អាមេរិក, អង់គ្លេស, អូស្ត្រាលី, កាណាដា និងនូវែលសេឡង់ ឬក្រុមប្រទេស Five Eyes នៅថ្ងៃទី១៨ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលចោទចិនថា បានធ្វើខុសសន្យារបស់ខ្លួននៅក្នុងឆ្នាំ ១៩៨៤។ ការចោទប្រកាន់របស់ក្រុមប្រទេស Five Eyes ធ្វើឡើងបន្ទាប់ពី សមាជិកសភាហុងកុងចំនួន ៤នាក់ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ត្រូវបានបញ្ចប់តំណែងសមាជិកសភា។
ថ្មីៗនេះ រដ្ឋាភិបាលហុងកុង បានបញ្ចប់សមាជិកសភាហុងកុងចំនួន ៤នាក់ ដោយសំអាងថា អ្នកទាំងនោះ បានបំពានច្បាប់មូលដ្ឋានហុងកុង និងគាំទ្រទណ្ឌកម្មអាមេរិក។ ការដកសមាជិកសភានេះ ធ្វើឡើងបន្ទាប់ពី គណៈអចិន្ត្រៃយ៍នៃសភាប្រជាជនចិន អនុម័តសេចក្តីសម្រេចលើ «គុណសម្បត្តិរបស់សមាជិកសភាហុងកុង»។ បន្ទាប់ពីដកសិទ្ធិសមាជិកសភាទាំង៤នាក់នោះ សមាជិកសភាផ្សេងទៀត ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យដែលនោះ ក៏បានប្រកាសលាលែងពីតំណែងនេះដែរ។
ក្រុមប្រទេសចែករំលែកចារកិច្ចទាំង ៥ (Five Eyes) ដែលមានអាមេរិក, អង់គ្លេស, អូស្ត្រាលី, កាណាដា និងនូវែលសេឡង់ រិះគន់រដ្ឋាភិបាលចិនជាថ្មី។ «សកម្មភាពចិន បង្ហាញយ៉ាងច្បាស់ពីការបំពានកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដែលស្ថិតក្រោមសេចក្តីប្រកាសរួមរវាងចិន-អង់គ្លេសឆ្នាំ១៩៨៤»។ សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសក្រុមប្រទេស Five Eyes បានលើកឡើងបែបនេះ ដោយបន្ថែមថា សកម្មភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងហុងកុងចុងក្រោយនេះ ជាផ្នែកមួយនៃការបំបិទសំឡេងរិះគន់ដ៏សំខាន់នៅក្នុងតំបន់រដ្ឋបាលពិសេស។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAFP ក្រុមប្រទេសទាំង៥ បានបន្តទៀតថា ដើម្បីជាប្រយោជន៍នៃស្ថិរភាពនិងវិបុលភាពក្រុងហុងកុង អាជ្ញាធរចិន និងហុងកុង ត្រូវតែគោរពប្រជាជនហុងកុង តាមរយៈការបញ្ចេញមតិ និងការព្រួយបារម្ភមួយចំនួន។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមប្រទេស Five Eyes ចេញមុខលើកឡើងពីបញ្ហាហុងកុង។ កន្លងមក ក្រុមប្រទេសមួយនេះ ក៏បានជំរុញឲ្យតំបន់រដ្ឋបាលពិសេសហុងកុង រៀបចំការបោះឆ្នោតឲ្យបានឆាប់រហ័សផងដែរ បន្ទាប់ពីលើកថ្ងៃបោះឆ្នោតសភាហុងកុង ដែលត្រូវធ្វើនៅថ្ងៃទី៩ ខែសីហា ទៅឆ្នាំក្រោយវិញ។
ក្រុមប្រទេស Five Eyes ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤១ ដើម្បីចែករំលែកព័ត៌មានសម្ងាត់ និងធ្វើចារកិច្ចលើបញ្ហាមួយចំនួន។ រយៈពេលចុងក្រោយ សម្ព័ន្ធមិត្តមួយនេះ ផ្ដោតការងារខ្លាំងលើចិន។
សូមបញ្ជាក់ថា សេចក្តីប្រកាសរួមរវាងចិន-អង់គ្លេសឆ្នាំ ១៩៨៤ ជាសន្ធិសញ្ញាមួយ ដែលបើកផ្លូវឲ្យអង់គ្លេសប្រគល់ទឹកដីហុងកុងមកឲ្យចិនវិញនៅក្នុងឆ្នាំ១៩៩៧។ ចំណុចមួយក្នុងសន្ធិសញ្ញាបានចែងថា ក្នុងរយៈពេល ៥០ឆ្នាំ បន្ទាប់ពីអង់គ្លេសប្រគល់ហុងកុងឲ្យមកចិន គោលនយោបាយមូលដ្ឋានរបស់ចិន ដែលទាក់ទិននឹងហុងកុង នឹងមិនត្រូវមានការផ្លាស់ប្តូរអ្វីឡើយ ក្នុងនោះក៏រួមបញ្ចូលទាំងស្វ័យភាពកម្រិតខ្ពស់របស់ហុងកុងផងដែរ។ ចំណុចនេះ ក៏មានចែងនៅក្នុងច្បាប់មូលដ្ឋានរបស់ហុងកុង។
សេចក្តីប្រកាសរួមចិន-អង់គ្លេសឆ្នាំ ១៩៨៤នេះ ត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីចិន Zhao Ziyang និងសមភាគីអង់គ្លេស លោកស្រី Margaret Thatcher ។ កិច្ចចរចាលើសេចក្តីប្រកាសរួមនេះ ត្រូវចំណាយពេលចរចារហូតដល់ ២ឆ្នាំឯណោះ ពោលគឺចាប់តាំងពីនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Margaret Thatcher ធ្វើដំណើរទស្សនកិច្ចទៅចិននៅក្នុងឆ្នាំ ១៩៨២ ៕