ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ហៅលោក សម រង្ស៊ី និងអ្នកប្រឆាំងជិត៦០នាក់ទៀត ឲ្យចូលរួមសវនាការ
03, Nov 2020 , 6:02 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង លោក ហូរ វ៉ាន់ កំពុងរស់នៅក្រៅប្រទេស (រូបពីទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង
ពីឆ្វេងដៃទៅ៖ លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង លោក ហូរ វ៉ាន់ កំពុងរស់នៅក្រៅប្រទេស (រូបពីទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង
ដោយ: ថ្មីៗ
រាប់ទាំងលោក សម រង្ស៊ី ផង អ្នកប្រឆាំងដល់ទៅជិត៦០នាក់ ត្រូវបានតុលាការរាជធានីភ្នំពេញ បង្គាប់ឲ្យចូលរួមសវនាការ ដែលភាគច្រើនបំផុត គឺពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ [ជាតិ] និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។


នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមត្ថកិច្ច បានយកដីកាច្រើនសន្លឹក ទៅបិទម្តងទៀត នៅទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដីកាទាំងនោះ គឺជាការដោះហៅ លោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស និងអ្នកប្រឆាំងផ្សេងទៀត ឲ្យចូលរួមសវនាការ ក្នុងសំណុំរឿងរួមគំនិតក្បត់ [ជាតិ] និងសំណុំរឿងញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម [ឬបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍]។

ដីកាទាំងនោះ មាន២ប្រភេទ គឺដីកា ដែលមានឈ្មោះបុគ្គលម្នាក់ៗ និងដីកា ដែលមានឈ្មោះរួមគ្នា។ ដីកា ដែលមានឈ្មោះបុគ្គលម្នាក់ៗ គឺជាដីកានីមួយៗដាច់ដោយឡែកពីគ្នា ដោយមានឈ្មោះរបស់បុគ្គលណាម្នាក់ ដែលត្រូវចោទប្រកាន់ ហើយត្រូវបានប្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការបើកសវនាការជំនុំជម្រះលើសំណុំរបស់ខ្លួន។ ចំណែក ដីកា ដែលមានឈ្មោះរួមគ្នា គឺមានតែឈ្មោះរបស់ក្រុមមនុស្ស ដែលត្រូវបើកសវនាការ តែពុំបានបង្ហាញព័ត៌មានលម្អិត ពីបទល្មើសដែលត្រូវចោទ និងកាលបរិច្ឆេទនៃការបើកសវនាការឡើយ។

ដីកា ដែលមានឈ្មោះបុគ្គលម្នាក់ៗ ត្រូវសហការីនៃសារព័ត៌មានថ្មីៗ ឃើញមាន១៣សន្លឹក ដែលសមត្ថកិច្ចយកទៅបិទនៅទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ។ ដីកាទាំង១៣សន្លឹកនោះ គឺបង្គាប់ទៅលោក សម រង្ស៊ី រួមទាំងមន្រ្តីជាន់ខ្ពស់១២នាក់ទៀតរបស់លោក គឺ អ្នកស្រី មួរ សុខហួរ អ្នកស្រី យក់ នាង លោក អេង ឆៃអ៊ាង លោក អ៊ុំ សំអាន លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ លោក ឡុង រី លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ីសា ឧស្មាន លោក ម៉ោញ សារ៉ាត់ និង លោក លី រតនរស្មី ឲ្យចូលរួមសវនាការនៅតុលាការរាជធានីភ្នំពេញ។

យោងតាមដីកាទាំង១៣សន្លឹកនោះ ពួកគាត់ទាំង១៣នាក់ រងបទចោទដូចគ្នា គឺបទរួមគំនិតក្បត់ [ជាតិ] និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយសវនាការជំនុំជម្រះលើពួកគាត់ គ្រោងធ្វើឡើងក្នុងបន្ទប់សវនាការតែមួយ និងពេលវេលាតែមួយ គឺនៅជាន់ទី១ សាលសវនាការទី១ នៃតុលាការរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង៨កន្លះព្រឹកទៅ។

ចំណែកដីកាមួយច្បាប់ទៀត គឺមានឈ្មោះមនុស្ស៤៦នាក់រួមគ្នា ដែលត្រូវតុលាការកោះហៅ។ ក្នុងចំណោមមនុស្សទាំង៤៦នាក់ ក្នុងដីការួមនោះ ក៏មានឈ្មោះរបស់លោក សម រង្ស៊ី ដែរ។ ដូច្នេះ ឈ្មោះរបស់លោក សម រង្ស៊ី មាននៅក្នុងដីកាដាច់ដោយឡែកផង និងមាននៅក្នុងដីការួមផង។ 

លោកមេធាវី សំ សុគង់ ដែលតែងការពារក្តីឲ្យលោក សម រង្ស៊ី និងការពារក្តីឲ្យអ្នកប្រឆាំងផ្សេងទៀត ប្រាប់សារព័ត៌មានថ្មីៗថា ដីការួមនោះ គឺជាដីកាអម ដោយតុលាការ គ្រាន់តែជូនដំណឹងពីការបើកសវនាការ តែពុំបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នៃការបើកសវនាការនោះទេ។ លោក លើកឡើងថា សមត្ថកិច្ច អាចនឹងយកដីកាដាច់ដោយឡែកៗពីគ្នា ទៅកាន់ការិយាល័យរបស់លោក ហើយដីកាដាច់ដោយឡែកនោះ នឹងមានព័ត៌មានលម្អិត ពីប្រភេទបទចោទ ដែលតុលាការចោទពួកគាត់ និងកំណត់ពេលវេលាជាក់លាក់នៃការបើកសវនាការជំនុំជម្រះ។

យ៉ាងណាក៏ដោយ លោកមេធាវី អះអាងថា អ្នកទាំង៤៦នាក់ ដែលមានឈ្មោះក្នុងដីកាអមនោះ ត្រូវចោទពីបទរួមគំនិតក្បត់ [ជាតិ] ដូចគ្នា ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។ លោក បន្តថា ក្រៅពីអ្នកជាង៤០នាក់នោះ នៅមានអ្នកផ្សេងទៀត ដែលត្រូវចោទពីបទរួមគំនិតក្បត់ [ជាតិ] នេះ ប៉ុន្តែអ្នកផ្សេងទាំងនោះ មិនទាន់ត្រូវបានតុលាការ កំណត់ពេលបើកសវនាការ។ លោក បញ្ជាក់ថា៖«ជាង៤០នាក់ហ្នឹងតិចទេ តាមខ្ញុំសន្និដ្ឋាន ប្រហែលជាង១០០នាក់»។

សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺជុំវិញការចេញដីកាទាំងនោះ ពីលោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទេ ដោយលោកប្រាប់ថា ជាប់រវល់។

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ច បានយកដីកា៩សន្លឹក ទៅបិទម្តងរួចមកហើយ នៅទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ។ ដីកាទាំង៩សន្លឹកនោះ គឺកោះហៅ លោក សម រង្ស៊ី និងភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមួរ៉ា រួមទាំងសហការីជិតស្និទ្ធរបស់លោក៧នាក់ទៀត រួមមាន អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ និង លោក នុត រំដួល ឲ្យចូលរួមសនាការ ក្នុងបទល្មើសដូចគ្នា គឺបទឧបឃាត ដែលសំដៅលើការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

ការបើកសវនាការជំនុំជម្រះលើបទឧបឃាតនេះ ក៏គ្រោងធ្វើឡើងនៅកន្លែងតែមួយជាមួយគ្នានិងពេលតែមួយជាមួយគ្នាដែរ គឺនៅសាលសវនាការទី១ ជាន់ទី១ នៃតុលាការរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង៨ព្រឹកទៅ។

អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ពីក្រៅប្រទេស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ដោយដាក់សំណើទៅកាន់រដ្ឋាភិបាលកម្ពុជា ឲ្យលើកបម្រាម ដែលហាមក្រុមហ៊ុនយន្តហោះនានា មិនឲ្យដឹកថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មកកម្ពុជា។ អតីតគណបក្សសង្គ្រោះជាតិ នៅស្នើទៀត ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិឡើងវិញ ដែលក្រសួងការបរទេស បានលុបចោលកន្លងមក។

ក្នុងចំណោមអ្នកខាងលើ មានអ្នកខ្លះ រងពីបទឧបឃាតផងនិងរងពីបទរួមគំនិតក្បត់ [ជាតិ] ផង ដូចជាលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខហួរ ជាដើម។ បទឧបឃាត សំដៅលើក្រុមណាមួយ ដែលផ្តើមគំនិតនិងរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល ហើយបទរួមគំនិតក្បត់ [ជាតិ] គឺសំដៅលើជន ដែលចូលរួមគាំទ្រឬចូលរួមអនុវត្តគម្រោងនោះ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

ក្រសួងយុត្តិធម៌ ប្រកាសកន្លងមកថា បទឧបឃាត មានចែងក្នុងមាត្រា៤៥១និងមាត្រា៤៥២នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ លើអ្នកប្រព្រឹត្ត ហើយបើអ្នកប្រព្រឹត្តជាអ្នករាជការសាធារណៈ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត រីឯ បទរួមគំនិតក្បត់ [ជាតិ] មានចែងក្នុងមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ លើអ្នកប្រព្រឹត្ត ហើយបើអ្នកប្រព្រឹត្ត ជាអ្នករាជការសាធារណៈ ត្រូវជាប់ពន្ធនាគារ ពី១០ឆ្នាំ ទៅ ២០ឆ្នាំ៕

ដីការួម ដែលមានឈ្មោះអ្នកប្រឆាំង៤៦នាក់ ហើយឈ្មោះទី៤៧ គឺជាមេធាវីការពារក្តីឲ្យពួកគាត់ 









ដីកាដាច់ដោយឡែកទាំង១៣សន្លឹក


























© រក្សាសិទ្ធិដោយ thmeythmey.com