កីឡាជាតិ
ជាតិ
កីឡាការិនីកាយសម្ព័ន្ធ ម៉ូ ស្រីពៅ ព្យាយាមដណ្តើមឲ្យបានមេដាយនៅស៊ីហ្គេម២០២៣
27, Nov 2020 , 9:59 pm        
រូបភាព
(រាប់ពីឆ្វេង)យុវតី ឌឹម អូនធីតា និង​ ម៉ូ ស្រីពៅ កីឡាការិនីជម្រើសជាតិកីឡាកាយសម្ព័ន្ធ
(រាប់ពីឆ្វេង)យុវតី ឌឹម អូនធីតា និង​ ម៉ូ ស្រីពៅ កីឡាការិនីជម្រើសជាតិកីឡាកាយសម្ព័ន្ធ
ដោយ:
កីឡាការិនីជម្រើសជាតិកីឡាកាយសម្ព័ន្ធ ម៉ូ ស្រីពៅ និង ឌឹម អូនធីតា សុទ្ធតែអះអាងពីការត្រៀមខ្លួនរួចរាល់ក្នុងដំណើរឆ្ពោះទៅប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគា្ននេះ យុវតីទាំងពីរ ប្តេជ្ញាថា ពួកគេនឹងខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាព ដើម្បីគោលដៅរបស់ពួកគេ ដែលចង់ដណ្តើមមេដាយស៊ីហ្គេមជូនជាតិមាតុភូមិ។
 
ស្ថិតក្នុងវ័យ១៦ឆ្នាំកីឡាការិនី ម៉ូ ស្រីពៅ ហាក់ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ក្នុងវិស័យកីឡាកាយសម្ព័ន្ធ ក្រោយប្រឡូកអស់រយៈពេល៤ឆ្នាំកន្លងមកនេះ។ ការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងហ្វឹកហាត់ក្រោមការចង្អុលបង្ហាញពីគ្រូបង្វឹក ជួយឲ្យកីឡាការិនីមកពីខេត្តកំពង់ស្ពឺរូបនេះ បានឈ្នះមេដាយមាស៤ជាបន្តបន្ទាប់ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ។ 
 
 
ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ ស្រីពៅ ដែលស្ថិតក្នុងក្រុមជម្រើសជាតិថ្នាលកីឡាកាយសម្ព័ន្ធ ដណ្តើមបានមេដាយមាស១លើវិញ្ញាសាអាអេរ៉ូប៊ិកឯកត្តជន។ បន្ទាប់មករូបគេដណ្តើមបានមេដាយមាស១ទៀតក្នុងការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ មុនរូបគេឈ្នះមេដាយមាសពីរនៅឆ្នាំ២០១៩ ដែលជាឆ្នាំដំបូង ដែលរូបគេត្រូវបានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដំឡើងពីក្រុមជម្រើសជាតិថ្នាលមកក្រុមឈុតធំ។ 
 
ភាពជោគជ័យទាំងនេះ បានផ្តល់ទំនុកចិត្តកាន់តែខ្ពស់ សម្រាប់កូនពៅក្នុងគ្រួសារមានបងប្អូន៣នាក់រូបនេះ ក្នុងការត្រៀមឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កីឡាការិនីវ័យក្មេងរូបនេះជឿជាក់ថា ខ្លួននឹងអាចដណ្តើមមេដាយពីព្រឹត្តិការណ៍នេះជូនកីឡាកាយសម្ព័ន្ធ ក៏ដូចជាប្រទេសកម្ពុជា។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗកីឡាការិនី ម៉ូ ស្រីពៅ បានបង្ហាញការតាំងចិត្តយ៉ាងដូច្នេះថា៖«ខ្ញុំប្តេជ្ញាថា ខ្ញុំនឹងខំប្រឹងព្យាយាមហ្វឹកហាត់ឲ្យដល់ឆ្នាំ២០២៣ ដើម្បីដណ្តើមយកមេដាយមាសជូនប្រភេទកីឡាកាយសម្ព័ន្ធ។ ខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់ចាប់ពីថ្ងៃនេះទៅ ដើម្បីឲ្យបានមេដាយ ទោះបីមិនបានមេដាយមាស ឬប្រាក់ មេដាយសំរឹទ្ធក៏យកដែរ»។ 
 
មិនខុសគ្នាពីកីឡាការិនី ម៉ូ ស្រីពៅ នោះទេ យុវតី ឌឹម អូនធីតា ក៏ជាកីឡាការិនីឆ្នើមថ្នាក់ជាតិមួយរូបផងដែរ។ ក្រោយប្រឡូកក្នុងវិស័យនេះតាំងពីឆ្នាំ២០១៤ រូបគេ ដណ្តើមបានមេដាយមាស និងប្រាក់មិនតិចជាង៥គ្រឿងនោះទេ។ បើតាមកីឡាការិនីវ័យ១៥ឆ្នាំរូបនេះ រូបគេ ធ្លាប់ដណ្តើមបានមេដាយមាស៣ និងប្រាក់២ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ។ 
 
កីឡាការិនីមកពីខេត្តកំពង់ឆ្នាំងរូបនេះហាក់មានជំនឿចិត្តខ្ពស់ក្នុងការសាងប្រវត្តិសាស្ត្រជូនកីឡាកាយសម្ព័ន្ធក្នុងការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣។ រូបគេបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖««ខ្ញុំនឹងខិតខំហ្វឹកហាត់ចាប់ពីថ្ងៃនឹងទៅ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចដណ្តើមយកមេដាយ(ស៊ីហ្គេម)ជូនកីឡាកាយសម្ព័ន្ធ»។ 
 
កីឡាការិនីវ័យក្មេងទាំងពីររូបខាងលើ ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ១លើកកាលពីឆ្នាំ២០១៩ នៅប្រទេសកូរ៉េខាងត្បូង។ ដោយកាលនោះ កីឡាការិនីទាំងពីររូបទទួលបានចំណាត់ថ្នាក់លេខ៤៕  
 

Tag:
 កាយសម្ព័ន្ធ
  ម៉ូ ស្រីពៅ
  ឌឹម អូនធីតា
© រក្សាសិទ្ធិដោយ thmeythmey.com