អន្តរជាតិ
ដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់អាមេរិកទៅតៃវ៉ាន់ ត្រូវលើកពេលវិញ 25, Nov 2020 , 7:29 pm
លោក Andrew Wheeler ប្រធានទីភ្នាក់ការពារបរិស្ថានអាមេរិក។ រូបភាព AFP
× ដំណើរទស្សនកិច្ចរបស់លោក Andrew Wheeler ប្រធានទីភ្នាក់ងារការពារបរិស្ថានអាមេរិក ទៅកាន់តៃវ៉ាន់ ត្រូវបានលើកពេលវិញ ព្រោះលោក Wheeler មានការងារក្នុងស្រុកច្រើន។ តៃវ៉ាន់ បង្ហាញការសោកស្ដាយចំពោះការលើកពេលនេះ តែស្វាគមន៍ដំណើរទស្សនកិច្ចនៅពេលក្រោយៗ។ ការផ្អាកដំណើរទស្សនកិច្ចនេះ ក៏នឹងធ្វើឲ្យចិនត្រជាក់ចិត្តវិញដែរ។
លោក Andrew Wheeler ប្រធានទីភ្នាក់ងារការពារបរិស្ថានអាមេរិក ដែលជាសមាជិកគណៈរដ្ឋមន្ត្រីអាមេរិកដែរនោះ គ្រោងធ្វើទស្សនកិច្ចនៅតៃវ៉ាន់បីថ្ងៃចាប់ពីថ្ងៃទី៥ ខែធ្នូ ដែលនឹងធ្វើឲ្យលោកក្លាយជាមន្ត្រីអាមេរិកទីបីជាន់ទឹកដីតៃវ៉ាន់តាំងពីខែសីហាមក។ ចិនប្រកាសជំហរជំទាស់ខ្លាំងនឹងទស្សនកិច្ចនេះ ក្រោយតៃវ៉ាន់ប្រកាសគម្រោងរួចមក។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ទីភ្នាក់ងារការពារបរិស្ថានអាមេរិក ប្រកាសពីពន្យារពេលដំណើរទស្សនកិច្ចរបស់លោក Wheeler ។ បើតាមអ្នកនាំពាក្យទីភ្នាក់ងារនេះ លោក James Hewitt ដោយសារការងារអាទិភាពក្នុងស្រុកច្រើន ដំណើរទស្សនកិច្ចលោក Wheeler ទៅកាន់តៃវ៉ាន់ ត្រូវបានពន្យារពេល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ក្រសួងការបរទេសតៃវ៉ាន់ឯណោះ និយាយថា វាជារឿងសោកស្ដាយដែលដំណើរទស្សនកិច្ចនេះ មិនអាចធ្វើបានតាមការគ្រោងទុក ប៉ុន្តែតៃវ៉ាន់នៅតែបើកចំហដល់ទស្សនកិច្ចកម្រិតខ្ពស់នៅថ្ងៃក្រោយ។ អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ លើកឡើងថា តៃវ៉ាន់ នឹងបន្តកិច្ចសហប្រតិបត្តិការផ្នែកបរិស្ថានជាមួយរដ្ឋបាលថ្មីរបស់លោក ចូ បៃឌិន មកពីបក្សប្រជាធិបតេយ្យដើម្បីរៀបចំដំណើរទស្សនកិច្ចណាមួយជាថ្មី។
ច្បាស់ណាស់ថា ការលើកពេលដំណើរទស្សនកិច្ចលើកនេះ នឹងធ្វើឲ្យចិនលែងក្ដៅស្លឹកត្រចៀកបន្តិច ក្រោយឆេះដុំខ្លាំងលើដំណើរទស្សកិច្ចពីរលើកមុនរបស់រដ្ឋមន្ត្រីសុខាភិបាល Alex Azar និងអនុរដ្ឋលេខាធិការក្រសួងការបរទេស Keith Krach ។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កើនទំនាក់ទំនងខ្លាំងជាមួយតៃវ៉ាន់ ពិសេសការអនុញ្ញាតឲ្យលក់អាវុធតម្លៃរាប់រយលានដុល្លារឲ្យតៃវ៉ាន់។ ជារឿយៗ ទីក្រុងប៉េកាំងប្រាប់ទីក្រុងវ៉ាស៊ីនតោនឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ដែលប្រៀបដូចជាការផ្ដល់ក្ដីស្រមៃមិនអាចសម្រេចបានឲ្យតៃវ៉ាន់ដូច្នោះដែរ៕
Tag:
អាមេរិក
ចិន
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com