ជាតិ
សេដ្ឋកិច្ច
អូស្ត្រាលី និង​ស្ថាប័ន​អន្តរជាតិ ជួយ​កម្ពុជា​ពង្រីក «​ថាមពល​ស្អាត​» ដើម្បី​បន្ថយថ្លៃ​ប្រើ​អគ្គិសនី​
13, Nov 2020 , 7:29 pm        
រូបភាព
អ្នកស្រី Bridget McIntosh នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ EnergyLab និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា
អ្នកស្រី Bridget McIntosh នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ EnergyLab និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា
​ដោយសារ​កូ​វីដ​-១៩ «​សប្តាហ៍​ថាមពល​ស្អាត​ឆ្នាំ​២០២០» (Clean Energy Week Cambodia) ត្រូវ​ដំណើរការ​តាម​អ៊ី​ន​ធ័​រ​ណិ​ត ចន្លោះ​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា ក្នុងនោះ​មានការ​ពិភាក្សា​តាម Webinar និង​ការរៀបចំ​ព្រឹត្តិការណ៍​នៅ​ទីតាំង​មួយចំនួន ដោយ​អនុវត្តតាម​គោល​ការ​គម្លាត​សុវត្ថិភាព​។ អូស្ត្រាលី ដែល​ស្ថាបនិក​ឧបត្ថម្ភ រួមជាមួយ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDP) និង​ស្ថានទូត​អង់គ្លេស សន្យា​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុងការ​ពង្រឹង​ថាមពល​ស្អាត ពី​ពន្លឺព្រះអាទិត្យ (​សូ​ឡា​) និង​ខ្យល់ ដើម្បី​ឈានទៅដល់​ការបញ្ចុះ​តម្លៃ​អគ្គិសនី​។​
 
«​កម្ពុ​ជាមាន​ធនធាន​ពន្លឺព្រះអាទិត្យ និង​ខ្យល់​បរិបូរណ៍​ដែល​អាចជួយ​កាត់បន្ថយ​តម្លៃ​អគ្គិសនី​បាន​»​។ នេះ​ជាការ​លើកឡើង​របស់លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី តាមរយៈ​ឃ្លី​ប​វីដេអូ​ប្រមាណ​៥​នាទី​ដើម្បី​អបអរ​ការចាប់ផ្តើម «​សប្តាហ៍​ថាមពល​ស្អាត​ឆ្នាំ​២០២០» តាម​អ៊ី​ន​ធ័​រ​ណិ​ត​។​
 
​លោក Pablo Kang បានបង្ហាញ​ពី​ការ​ជ្រោមជ្រែង​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ចំពោះ​ភាគី​កម្ពុជា​ក្នុង​កិច្ចអភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ថាមពល​ដែល​អាច​កកើត​ជាថ្មី ជាពិសេស​អូស្ត្រាលី​ក៏បាន​ឧបត្ថម្ភ​មួយចំណែក​ដល់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ក្នុងការ​រៀបចំ​ផែនការ​ថាមពល​មេ​របស់​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​គ្រោង​ដល់​ឆ្នាំ​២០៤០​ផងដែរ​។​

​លោក​បាន​លើកឡើងថា នៅ​ឆ្នាំ​២០៥០ ខ្យល់ និង​ពន្លឺព្រះអាទិត្យ នឹង​ក្លាយជា​ប្រភព​អគ្គិសនី​ផ្គត់ផ្គង់​ជាង​ពាក់កណ្តាល​ពិភពលោក  ហើយ​បច្ចុប្បន្ន ផ្ទះមួយ​ក្នុងចំណោម​៥​នៅ​អូស្ត្រាលី​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ជា​ប្រភព​អគ្គិសនី​។​
 
 
«​ក្នុងនាម​ជា​អ្នកជិតខាង និង​ជា​មិត្ត អូស្ត្រាលី​ប្តេជ្ញា​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដើម្បី​គាំទ្រ​កម្ពុជា​ក្នុង​កិច្ចប្រឹងប្រែង​ឈានទៅ​ការពង្រីក​ថាមពល​ដែលមាន​តម្លៃ​សមរម្យ អាច​ជឿជាក់​បាន និង​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រជាជន​កម្ពុជា​»​។ នេះ​ជាការ​អះអាង​របស់លោក​ឯកអគ្គរាជទូត​អូស្ត្រាលី ហើយ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត លោក​មានប្រសាសន៍ថា រដ្ឋាភិបាល​អូស្ត្រាលី កំពុង​គាំទ្រ​ដល់​កម្ពុជា​លើ​ការអភិវឌ្ឍ​ថាមពល​ស្អាត​នេះ តាមរយៈ​ក្រសួង​រ៉ែ​និង​ថាមពល​, អគ្គិសនី​កម្ពុជា​, អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​
 
​ជាមួយគ្នានេះដែរ អ្នកស្រី Bridget McIntosh នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ EnergyLab មាន​គូសបញ្ជាក់ថា «​សប្តាហ៍​ថាមពល​ស្អាត​» ជាការ​ឱកាស​ដែល​បង្ហាញ​ឲ្យ​ឃើញថា ថាមពល​ស្អាត អាច​នាំ​មកដល់​កម្ពុជា នូវ​តម្លៃ​អគ្គិសនី​ទាប និង​មានការ​កើនឡើង​នូវ​ការវិនិយោគ​។ លើសពីនេះ​គឺ​ការបង្កើត​ការងារ​ប្រកបដោយ​ចីរភាព​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​មាន​ឯករាជ្យភាព​ក្នុងការ​ប្រើប្រាស់​ថាមពល ។ 
 
​ទីភ្នាក់ងារ​ថាមពល​អ​ន្ត​រ​ជាតិ​(IEA) បាន​ផ្សាយ​អំពី​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​ឆ្នាំ​២០២០(Renewables2020)​ដោយ​បង្ហាញថា ថាមពល​កកើតឡើង​វិញ​នឹង​គ្របដណ្តប់​ថាមពល​ធ្យូងថ្ម ហើយ ថាមពល​កកើតឡើង​វិញ​នេះ នឹង​ក្លាយជា​ប្រភព​ថាមពលអគ្គីសនី​ធំ​បំផុត​លើ​ពិភពលោក នៅ​ឆ្នាំ ២០២៥​។ បើតាម​អ្នកស្រី McIntosh នេះ​បណ្តា​លពី​មូលហេតុ​នៃ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​របស់​តម្លៃ​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពលខ្យល់ នាបច្ចុប្បន្ន​។ 
 
​អ្នកស្រី​បាន​បន្តថា ថាមពល​ពន្លឺព្រះអាទិត្យ​PV និង​ខ្យល់​នៅតាម​ឆ្នេរសមុទ្រ​គឺជា​មធ្យោបាយ​ដែល​ផ្តល់​តម្លៃថោក​បំផុត​នៅពេល​បន្ថែម​រោងចក្រ​ផលិត​អគ្គិសនី​ថ្មី សម្រាប់​ប្រទេស​នានា ហើយ​នេះ​ជា​ប្រវត្តិសាស្ត្រ​ដែល​គម្រោង​ថាមពល​សូ​ឡា ផ្តល់ជូន​អគ្គិសនី​ដែលមាន​តម្លៃ​ទាប​បំផុត​។​
 
«​តម្លៃ​ដើម​[​ដែលមាន​តម្លៃ​ទាប​]​ទាំងនេះ កំពុងតែ​ចាប់ផ្តើម​មានការ​ចុះបញ្ជី​ជា​បណ្តើរៗ​នៅ​កម្ពុជា​»​។  អ្នកស្រី McIntosh មានប្រសាសន៍​បន្ថែម​ដូច្នេះ ដោយ​បញ្ជាក់ថា កសិដ្ឋាន​ថាមពល​សូ​ឡា​ដំបូងបង្អស់​របស់ កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ មានតម្លៃ ៩.២​សេន​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ ក្នុង​មួយឆ្នាំ​ក្រោយមក បាន​ចុះមក​ត្រឹម​៧.៦​សេន​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ មកដល់​ឆ្នាំ​២០១៩ ការប្រកួតប្រជែង​ដេញថ្លៃ​នៃ​កសិដ្ឋាន​ថាមពល​សូ​ឡា​ទទួល មានតម្លៃ​ត្រឹមតែ ៣.៨៧៧ សេន​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ​។  សម្រាប់ គម្រោង​ថាមពល​ស្អាត​ពី​ខ្យល់​ជា​លើកដំបូង​របស់​កម្ពុជា​នៅ​ខេត្តកំពត  ក៏​តម្លៃ​ត្រឹម ៦.៨៥ សេន​មួយ​គីឡូវ៉ាត់ម៉ោង ផងដែរ​។​
 

លោក Pablo Kang អគ្គឯករដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា(ស្តាំ)។ 
 
​នាយក​អង្គការ EnergyLab ប្រចាំ​កម្ពុជា​រូបនេះ បាន​អះអាងថា តម្លៃ​ថាមពល​ស្អាត​ទាំងនេះ បើ​ប្រៀបធៀប​ទៅនឹង​កិច្ចព្រមព្រៀង​កម្ពុជា​នាំចូល​ធ្យូងថ្ម​ពី​ឆ្នាំមុន​(២០១៩)​ពី​ប្រទេស​ឡាវ និង​គម្រោង​វា​រី​អគ្គិសនី​នៅក្នុង​ខេត្តកោះកុង គឺមាន​តម្លៃថោក​ជាង​។ កាលពី​ឆ្នាំ​២០១៩​កន្លងមក កម្ពុជា​នាំចូល​ថាមពល​ធ្យូងថ្ម ពី​ប្រទេស​ឡាវ មានតម្លៃ​៧.៧​សេន​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ រិ​ឯ​គម្រោង​វា​រី​អគ្គិសនី​នៅ​ខេត្តកោះកុង វិញ​មានតម្លៃ​រហូតដល់ ៧.៩​សេន​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ 
 
​បច្ចុប្បន្ន​អ្នកបង្កើត​គោលនយោបាយ​នៅ​កម្ពុជា កំពុង​រៀបចំ​ផែនការ​អគ្គិសនី​រហូតដល់​ឆ្នាំ​២០៤០​។ បើតាម​អ្នកស្រី​Bridget McIntosh វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​សព្វថ្ងៃនេះ  បាន​កាត់បន្ថយ​តម្រូវការ​អគ្គិសនី​។ ដូច្នេះ​ផែនការ​អគ្គិសនី​នោះ អាច​យកមក​វិភាគ​ដោយ​យកចិត្តទុកដាក់​លើ​ការកាត់បន្ថយ​នៃ​តម្លៃ ដើម្បី​គាំទ្រ​ដល់​ថាមពល​អគ្គិសនី​ដែល​អាច​ទុកចិត្តបាន​និង​មាន​តំលៃ​សមរម្យ​សម្រាប់​កម្ពុជា​៕
 

Tag:
 ថាមពល​ស្អាត​
  លោក Pablo Kang
© រក្សាសិទ្ធិដោយ thmeythmey.com