ជាតិ
សង្គមជាតិ
កសិករ​នៅ​ពោធិ៍សាត់​បន្ត​ព្រួយ​ពី​ទឹកជំនន់​បំផ្លាញ​ស្រូវ ខណៈ​ជីវិត​ប្រឈម​នឹង​បំណុល​
10, Nov 2020 , 7:59 pm        
រូបភាព
​អ្នកស្រី ជា ឈ​ត អាយុ​៥៤​ឆ្នាំ កសិករ​រស់នៅក្នុង​ឃុំ​អន្លង់​វិល ខេត្តពោធិ៍សាត់ ថ្លែងប្រាប់ VOA កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ (​ស៊ុន ណារិន​/​វី​អូ​អេ​)
​អ្នកស្រី ជា ឈ​ត អាយុ​៥៤​ឆ្នាំ កសិករ​រស់នៅក្នុង​ឃុំ​អន្លង់​វិល ខេត្តពោធិ៍សាត់ ថ្លែងប្រាប់ VOA កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ (​ស៊ុន ណារិន​/​វី​អូ​អេ​)
ដោយ: VOA
​ស្រូវ​របស់​អ្នកស្រី ជា ឈ​ត ជា​កសិករ​រស់ក្នុង​ភូមិ​បឹង​ឈូក​ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​កាលពី​ខែតុលា ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​ចេញពី​ស្ទឹង​ពោធិ៍សាត់​។​
 
​កសិករ​អាយុ ៥៤ ឆ្នាំ និង​មានកូន ៩ នាក់ ហើយ ៥ នាក់ កំពុងស្ថិត​ក្នុងបន្ទុក រៀបរាប់ថា ជំនន់​ឆ្នាំនេះ ប្រៀប​ដូច​ជំនន់​ធំ កាលពី​ឆ្នាំ ១៩៩៦ ហើយ​បាន​បំផ្លាញ​ស្រែ​របស់​អ្នកស្រី ២ ហិកតា​។ ការបាត់បង់​ស្រូវ​ដែល​អ្នកស្រី​ភាគច្រើន​ដាំ​សម្រាប់​ជា​ស្បៀង​ប្រចាំឆ្នាំ នាំ​ឲ្យ​អ្នកស្រី​ខាតបង់​ប្រាក់​យ៉ាងតិច ៥០០ ដុល្លារ​អាមេរិក ហើយ​មិន​អាចមាន​អង្ករ​ហូប​គ្រប់គ្រាន់​ទេ​សម្រាប់​ឆ្នាំក្រោយ​។​
 
​អ្នកស្រី​ថ្លែងប្រាប់ VOA ថា​៖ «​មាន​ធ្វើ​អី (​បាន​) មានតែ​ទិញ (​អង្ករ​) គេ​។ បើ​ធ្វើស្រែ​ប្រាំង​កើត ចេះតែ​បាន​ហូប​ទៅ ក្រែងលោ វា​មក​អញ្ចឹង​ទៀត​ទៅ ទិញ​គេ​ទៅ​»​។​
 
​កាលពី​ថ្ងៃ​សៅរ៍ គ្រួសារ​របស់​អ្នកស្រី​ត្រូវបាន​រដ្ឋាភិបាល​ផ្តល់​ស្រូវពូជ ប្រភេទ​ខា ១៥ ចំនួន ១០០ គីឡូក្រាម​សម្រាប់​យកទៅ​ដាំ​។ ប៉ុន្តែ​អ្នកស្រី​មិនទាន់​ដឹងថា ដាំ​បាន​ពេលណា​នោះទេ ដោយ​រង់​ចាំមើល​ស្ថានភាព​ទឹកជំនន់​សិន​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​បើ​មាន​គេ​ធ្វើ ខ្ញុំ​ធ្វើ​ដែរ ដល់​អត់​ទាន់​មាន​គេ​ធ្វើ ធ្វើ​តែឯង ក៏​អត់​កើត​ដែរ​។ ទាល់​ធ្វើ ធ្វើ​គ្នាច្រើន​។ កុំ​ឲ្យ​តែមាន​ទឹក (​ជំនន់​)​។ ខ្លាច​លោ​ទឹក​ឡើង​ទៀត​»​។​
 
​អ្នកស្រី ជា ឈ​ត ជា​កសិករ​ម្នាក់​ក្នុងចំណោម​កសិករ​រាប់ម៉ឺន​នាក់​ទៀត ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ឆ្នាំនេះ​។​
 

​រូប​ឯកសារ​៖ ទឹកជំនន់​បាន​ជន់​លិច​ផ្ទះសម្បែង និង​ដី​ដាំ​ដំណាំ​របស់​ប្រជាពលរដ្ឋ នៅ​ខេត្តកណ្តាល ជាយក្រុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​។​
 
​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឲ្យ​ដឹងថា​ចាប់ពី​ដើមខែ​កញ្ញា ដល់​ថ្ងៃទី​២៧ ខែតុលា ស្រូវ​លិច​ទឹក មាន​ប្រមាណ​២៨៥.០០០​ហិកតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក​ប្រមាណ​៩៧.០០០​ហិកតា​។​
 
​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៨ អ្នកស្រី ជា ឈ​ត​បាន​ខ្ចីប្រាក់​ប្រមាណ​៣​ពាន់​ដុល្លារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឈ្មោះ​ហត្ថា​កសិករ​លីមីត​ធី​ត ដែល​អ្នកស្រី​ថា ដើម្បី​ទិញ​ម៉ូតូ​ឲ្យ​កូន និង​សង​គេ​មួយចំនួន​។ បើតាម​ឯកសារ​កម្ចី អ្នកស្រី​ត្រូវ​បង់​ឲ្យ​គេ​មួយខែ​ជាង ១០០ ដុល្លារ ហើយ​ត្រូវ​បង់​រហូតដល់​ខែតុលា ឆ្នាំ ២០២១​។ បំណុល​នេះ ត្រូវបាន​បង់​ដោយ​ស្វាមី​របស់​អ្នកស្រី ឈ្មោះ សួន សៀត ដែលជា​ទាហាន​ម្នាក់ ទទួលបាន​ប្រាក់ខែ​ជាង ១ លាន​រៀល​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​បារម្ភ​ទាំងអស់​ហ្នឹង ទាំង​កូន​រៀន ទាំង​សងបំណុល​គេ​ហ្នឹង​។ នៅតែ​មួយឆ្នាំ​ទៀត ខ្ញុំ​ផុត​ហើយ​(​សង​គេ​ចប់​)»​។​
 
​បន្ថែម​ពីនេះ អ្នកស្រី​ក៏បាន​ខ្ចីលុយ​ពី​គ្រួសារ​ឯកជន​ចំនួន​៣​ពាន់​ដុល្លារ ដើម្បី​រៀបចំ​អាពាហ៍ពិពាហ៍​ឲ្យ​កូនប្រុស ដែល​ក្នុង​មួយខែ​អ្នកស្រី​បង់​តែ​ការប្រាក់​ប៉ុណ្ណោះ​ចំនួន ២៤ ម៉ឺន​រៀល គឺ​ស្មើនឹង​៦០​ដុល្លារ​។ នេះ​ជា​បន្ទុក​ធ្ងន់​របស់​អ្នកស្រី​មួយចំណែក​ទៀត ដែល​អ្នកស្រី​មិនទាន់​ដឹង​ពេលណា ទើប​អាច​លោះ​លុយ​ដើម​ជំពាក់​គេ ៣ ពាន់​ដុល្លារ​នោះ​។​
 
​រស់នៅក្នុង​ឃុំ​អន្លង់​វិល​ដូច​អ្នកស្រី ជា ឈ​ត ដែរ លោក កែវ ឡេង​គី អាយុ ៤១ ឆ្នាំ ជា​កសិករ​ម្នាក់ទៀត​ក្នុងភូមិ​ព្រែក​ឈើ​ត្រាវ មានប្រសាសន៍ថា ទឹកជំនន់​ឡើងមក ៣ ដង​ជាប់​គ្នា ហើយ​ជំនន់​ចុងក្រោយ​បាន​លិច​ស្រែ​របស់លោក ២ ហិកតា ដែល​នាំ​ឲ្យ​លោក​ខាតបង់​ប្រាក់​ប្រមាណ ១ ពាន់​ដុល្លារ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​បាន​លក់​រហូត លក់បាន​ជីវភាព​គ្រាន់​ដោះស្រាយ បាន​គ្រាន់​ធូរ​។ ប៉ុន​ឥឡូវ​ចុះខ្សោយ​តិច​ហើយ​។ មួយឆ្នាំ​បើសិនជា​កើត​បាន​(​ផលិត​បាន​) គ្រាន់​ម៉ា​ហូប​គ្រប់ តែ​អាច​ចំណាយ​លក់បាន​មួយ​តោន​អី​ដែរ​»​។​
 
​កសិករ​ដែលមាន​កូន ៣ នាក់​ក៏​កំពុង​បារម្ភ​អំពី​ការ​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ប្រមាណ ២ ម៉ឺន​ដុល្លារ បើ​ទោះ​ភរិយា​របស់លោក​ជា​អ្នកទិញ​លក់​ត្រី​ទទួលបន្ទុក​បង់​គេ ១,៧ លាន​រៀល (​ប្រមាណ ៤២៥ ដុល្លារ​) ក្នុង​មួយខែ​។ លោក​ត្រូវ​បង់​រហូតដល់​ខែមីនា ឆ្នាំ ២០២៣​។ នេះ​បើតាម​ឯកសារ​កម្ចី​ដែល VOA បាន​ពិនិត្យមើល​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ជាប់បំណុលគេ​ហើយ ប្លង់​(​នៅ​នឹង​គេ​) បើសិនជា​យើង​ដោះស្រាយ​មិន​រួច​គេ​រឹបអូស​យក មានតែ​ប៉ុណ្ណឹង​»​។​
 

​លោក ជា ឆា​ម អាយុ​៤៨​ឆ្នាំ ជា​កសិករ​ក្នុង​ឃុំ​អន្លង់​វិល ខេត្តពោធិ៍សាត់ ថ្លែងប្រាប់ VOA កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ (​ស៊ុន ណារិន​/​វី​អូ​អេ​)
 

​ប្រជាជន​នេសាទ​ត្រី​ក្នុង​បឹង​តូច​មួយ ក្រោយ​ទឹកជំនន់​ស្អក ក្នុង​ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ (​ស៊ុន ណារិន​/​វី​អូ​អេ​)
 
​កសិករ​រូបនោះ​ក៏​ទទួលបាន​ពូជស្រូវ​សែន​ក្រអូប​១០០​គីឡូក្រាម​ពី​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ ប៉ុន្តែ​លោក​ស្ទាក់ស្ទើរ​មិនទាន់​ហ៊ាន​ដាំ​នោះទេ ដោយសារ​ខ្លាច​ទឹក​លិច​។​
 
​លោក​មានប្រសាសន៍ថា​៖ «​មិនទាន់​ថា​ហ៊ាន​ធ្វើ​ទេ ចាំមើល​ពាក់​កណ្តាលខែ​១១​នេះ​ទៅ បាន​ខ្ញុំ​អាចធ្វើ​បាន​។ ធ្វើ​ហើយ ទឹក​ឡើង​ភ្លឹប​ទៀត អស់ទាំង​អា​គេ​ឲ្យ​ហ្នឹង អស់ទាំង​អា​យើង​ទិញ​ថែម អស់ទាំង​អស់ (​ចប់​)​ល្មម​»​។​
 
​កាលពី​ថ្ងៃអាទិត្យ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា កម្ពុជា​នឹងរង​ឥទ្ធិពល​ព្យុះ​ឈ្មោះ​«​អេ​តូ​» ដែល​នឹង​បង្ក​ជា​សម្ពាធ​ទាប​មក​ភាគ​ខាងកើត​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ការណ៍​នេះ​អាច​នឹងធ្វើ​ឲ្យ​ភ្លៀង​ធ្លា​ក់នៅ​បណ្តា​រាជធានី​ខេត្ត នៅ​តំបន់​ខ្ពស់​រាប ភាគ​ឦសាន ខេត្ត​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ភាគខាងត្បូង និង​តំបន់​សមុទ្រ​ផងដែរ​។​
 
​លោក ទូច ស៊ុន​លី មេឃុំ​អន្លង់​វិល មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ប្រមាណ ៨០ ភាគរយ ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប ១៥០០ គ្រួសារ​ក្នុង​ឃុំ​របស់លោក រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​លិច​ស្រែ​របស់​ពួកគេ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​វា​ពិបាក​ដែរ គ្រាន់តែ​ថា​វា​មិន​ពិបាក​ទាំងស្រុង​ទេ​។ ខ្លះ​ក៏​អាច​ស្តារ​អី​ឡើងវិញ​។ អ្នក​នៅ​ជិត​មាត់​ប្រឡាយ ព្រែក​ស្ទឹង​អីចឹង​ទៅ អាច​ថា​បាន​ស្រូវពូជ​មក គាត់​អាច​បង្កបង្កើនផល​វិញ​បាន​ខ្លះ​»​។​
 
​លោក​បន្ថែមថា​៖ «​អាហ្នឹង​ជន់​ដោយ​ទឹកភ្លៀង​។ ជំនន់​ទឹកភ្លៀង​។ ហូរ​ធ្លាក់​ពីលើ​មក ស្ទឹង​ពោធិ៍សាត់​យើង​ហ្នឹង បាន​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​។ តាម​ការពិត​យើង​រាំង​យូរហើយ ដល់​បាន​ទឹក​មក ហើយ​ស្រូវ​វា​នៅ​ទាប អញ្ចឹង​ទៅ​វា​ប៉ះពាល់ ទឹក​ច្រើន វា​អាច​មិន​ងើប​រួច​»​។​
 
​មេឃុំ​រូបនោះ​ឲ្យ​ដឹង​ទៀតថា បញ្ហា​សម្រាប់​កសិករ​នៅក្នុង​ឃុំ​របស់លោក គឺ​កង្វះ​ទឹក​នៅ​រដូវប្រាំង និង​ទឹក​ឡើង​ច្រើន​នៅ​រដូវវស្សា​។​
 
​ប្រធាន​សហព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​លោក ថេ​ង សាវឿន មានប្រសាសន៍ថា កសិករ​ភាគច្រើន​គឺ​ប្រមាណ ៨០ ភាគរយ​ដែល​ជាប់បំណុលគេ​។ លោក​បន្តថា​ប្រាក់ ១ លាន​ទៅ ២ លាន​រៀល ជា​ប្រាក់​ដ៏​ច្រើន​សម្រាប់​កសិករ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ធ្វើ​ឲ្យ​ពួកគាត់​កាន់​តែមាន​បន្ទុក​ធ្ងន់ធ្ងរ ហើយ​អាច​នឹង​ធ្លាក់ខ្លួន​ក្រីក្រ​ដែរ ពីព្រោះថា​ប្រាក់កាស​ពី​ចន្លោះ​ពី​១​លាន​រៀល​ទៅ ២ លាន​រៀល ឬក៏ ២៥០ ដុល្លារ​ទៅ ៥០០ ដុល្លារ​ហ្នឹង គឺ​ច្រើនណាស់ សម្រាប់​បងប្អូន​កសិក​រ​និង​ប្រជាពលរដ្ឋ ដែល​ពួកគាត់​ត្រូវការ ដើម្បី​ធ្វើការ​ដោះស្រាយ​បំណុល​ធនាគារ​ហ្នឹង​»​។​
 
​កាលពី​ខែតុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មាន​ទាំង​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ លើកលែង​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​។​
 

​លោក កែវ ឡេង​គី អាយុ​៤១​ឆ្នាំ កសិករ ក្នុង​ឃុំ​អន្លង់​វិល ខេត្តពោធិ៍សាត់ ដើរចេញ​ពីក្នុងផ្ទះ​កាន់​ឯកសារ​កម្ចី​មីក្រូហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ (​ស៊ុន ណារិន​/​វី​អូ​អេ​)
 

​ប្រឡាយ​មេ​ស្ថិតក្នុង​ឃុំ​អន្លង់​វិល ខេត្តពោធិ៍សាត់ ដែលជា​កន្លែង​ស្តុក​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង​។ (​ស៊ុន ណារិន​/​វី​អូ​អេ​)
 
​លោក ជា ឆា​ម អាយុ​៤៨​ឆ្នាំ​ជា​កសិករ​ម្នាក់ទៀត​ក្នុង​ឃុំ​អន្លង់​វិល មានប្រសាសន៍ថា​ទឹកជំនន់​បាន​លិច​ស្រែ​របស់លោក​១​ហិកតា​។ លោក​បន្តថា​ប្រជាពលរដ្ឋ​ពឹង​ផ្អែកលើ​ប្រឡាយ​មេ​មួយ​ក្នុង​ឃុំ​នៅ​រដូវប្រាំង ប៉ុន្តែ​នៅ​រដូវវស្សា​ទឹកធំ អាច​បណ្តាល​ឲ្យ​លិច​ស្រែ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ លោក​ស្នើ​ឲ្យ​កែច្នៃ​ប្រឡាយ​ឲ្យ​បាន​ខ្ពស់ ដើម្បី​កុំ​ឲ្យ​ទឹក​ហូរហៀ​ចេញមកក្រៅ​លិច​ស្រែ​របស់​ប្រជាពលរដ្ឋ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ឥឡូវ​យើង​និយាយថា​នៅ​រដូវវស្សា វា​ចោទ​ជា​បញ្ហា​ទឹក​លិច​។ តែ​នៅ​រដូវប្រាំង ខ្វះខាត​ទឹក​វិញ​។ មិនបាច់​ឈានដល់​ដំណាក់កាល​ធ្វើ​ស្រូវប្រាំង​ទេ យើង​និយាយថា​ដាំ​ដំណាំ​តិចតួច​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ខ្វះ​ទឹក​បូម​ផង​។ ហើយ​ដល់​បូម​យូរៗ ឈ្លោះ​តែ​គ្នា​ទៀត​។ ដណ្តើម​ទឹក​គ្នា​»​។​
 
​ត្រឡប់​ទៅ​អ្នកស្រី​ជា ឈ​ត វិញ អ្នកស្រី​មានប្រសាសន៍ថា​អ្នកស្រី​កំពុង​រង់ចាំ​កូនប្រុស​ដែល​អ្នកស្រី​ខ្ចីលុយ​គេ​រៀបការ​ឲ្យ​នោះ​លក់​ដី ដើម្បី​សង​ឯកជន ដែល​អ្នកស្រី​ត្រូវ​បង់​២៤​ម៉ឺន​រៀល​ជា​រៀងរាល់ខែ គ្រាន់តែ​ការប្រាក់​ប៉ុណ្ណោះ​តាំងពី​ខែមីនា ឆ្នាំ​២០២០​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​បាន​ថ្ងៃ​ណា ឲ្យ​ថ្ងៃ​ហ្នឹង​ទៅ បង់​តែ​ការ​(​ប្រាក់​)​ឲ្យ​គេ​សិន​ទៅ​។ បានៗ បណ្តោះៗ​បណ្តើរ​ទៅ​។ ចាំមើល​កូន គេ​ថា​គេ​លក់​ដី គេ​ជួយ​ចេញ​ពាក់កណ្តាល​វិញ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com