ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
កញ្ញា ឱក សុចិ​ន្ដា ជំរុញ​ឱ្យ​យុវជន​ចាប់ផ្ដើម​បង្កើត​ទម្លាប់​កាត់បន្ថយ​ប្លា​ស្ទិ​ក ដើម្បី​កម្ពុជា​ស្អាត​
18, Nov 2020 , 10:10 am        
រូបភាព
​ភ្នំពេញ​៖ កញ្ញា ឱក សុចិ​ន្តា បានរស់នៅ​ដោយ​គ្មាន​សំណល់ រយៈពេល​២​ឆ្នាំ​ហើយ គឺ​អំឡុងពេល​កញ្ញា កំពុង​សិក្សា​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​ប្រទេស​ហុង​គ្រី​។ ក្នុង​ចេតនា​ចង់​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក យុវតី​វ័យ​២៣​ឆ្នាំ​រូបនេះ បានចាប់ផ្ដើម​រស់នៅ​គ្មាន​សំណល់ និង​បាន​បង្កើត​មាតិកា​ទាក់ទង​នឹង​បរិស្ថាន​នៅក្នុង​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក យូ​ធូប និង​អ៊ី​ន​ស្ដា​ក្រាម ដែលមាន​ឈ្មោះថា​Zerow នា​ចុងឆ្នាំ​២០១៨​។ ជា​យុវតី​ដែល​ខ្នះខ្នែង​ថែរក្សា​បញ្ហា​បរិស្ថាន សុចិ​ន្ដា ចង់ឃើញ​ពលរដ្ឋ ពិសេស​យុវជន​កាន់តែច្រើន​ចាប់ផ្ដើម​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក ដើម្បីឱ្យ​កម្ពុជា និង​ផែនដី​ស្អាត​។
 
 
​កញ្ញា ឱក សុចិ​ន្ដា ជា​ស្ថាបនិក Zerow  និង បាន​ប្រកាន់​ភ្ជាប់​ការរស់នៅ​ដោយ​គ្មាន​សំណល់​បាន​រយៈពេល​ប្រមាណ​២​ឆ្នាំ​ហើយ​។ តាមពិតទៅ សុចិ​ន្ដា បាន​ស្គាល់​ការរស់នៅ​ដោយ​គ្មាន​សំណល់ តាំងពី​ឆ្នាំ​២០១៧​មក​ម្លេះ គឺ​តាមរយៈ​ការចូលរួម​កម្មវិធី​តស៊ូ​មតិ​មួយ ដែល​ជជែក​ពី​បញ្ហា​បរិស្ថាន តែ​កាលនោះ​នាង​មិនទាន់​រស់នៅ​ដោយ​គ្មាន​ប្លា​ស្ទិ​ក​ភ្លាម​នោះទេ​។ ដោយ​មើលឃើញ​កំណើន​សំណល់​ប្លា​ស្ទិ​ក កាន់តែ​ច្រើនឡើងៗ សុចិ​ន្ដា ក៏បាន​ងាក​មក​រស់នៅ​ដោយ​គ្មាន​សំណល់ និង​បាន​បង្កើត​វីដេអូ​ទាក់ទង​នឹង​សកម្មភាព​ខ្លួន​រស់នៅ​គ្មាន​សំណល់ និង​របៀប​កែច្នៃ​សំណល់​ប្លា​ស្ទិ​ក នៅលើ​បណ្ដាញ​សង្គម​ដែលមាន​ឈ្មោះថា «Zerow»​។  
 
​ដើមឡើយ ការរស់នៅ​ដោយ​គ្មាន​សំណល់ មិនមែនជា​រឿង​ងាយស្រួល​នោះទេ ពោល​វា​ក៏​ទាមទារ​ពេលវេលា និង​ជាពិសេស​ការតាំង​ចិត្ត​ខ្ពស់​។ យុវតី​វ័យ​២៣​ឆ្នាំ​រូបនេះ រៀបរាប់​ដូច្នេះ​៖« យើង​រស់នៅ​ធម្មតា យើង​មិនសូវ​គិតគូរ អ្វីដែល​យើង​ទិញ​មក​ហ្នឹង វា​នឹង​ក្លាយទៅជា​សំរាម​ទេ​។ ប៉ុន្តែ​បន្ទាប់ពី​រស់នៅ​Zerow Waste  គឺ​យើង​ត្រូវ​ផ្លាស់ប្ដូរ​បែបបទ នៃ​ការរស់នៅ​របស់​យើង ដែល​ពេល​ទិញ​អី ឬ​ចេញទៅ​ក្រៅ​យើង​ត្រូវ​រៀបចំ ដើម្បីឱ្យ​យើង​អត់​ប្រើ​ប្លា​ស្ទិ​ក​»​។​



​ទោះបីជា​បានចាប់ផ្តើម​រស់នៅ​ដោយ​គ្មាន​សំណល់​ជាង​២​ឆ្នាំ​មកហើយ​ក្ដី ក៏​នៅមាន​សកម្មភាព​មួយចំនួន​ដែល សុចិ​ន្តា មិនអាច​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​បំពុលបរិស្ថាន​បាន​។ តាម ចិន្តា សកម្មភាព​ទាំងនោះ មានដូចជា​ផលិតផល​ថែរក្សា​សម្រស់ គ្រឿងទេស និង​ការប្រើ​មធ្យោបាយ​ធ្វើដំណើរ​ជាដើម​។ ទោះជា​យ៉ាងនេះ​ក្តី ក៏​កញ្ញា ឱក សុចិ​ន្តា នៅតែ​លើកទឹកចិត្ត ឲ្យ​មាន​ចូលរួម កាត់បន្ថយ​សំណល់​ពី​សាធារណជន​។ «Zerow Waste  មិន​គិតតែ​ពី​សំរាម​ក្នុងផ្ទះ​យើង​ទេ យើង​គិត​លើ​កាកសំណល់​ផ្សេងៗ​ទៀត​។ ខ្ញុំ​គិតថា​យើង​មិនចាំបាច់ ទាល់តែ​បាន​១០០​ភាគរយ យើង​ហៅ​ខ្លួនឯង​ថា Zerow Waste បានទេ​។ យើង​ចាប់ផ្ដើម Zerow Waste​នេះ ពី​ចំណុច​ណាមួយ​ទៅ ហើយ​យើង​ដើរ​ទៅមុខ​ទាំងអស់គ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា សុចិ​ន្ដា​។ 
​កញ្ញា សុចិ​ន្ដា សប្បាយចិត្ត​ពេល​អ្នកគាំទ្រ បាន​ចូលរួម​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​
 
​ក្នុង​រយៈពេល​២​ឆ្នាំ នៃ​ការផ្លាស់ប្ដូរ​ទម្លាប់​រស់​នៅ​នេះ សុចិ​ន្ដា ទទួលស្គាល់ថា ខ្លួនឯង​ហាក់​ស្រាល​ខ្លួន​ជាង​មុន​។ ស្រាល​ខ្លួន​ជាង​មុន ព្រោះ​អី​នៅក្នុង​ផ្ទះ​មិនមាន​សំរាម​ប្លា​ស្ទិ​ក និង​អីវ៉ាន់​ច្រើន​ដូច​មុន ជាងនេះទៀត​នាង​ក្លាយជា​មនុស្ស​មាន​វិន័យ​ជាង​មុន ដោយពេល​ចេញ​ក្រៅ នាង​តែង​យក​ប្រអប់​ដាក់​អីវ៉ាន់​ជាប់​ខ្លួន​ជានិច្ច ដើម្បី​ជៀស​ប្រើ​ប្លា​ស្ទិ​ក​។ 
​ក្នុង​សម្ដី​មួយៗ សុចិ​ន្ដា បាន​លើកឡើងថា «Zerow» ត្រូវបាន​គេ​ស្គាល់​ច្រើន ជាពិសេស​ខ្លះទៀត​បាន​ងាក​មក​ចាប់ផ្ដើម​រស់នៅ​ដោយ​គ្មាន​សំណល់ ដ្បិត​ពីដំបូង ចិន្ដា​មិន​រំពឹងថា មាន​អ្នក​ចាប់អារម្មណ៍​ពី​ការរស់នៅ​ដោយ​គ្មាន​សំណល់​ច្រើន​បែបនេះ​ទេ​។ សុចិ​ន្ដា បាន​អះអាង​ដូច្នេះ​ថា​៖«​មាន​ពួកគាត់​ជាច្រើន​បាន​ផ្ញើ​សារ​មក​ផ្ទាល់​ថា បន្ទាប់ពី​គាត់​បាន​មើល​វីដេអូ​ហ្នឹង គាត់​ចាប់ផ្ដើម គិត​រឿង​ហ្នឹង ហើយ​គាត់​ចាប់ផ្ដើម​កាត់បន្ថយ​សំរាម ហើយ​មាន​អ្នកខ្លះ​គាត់​ចាប់ផ្ដើម​រស់នៅ​ដោយ​គ្មាន​សំណល់​តែម្ដង​។ អីចឹង​ខ្ញុំ​គិតថា​តិច ឬ​ច្រើន​វា​បញ្ជ្រាប​ដល់​ពួកគាត់ ពីព្រោះ​ការប្រើ​បណ្ដាញ​សង្គម វា​មាន​ឥទ្ធិពល​មែនទែន ពីព្រោះថា​មនុស្ស​យើង ចំណាយពេល​ច្រើន​លើ​បណ្ដាញ​សង្គម​»​។​
 

 
​សម្រាប់ កញ្ញា សុចិ​ន្ដា ជឿជាក់ថា សកម្មភាព​តិចតួច​ក្នុងការ​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​របស់​បុគ្គល​ម្នាក់ៗ ជាការ​រួមចំណែក​ដ៏​សំខាន់ និង​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​កម្ពុជា និង​ពិភពលោក​ទាំងមូល​។​« ពិភពលោក​អត់​ត្រូវការ​មនុស្ស​ម្នាក់​ដែល​រស់នៅ​ដោយ​គ្មាន​សំណល់​ល្អឥតខ្ចោះ​ទេ ប៉ុន្តែ​ត្រូវការ​មនុស្ស​ច្រើន​រួមគ្នា មក​ធ្វើ​វា​។ ព្រោះ​បើសិន​មានតែ​ម្នាក់ ធ្វើ​ល្អ​ក៏​មិនសូវ​ប្រែប្រួល​ដែរ តែបើ​មនុស្ស​ច្រើន​នាក់ ធ្វើ​ម្នាក់​បន្តិចៗ វា​ជះឥទ្ធិពល​ច្រើន​ដល់​ពិភពលោក​»​។ នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា ឱក សុចិ​ន្ដា​។  
 
​នៅក្នុង​កាលៈទេសៈ​នេះ កញ្ញា ចិន្ដា បាន​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ស្រលាញ់​បរិស្ថាន និង​យុវជន ត្រូវ​ចាប់​ផ្ដើមធ្វើ ដើម្បី​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា​និង​ផែនដី ហើយ​ធ្វើជា​គំរូ​ដល់​អ្នក​ជំនន់​ក្រោយ​។ «​សារ​អត់​មានអី​ទេ គ្រាន់​ចង់​ប្រាប់ថា ឥឡូវ​ដល់ពេល​ហើយ ដែល​យើង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ទម្លាប់​។



យើង​គ្រាន់តែ​ដឹងៗ​ពី​បញ្ហា យើង​អត់​អាចជួយ​អី​បានទេ ទាស់​តែ​យើង​ចាប់​ផ្ដើមធ្វើ​។ ហើយ​ចាប់​ផ្ដើមធ្វើ​ហ្នឹង បើសិនជា​យើង​អត់​ទាន់​ដាក់ចិត្ត ហ៊ាន​និយាយថា​ខ្ញុំ​ធ្វើ​វា​ទេ យើង​នៅមាន​ឥទ្ធិពល​តិចៗ ផ្លាស់ប្ដូរ​បាន​តិចៗ បើសិន​អ្នក​ទាំងអស់គ្នា​ចង់ ឃើញ​លទ្ធផល​ពេញ​មួយ​ទំហឹង​។ កុំ​ខ្វល់​ថា​យើង​រស់នៅ​គ្មាន​សំណល់ បានល្អ​ឬ​មិនល្អ កុំ​ខ្វល់ យើង​ចាប់​ផ្ដើមធ្វើ​ទាំងអស់គ្នា ហើយ​ចាប់ផ្ដើម​នាំ​អ្នក​ជុំវិញខ្លួន​ឱ្យមកធ្វើ​អីចឹង​ដែរ​»៕  
 

Tag:
 ប្លា​ស្ទិ​ក
 ​ឱក សុចិ​ន្ដា​
  Zerow Waste
© រក្សាសិទ្ធិដោយ thmeythmey.com