សភាថៃ នៅថ្ងៃទី១៧ វិច្ឆិកានេះ បានបើកកិច្ចប្រជុំពិភាក្សាដេញដោលលើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាការទាមទារមួយរបស់បាតុកម្មរាប់សប្ដាហ៍មកនេះ។ កិច្ចប្រជុំនេះ នឹងពិភាក្សាលើសំណើកែរដ្ឋធម្មនុញ្ញចំនួន៧ ដើម្បីសម្រេចថា សំណើណាមួយនឹងត្រូវយកមកពិចារណានៅដំណាក់កាលបន្ទាប់។ ស្របពេលដែលសភាកំពុងប្រជុំ បាតុករប្រឆាំងបានប៉ះទង្គិចជាមួយប៉ូលិសនៅខាងក្រៅបរិវេណអាគារ ស្របពេលក្រុមគាំទ្ររដ្ឋាភិបាលក៏ជួបជុំក្បែរនោះដែរ។
តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាថៃ ត្រូវបោះឆ្នោតយល់ព្រមលើសេចក្តីព្រាងច្បាប់ណាមួយក្នុងចំណោមសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៧ ក្រោយកិច្ចប្រជុំពីរថ្ងៃ ដែលចាប់ផ្ដើមនៅថ្ងៃទី១៧ ខែវិច្ឆិកា។
សេចក្តីព្រាងច្បាប់ចំនួន៦ដោយឡែកពីគ្នា ដែលស្នើដោយរដ្ឋាភិបាល និងគណបក្សប្រឆាំងត្រូវបានជជែកគ្នារួចរាល់ហើយតាំងពីខែកញ្ញា។ ប៉ុន្តែការបោះឆ្នោតត្រូវបានផ្អាកដោយសារសមាជិកព្រឹទ្ធសភា និងរដ្ឋាភិបាលស្នើបង្កើតគណៈកម្មការដើម្បីសិក្សាពីសេចក្តីព្រាងច្បាប់ទាំង៦ខាងលើ។ ចំណែកសេចក្តីព្រាងច្បាប់ទី៧ ស្នើឡើងដោយក្រុមសង្គមស៊ីវិល iLaw ដែលមានអ្នកគាំទ្រចំនួន១សែននាក់។
សេចក្តីព្រាងច្បាប់ចំនួន៣ រួមទាំងរបស់ក្រុមសង្គមស៊ីវិល(iLaw) ផង ក៏ស្នើឲ្យបង្កើតសភាធម្មនុញ្ញដើម្បីសរសេររដ្ឋធម្មនុញ្ញថ្មី។ លោក Wirach Ratanasate តំណាងរាស្ត្របក្សកាន់អំណាចនិយាយថា សភា នឹងប្រជុំពិភាក្សា១៤ម៉ោង បន្ទាប់មកនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ណាមួយក្នុងចំណោម៧។
បើតាមកាសែតបាងកកប៉ុស្តិ៍ គណបក្សប្រឆាំងចំនួន៦ ដែលដឹកនាំដោយបក្ស Pheu Thai បញ្ជាក់ពីការគាំទ្រសេចក្តីព្រាងច្បាប់ទាំង៧។ ចំណែកបក្សឆ្ពោះទៅមុខ យកសេចក្តីព្រាងច្បាប់ iLaw មកធ្វើជាសេចក្តីព្រាងច្បាប់គោលក្នុងការពិភាក្សា។
ខណៈសមាជិកសភាកំពុងជជែកពីសំណើកែរដ្ឋធម្មនុញ្ញ អាគារវិមានសភាវិញ មានការការពារយ៉ាងតឹងតែង និងមានការរឹតត្បិតការចេញចូល ដោយបាតុករទាំងប្រឆាំង ទាំងគាំទ្របានជួបជុំគ្នានៅខាងក្រៅ។ ប៉ូលិសទីក្រុងបាងកក បានដាក់កងកម្លាំងចំនួន១,៣៥០នាក់ដើម្បីការពារ។ បន្ថែមពីនេះ ប៉ូលិសថៃថែមទាំងបានរៀបចំផែនការក្នុងការជម្លៀសតំណាងរាស្ត្រក្នុងករណីបាតុករអុកឡុកក្នុងសភាផងដែរ។
បាតុករមួយក្រុមតូចដែលជាក្រុមរាជានិយម បានបង្ហាញខ្លួននៅមុខសភា នាព្រឹកថ្ងៃទី១៧ វិច្ឆិកា ប្រឆាំងនឹងការធ្វើវិសោធនកម្មនេះ។ ក្រុមបាតុករ ក៏មានបំណងសុំឲ្យតុលាការធម្មនុញ្ញផ្អាកដំណើរការវិសោធនកម្មនេះផងដែរ។ នៅរសៀលនេះ ខណៈសភាកំពុងប្រជុំ ប៉ូលិសបង្ក្រាបបាតុកម្មបានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករដែលប៉ុនប៉ងទម្លុះរនាំងរបស់ប៉ូលិស។
លោក Chuan Leekpai ប្រធានសភាថៃ អះអាងថា លោកមិនរំពឹងថា នីតិវិធីក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានរារាំងឡើយដោយបាតុករឡើយ។ ដោយសំដៅបាតុករ លោកនិយាយថា កុំដាក់សម្ពាធលើតំណាងរាស្ត្រក្នុងការបោះឆ្នោត ហើយយល់ល្អគួរឲ្យតំណាងរាស្ត្របោះឆ្នោតដោយឯករាជ្យ៕