ជាតិ
កសិករជាង ១ម៉ឺន៧ពាន់នាក់ នៅខេត្តពោធិ៍សាត់ទទួលបានពូជស្រូវ និងស្បៀង 07, Nov 2020 , 10:59 pm
រូបភាព ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
× រដ្ឋាភិបាល បានចាប់ផ្ដើមចុះចែកពូជស្រូវ និងស្បៀងដល់ប្រជាកសិករចំនួន ១៧,៣០៦គ្រួសារ នៅខេត្តពោធិ៍សាត់ ដើម្បីស្តារដំណាំស្រូវឡើងវិញ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង។ ពិធីចែកពូជស្រូវនេះ ប្រព្រឹត្តទៅនៅទីតាំងចំនួន ២ នៅក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក ហ៊ុន ម៉ាណែត តំណាងឲ្យសម្ដេច ហ៊ុន សែន។
ពិធីចែកគ្រាប់ពូជស្រូវ និងស្បៀងដល់ប្រជាពលរដ្ឋនាខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ វិច្ឆិកានេះ បានរៀបចំនៅទីតាំងចំនួន ២ គឺពហុកីឡដ្ឋានខេត្តពោធិ៍សាត់ និងវិទ្យាល័យអូរតាប៉ាង សរុបចំនួន ១៧, ៣០៦គ្រួសារ។ លោក ហ៊ុន ម៉ាណែត តំណាងវត្តមានសម្ដេច ហ៊ុន សែន បានលើកឡើងថា៖ «ការចុះចែកគ្រាប់ពូជស្រូវ និងស្បៀងដល់កសិករនៅពេលនេះ គឺដើម្បីស្ដារឡើងវិញនូវផលប៉ះពាល់ដែលរងគ្រោះ ដោយសារទឹកជំនន់»។ បើតាមលោក ហ៊ុន ម៉ាណែត រដ្ឋាភិបាល នឹងបន្តចុះចែកគ្រាប់ពូជស្រូវដល់ប្រជាពលរដ្ឋនៅបណ្ដាខេត្តមួយចំនួនទៀត ដែលជួបគ្រោះទឹកជំនន់នាពេលកន្លងមក។
ប្រជាកសិករនៅខេត្តពោធិ៍សាត់ ដែលជួបផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងមួយគ្រួសារ ទទួលបានស្រូវពូជ ១០០គីឡូក្រាម, មី ១កេស, អង្ករ ២៥គីឡូក្រាម, ត្រីខ ចំនួន ១យួរ, ទឹកត្រី ចំនួន១យួរ, ទឹកស៊ីអ៊ីវ ចំនួន ១យួរ, ទឹកសុទ្ធ ចំនួន ១កេស, ឃីត ចំនួន ១កញ្ចប់ និងថវិកា ចំនួន៥ម៉ឺនរៀល។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៩,១៧៣គ្រួសារក្នុងខេត្តពោធិ៍សាត់ ក្នុងនោះមានពលរដ្ឋចំនួន ៦នាក់ស្លាប់ ដោយសារលង់ទឹក។ បន្ថែមលើនេះ ទឹកជំនន់ក៏បណ្ដាលឲ្យសត្វពាហនៈចំនួន ១៧,៧៤៦ក្បាល បានងាប់ និងប៉ះពាល់ដំណាំរួមផ្សំចំនួន ១០,១០៧ហិកតា រួមទាំងប៉ះពាល់ដំណាំស្រូវចំនួន ៣៦ ០៦៩ ហិកតា៕
© រក្សាសិទ្ធិដោយ thmeythmey.com