នាំ ពលរដ្ឋ នឹង​ទទួល​បានកូន​គោ ២​ក្បាល ហើយ​អង្គការ​ទទួលបាន កូន​គោ ១​ក្បាល​»​។ 
 
​គម្រោង​ផ្តល់​មេគោ​នេះ ក៏​នឹង​ពង្រីក​ឲ្យ​បាន​ច្រើន​ទៅ​ស្រុក​ផ្សេងៗ​ទៀត​ដែរ​។ នេះ​បើតាម​លោក ចាន់ វិចិត្រ ដោយ​លោក​បន្ត​ឲ្យ​ដឹងថា ក្រៅពី​គម្រោង​ចិញ្ចឹម​គោ អង្គការ​ក៏មាន​ការផ្ដល់​នូវ​សត្វ​ពពែ​ដែរ ប៉ុន្តែ​ពិបាក​ចិញ្ចឹម​ជាង​សត្វ​គោ​បន្តិច និង​ម្យ៉ាង​ពលរដ្ឋ​និយម​ចិញ្ចឹម​គោ​ជាង​។​
 
​អង្គការ​គោ​សប្បុរស​ដើម្បី​កម្ពុជា បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៣ ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​ដែល​ខ្វះខាត​ក្នុង​ខេត្តសៀមរាប​មាន​ជីវភាព​ធូរធារ លើកស្ទួយ​វិស័យ​កសិកម្ម និង​មិនបាច់​ធ្វើ​ចំណាកស្រុក​។ មកដល់​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ ២៥០​គ្រួសារ​ហើយ ដែល​រស់នៅក្នុង​ស្រុក​ក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង បាន​អាស្រ័យ​ផល​ពី​ការចិញ្ចឹម​គោ ដែល​ទទួលបាន​ពី​អង្គការ​។   
 
​អង្គការ​គោ​សប្បុរស​ដើម្បី​កម្ពុជា មានការ​គាំទ្រ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​សប្បុរសជន​ក្រៅ​ស្រុក ពិសេស​ប្រទេស​អូស្ត្រាលី​។ សកម្មភាព​ទាំងនេះ​បាន​ជួយ​លើកស្ទួយ​សេដ្ឋកិច្ច​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ទាំងមូល​ឲ្យ​មាន​ភាពប្រសើរឡើង​៕
 

 

Tag:
 ចិញ្ចឹម​គោ​
  ក្របី​
 ​ពពែ​
 ​ចាន់ វិចិត្រ​
  បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com