ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន! ជំងឺអញ្ចាញធ្មេញ អាចបង្កគ្រោះថ្នាក់អ្វីខ្លះចំពោះសុខភាព? 15, Dec 2020 , 6:59 am
× ប្រសិនបើអ្នកគិតថាមានតែធ្មេញប៉ុណ្ណោះទេដែលនឹងជួបប្រទះគ្រោះថ្នាក់នៅពេលមានជំងឺអញ្ចាញធ្មេញនោះ ចូរគិតម្ដងទៀត! អ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា ជំងឺអញ្ចាញធ្មេញក៏ជាកត្តាចម្បងមួយដែលអាចបង្កគ្រោះថ្នាក់ដល់បេះដូង សួត ក្រពេញប្រូស្តាត និងផ្សេងៗទៀត។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រោះថ្នាក់នៃការមានជំងឺអញ្ចាញធ្មេញ ៖
១. បញ្ហាបេះដូង
ជំងឺអញ្ចាញធ្មេញបង្កបាក់តេរីក្នុងមាត់ដែលអាចជ្រៀតចូលក្នុងលំហូរឈាម។ ជាលទ្ធផលជញ្ជាំងសសៃឈាមអាចទទួលរងការខូចខាតនិងនាំឱ្យស្ទះសសៃឈាម ឬការវិវត្តនៃកំណកឈាមដែលជាអ្វីមួយបង្កើនហានិភ័យនៃជំងឺគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាល។ អ្នកជំនាញនិយាយថាប្រសិនបើការរលាកកើតមាននៅក្នុងមាត់នៃអ្នកជំងឺអញ្ចាញធ្មេញ នោះវាក៏អាចលេចឡើងនៅកន្លែងផ្សេងៗក្នុងរាងកាយផងដែរ។ ហើយបើយោងតាមអ្នកឯកទេសខាងជំងឺបេះដូងការរលាកត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺបេះដូង។
២. ជំងឺផ្លូវដង្ហើម
ក៏ដូចនឹងអ្វីដែលបានលើកឡើងក្នុងចំណុចខាងលើ បាក់តេរីក្នុងអញ្ចាញដែលរលាករបស់អ្នកជំងឺអញ្ចាញធ្មេញ គឺមិនស្ថិតនៅតែក្នុងមាត់ឡើយ។ នៅពេលអ្នកជំងឺអញ្ចាញធ្មេញដកដង្ហើមតាមមាត់នោះបាក់តេរីមួយចំនួនក៏អាចមានឱកាសចូលទៅដល់ក្នុងសួត។ នៅពេលបញ្ហានេះកើតឡើងអ្នកនឹងប្រឈមមុខជាមួយហានិភ័យនៃជំងឺរលាកទងសួត។
៣. សម្រាលមុខកំណត់
ស្ត្រីមានផ្ទៃពោះអាចជួបប្រទះបញ្ហានៃជំងឺអញ្ចាញធ្មេញដោយសារភាពប្រែប្រួលនៃអ័រម៉ូនគួបផ្សំនឹងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ។ អ្វីដែលគួរឱ្យបារម្ភនោះ គឺជំងឺអញ្ចាញធ្មេញផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសម្រាលមុនកំណត់ ឬកើតមកមិនគ្រប់ទម្ងន់ ឬពេលខ្លះទាំងពីរបញ្ហាតែម្ដង។ ទារកដែលកើតមិនគ្រប់ខែងាយប្រឈមមុខនឹងហានិភ័យនៃជំងឺសួត ជំងឹខាន់លឿង ព្រមទាំងបញ្ហាពាក់ព័ន្ធជាមួយការបំបៅ។
៤. បញ្ហាក្រពេញប្រូស្តាត
បុរសដែលមានជំងឺអញ្ចាញធ្មេញប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺរលាកក្រពេញប្រូស្តាត។
៥. ជំងឺមហារីក
ការមានជំងឺអញ្ចាញធ្មេញអាចបង្កើនហានិភ័យនៃជំងឺមហារីកគួរឱ្យព្រួយបារម្ភ។ នេះក៏ព្រោះតែការរលាកនិងបាក់តេរីដែលពាល់ព័ន្ធជាមួយជំងឺអញ្ចាញធ្មេញ។ ការរលាកជាញឹកញយផ្សារភ្ជាប់នឹងការកើតឡើងនៃជំងឺមហារីកមួយចំនួន។ ហើយបាក់តេរីដែលពាក់ព័ន្ធជាមួយជំងឺអញ្ចាញធ្មេញជាអ្វីមួយផ្សារភ្ជាប់នឹងជំងឺមហារីកបំពង់អាហារ៕
© រក្សាសិទ្ធិដោយ thmeythmey.com