COVID-19
ជាតិ
សេដ្ឋកិច្ច
ទិន្នផលវារីវប្បកម្មឆ្នាំ២០២០នេះ កើនឡើង ៣០ភាគរយ
29, Nov 2020 , 8:29 am        
រូបភាព
អេង ជាសាន អគ្គនាយកនៃនាយកដ្ឋានជលផល
អេង ជាសាន អគ្គនាយកនៃនាយកដ្ឋានជលផល
ទិន្នផលវារីវប្បកម្មឆ្នាំ២០២០នេះ កើនឡើង ៣០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ទោះបីកម្ពុជាប្រឈមមុខនឹងវិបត្តកូវីដ-១៩ក្តី។នេះបើតាមលោក អេង ជាសាន ប្រធានរដ្ឋបាលជលផល ដែលបានលើកឡើង ក្នុងសន្និសីទសារព័ត៌មានស្ដីពី«កិច្ចអន្ដរាគមន៍ ឆ្លើយតបនឹងការស្ដារឡើងវិញបន្ទាប់ពីគ្រោះមហន្ដរាយទឹកជំនន់ ក្នុងផលិតកម្មកសិកម្ម» នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
 
ប្រធានរដ្ឋបាលជលផលរូបនេះ បានបញ្ជាក់ថា ឆ្នាំ២០២០នេះ ទិន្នផលវារីវប្បកម្មមានចំនួន ៤០០ពាន់តោន ខណៈឆ្នាំ២០១៩ មានប្រមាណ ៣០៧ពាន់តោន។ លោក អេង ជាសាន បានបញ្ជាក់ថា ការកើនឡើងនូវទិន្នផលវារីវប្បកម្មឆ្នាំនេះ ដោយសារមានការជំរុញ និងលើកទឹកចិត្តដល់កសិករ ពីរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលជលផល។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា កន្លងមក បានផ្ដល់ទឹកប្រាក់ចំនួន ២ពាន់លានដុល្លារ សម្រាប់គាំទ្រផ្នែកវារីវប្បកម្មលើខេត្តចំនួន១០។ តាមរយៈការងារនេះ រដ្ឋបាលជលផលបានជំរុញការងារចិញ្ចឹមត្រី និងកង្កែប ដល់គ្រួសារវារីវប្បកម្មបានចំនួន ១ ,០០០គ្រួសារ រួចមកហើយ និងត្រៀមអនុវត្តជាបន្តបន្ទាប់។ នេះបើតាមប្រធានរដ្ឋបាលជលផល។
 
ដ្បិតការងារវារីវប្បកម្មមានការកើនឡើង តែកម្ពុជានៅតែមានការនាំចូលនូវផលនេសាទក្នុងមួយឆ្នាំប្រមាណ ១៥ពាន់តោន។ «យើងនាំចូលផ្ដោតសំខាន់តែរបស់មួយចំនួនដែលកម្ពុជាមិនមាន ដូចជា មឹកធំ ក្ដាមសមុទ្រធំ ត្រីធូណា និងត្រីសាល់ម៉ុនជាដើម»។ នេះជាការបញ្ជាក់របស់លោក អេង ជាសាន ដែលបានបន្ថែមថា ការនាំចូលនេះ មិនមានផលប៉ះពាល់ដល់ការចិញ្ចឹមរបស់កសិករខ្មែរនោះទេ។ ៕
 
  
 

Tag:
 វារីវប្បកម្ម
 ចិញ្ចឹមត្រី
 ជលផល
© រក្សាសិទ្ធិដោយ thmeythmey.com