ជាតិ
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុល ព្រះពុទ្ធបដិមាមួយអង្គ នៅកំពូលប្រាសាទអង្គរវត្ត 26, Nov 2020 , 8:29 am
រូបបដិមាព្រះពុទ្ធជួសជុលរួចរាល់ ២៥ ១១
×
ដោយ៖ ស៊ុល រ៉វី
ព្រះពុទ្ធបដិមាមួយព្រះអង្គនៅទិសខាងត្បូងនៃកំពូលប្រាសាទអង្គរវត្ត ដែលមានសភាពចុះខ្សោយនេះ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកានេះ។
កន្លងមកព្រះពុទ្ធបដិមាអង្គនេះមានបញ្ហាមួយចំនួន នៅត្រង់ព្រះកេស ព្រះភក្ដ្រ ជើងផ្នែកខាងក្រោម និងជើងទម្រទប់លំនឹងគុណភាពចុះខ្សោយ បណ្ដាលឲ្យទម្ងន់រូប សង្កត់ធ្ងន់លើបាតជើងក្រោម ដែលជាហេតុធ្វើឲ្យជើងក្រោមប្រេះបាក់បែកដោយទ្រទម្ងន់ធ្ងន់។ នេះបើតាម លោក សយ សុភារិន្ទ ជាមន្ត្រីជំនាញអភិរក្សចម្លាក់នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ។
លោក សយ សុភារិន្ទ បន្តទៀតថា ដើម្បីជួយដល់បដិមាឲ្យមានភាពល្អប្រសើរឡើងវិញ ក្រុមអភិរក្សរបស់លោក បានអង្កេតមើលពីស្ថានភាពខូចខាតជាប្រចាំ ហើយសិក្សាស្រាវជ្រាវចងក្រង និងជួសជុលទាន់ពេលវេលា មុនបង្ករការខូចខាតដល់រូបបដិមាទាំងមូល។ ហើយព្រះកាយបដិមា ត្រូវបានក្រុមការងាររបស់លោកបានសម្អាតតាមវិធីស្ងួត ដោយប្រើច្រាស់នឹងជក់ទន់ៗបោសធូលី ក្ដាំងធូលី សំបុកពីងពាងជាដើម និងប្រើប្រាស់ការសម្អាតសើម ដោយសម្អាតលើស្នឹមខ្មៅដោយសារផ្សែងធូប ទៀន ក្លាយជាកំណកក្ដាំងអំបិលលើព្រះកាយ ព្រះភក្ដ្រ និងព្រះកេស ក៏ដូចជាវិភាគពីសារធាតុដែលយកមកសម្អាត ដើម្បីពង្រឹងកន្លែងពុកផុយ ហើយរក្សាពណ៌ដើមបានផងដែរ។
យ៉ាងណាមិញ ព្រះពុទ្ធបដិមាអង្គនេះពីមុនជាប់នឹងជញ្ជាំងសន្ធប់ទ្វារបន្ទប់នៅរួតបាកាណ តែត្រូវបានដាប់ចេញពីជញ្ជាំងនៅក្នងសម័យអាណានិគមបារាំងប្រហែលឆ្នាំ ១៩៤៣ ក្នុងគោលបំណងជីកកំណាយអណ្ដូងកណ្ដាលតួបាកាណចុះទៅក្រោមរបស់អ្នកស្រាវជ្រាវបុរាណ៕
Tag:
ថ្មីៗ25
សៀមរាប
ព្រះពុទ្ធបដិមា
អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com