ជាតិ
២៥ខេត្ត/រាជធានី
ទេសភាព«ភ្នំណាមលៀ» នៅមណ្ឌលគិរី ទាក់ចិត្តទេសចរមិនឲ្យជិនណាយ
15, Nov 2020 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
«ភ្នំណាមលៀ» ជាភ្នំថ្មធម្មជាតិធំមួយក្នុងខេត្តមណ្ឌលគិរី ដែលមានទេសភាពធម្មជាតិស្រស់ស្អាត មើលឃើញព្រៃឈើធំល្វើងល្វើយ ដើមឈើខ្ពស់ៗ និងខ្យល់អាកាសបរិសុទ្ធល្អ។ បើតាមលោក សា ឌីណា ស្ថាបនិក Cambodia Amazing Trip Planner ភ្នំណាមលៀ បានទាក់ចិត្តទេសចរមិនឲ្យជិនណាយ តាមរយៈទេសភាពដ៏អស្ចារ្យ។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយភ្ញៀវទេសចរទៅកម្សាន្តនៅភ្នំណាមលៀដូចតទៅ៖ 



លោក សា ឌីណា ស្ថាបនិក Cambodia Amazing Trip Planner បានប្រាប់សារព័ត៌មានThmeyThmey25 អំពីការធ្វើដំណើរទៅដល់ ភ្នំណាមលៀ ថា៖« ដើម្បីធ្វើដំណើរទៅដល់ ភ្នំណាមលៀ យើងត្រូវផ្លាសប្តូរមធ្យោបាយធ្វើដំណើរសិន។ ជាធម្មតា ឡានក្រុង៤៥កៅអីអាចធ្វើដំណើរទៅដល់ស្រុកពេជ្រចិន្តា ជ្រោះប៊ូស្រា ប៉ុន្តែបច្ចុប្បន្ន ស្ពានអូផ្លាយ មានសភាពទ្រុឌទ្រោម ដោយសារគ្រោះទឹកជំនន់ និងទឹកហូរកាត់ខ្លាំង ដែលធ្វើដំណើរឆ្លងកាត់បានតែរថយន្តតូចៗប៉ុណ្ណោះ។ ដូចច្នេះហើយទើប Cambodia Amazing Trip Planner ជ្រើសរើសប្រើប្រាស់សេវាកម្មសហគមន៍ ដើម្បីទៅដល់ដែនជម្រកណាមលៀ ដែលជាកន្លែងមួយមានទេសភាពស្រស់ស្អាត ហើយបច្ចុប្បន្នកំពុងមានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តធម្មជាតិ មានភ្នំថ្មដ៏ធំមួយ។ ចំពោះការជ្រើសរើសប្រើប្រាស់សេវាកម្មសហគមន៍នេះ គឺដើម្បីជៀសវាងនូវហានិភ័យនានា ដូចជាភ្លៀងជាដើម»។ 
 

ដើម្បីទៅដល់ចង្កេះ ភ្នំណាមលៀ ត្រូវធ្វើដំណើរប្រហែល ៣០គីឡូម៉ែត្រពីកន្លែងប្តូរឡាន រយះពេល៤០នាទី រួចបន្តដំណើរថ្មើរជើងដើម្បីទៅដល់កំពូលភ្នំ។ ស្ថាបនិក Cambodia Amazing Trip Plannerរូបនេះ បានបន្ថែមថា ចំពោះរយះពេលនៃការដើរឡើងភ្នំ គឺស្ថិតលើកម្លាំងរបស់ភ្ញៀវទេសចរម្នាក់ៗ និងការស្ពាយសម្ភារផ្សេងៗរៀងខ្លួន។ បើតាមលោក សា ឌីណា អ្នកមិនធ្លាប់មានបទពិសោធឡើងភ្នំ រឺដើរព្រៃពីមុន នឹងប្រើរយះពេលយូរជាង អ្នកដែលធ្លាប់មានបទពិសោធ។ 
 
កញ្ញា យូ វណ្ណនី ជាភ្ញៀវទេសចរម្នាក់ដែលរួមដំណើជាមួយ Cambodia Amazing Trip Planner បានលើកឡើងថា៖«ដោយសារតែភាពស្រស់ស្អាតរបស់ភ្នំថ្មណាមលៀ និងភាពល្បីល្បាញដែលថាមានភាពលំបាកក្នុងការធ្វើដំណើរដើម្បីទៅដល់កំពូលភ្នំបានជំរុញ វណ្ណនី មានចិត្តចង់សាកល្បងឡើងភ្នំណាមលៀ បើទោះជាមិនធ្លាប់មានបទពីសោធឡើងភ្នំថ្មពីមុនក្តី»។
ដោយឡែកយុវជន សា វណ្ណូរិន ជាភ្ញៀវទេសចរម្នាក់ដែលមកលេងកម្សាន្តភ្នំណាមលៀជាលើកទី៣ បានឲ្យដឹងថា៖«ទោះជាការឡើងភ្នំមានភាពលំបាកពិតមែន ប៉ុន្តែវាមានភាពសប្បាយជាមួយទេសភាពព្រៃភ្នំ។ នៅពេលឡើងភ្នំ ខ្ញុំបានត្រៀមស្បែកជើងឡើងភ្នំ ពាក់អាវដៃវែង និងខោកីឡាជើងវែង»។ យុវជន វណ្ណូរិន បានអំពាវនាវដល់ភ្ញៀវទេសចរឲ្យមកសាកល្បងឡើងភ្នំណាមលៀ ពីព្រោះវាមានទេសភាពស្រស់ស្អាត។
  
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ តុលា-១ វិច្ឆិកា ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្តបោះតង់រយៈពេល ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី។ តាមរយៈដំណើរកម្សាន្ត បាននាំភ្ញៀវទេសចរទៅកាន់តំបន់ទេសចរណ៍នានា នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍៕ 
 


















Tag:
 ភ្នំណាមលៀ
  ខេត្តមណ្ឌលគិរី
  Cambodia Amazing Trip Planner
© រក្សាសិទ្ធិដោយ thmeythmey.com