អន្តរជាតិ
លោក ត្រាំ ថា លោក​គ្មាន​ថ្ងៃ​ព្រម​ទទួលស្គាល់​ជ័យជម្នះ​លោក បៃ​ឌិន ឡើយ​
30, Nov 2020 , 10:59 am        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក ថ្លែងទៅកាន់អ្នកកាសែតនៅសេតវិមានកាលពីពេលកន្លងទៅ ។ រូបភាព៖ AFP
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក ថ្លែងទៅកាន់អ្នកកាសែតនៅសេតវិមានកាលពីពេលកន្លងទៅ ។ រូបភាព៖ AFP
ដោយ:
​ក្នុង​កិច្ច​សម្ភាស​ទូរទស្សន៍​លើកទីមួយ​ចាប់តាំងពី​បរាជ័យ​ការបោះឆ្នោត​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា បាន​បញ្ជាក់ថា លោក​គ្មាន​ថ្ងៃ​ព្រម​ទទួលស្គាល់​ជ័យជម្នះ​របស់​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ចូ បៃ​ឌិន ហើយ​លោក​ក៏​មិន​ព្រម​បោះបង់ចោល​ការចោទប្រកាន់​ថា ការបោះឆ្នោត​មាន​ការលួចបន្លំ​ផងដែរ​។
 
«​វា​មិន​ងាយ​ដែល​អ្នកនឹង​ផ្លាស់ប្តូរ​គំនិត​ខ្ញុំ​បានឡើយ​។ គំនិត​ខ្ញុំ នឹងមិន​ប្រែប្រួល​ក្នុងពេល​៦​ខែ​»​។ លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​បែបនេះ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក Fox News នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​។ លោក​ក៏​នៅតែ​ចោទប្រកាន់​គ្មាន​ភស្តុតាង​ថា ការបោះឆ្នោត មាន​ការលួចបន្លំ​ទាំងស្រុង ហើយ​បើ​រាប់​តែ​សន្លឹកឆ្នោត​ស្របច្បាប់ លោក​ឈ្នះឆ្នោត​យ៉ាង​ស្រួល​។  
​ទោះជា​លោក ត្រាំ បន្ត​វាយប្រហារ​លើ​សុក្រឹតភាព​របស់​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក ក្រុមការងារ​ផ្នែក​ច្បា​ប់លោក ពុំទាន់​ផ្តល់​ភ​ត្តុ​តាង​ជាក់លាក់​ណាមួយ​ដែល​អាច​យកទៅ​តតាំង​ក្នុង​តុលាការ​នោះឡើយ​។ ការប្ដឹងតវ៉ា​ប្រឆាំង​លទ្ធផល​ឆ្នោត​របស់លោក​ត្រាំ និង​ក្រុមការងារ​លោក ត្រូវបាន​ចៅ​ក្រុម​ច្រានចោល​ជា​បន្តបន្ទាប់​នៅ​ទូទាំងប្រទេស​។ 
 
​ការបាក់​មុខ​ចុងក្រោយ​របស់លោក​ត្រាំ កើតឡើង​ក្រោយ​តុលាការ​កំពូល​រដ្ឋ Pennsylvania កាលពី​ថ្ងៃ​សៅរ៍ ទី​២៨ ខែវិច្ឆិកា បាន​ទ​ម្លា​ល់​ចោលការ​ប្ដឹងតវ៉ា​របស់​ក្រុម​អ្នកគាំទ្រ​លោក ត្រាំ ដែល​ព្យាយាម​ប្រឆាំងនឹង​ជ័យជម្នះ​របស់លោក បៃ​ឌិន ក្នុង​រដ្ឋ​នេះ​។ 
 
​ក្នុង​កិច្ច​សម្ភាស​រយៈពេល​៤៥​នាទី លោក ត្រាំ បញ្ជាក់ថា លោក​ព្យាយាម​ដាក់បញ្ចូល​ភស្តុតាង តែ​ចៅ​ក្រុម​មិន​អនុញ្ញាត ហើយ​ថា​៖«​យើង​មាន​ភស្តុតាង​ច្រើនណាស់​»​។ ម្យ៉ាងវិញទៀត លោក​ខកចិត្ត​ដែល​ក្រសួងយុត្តិធម៌ និង​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើបអង្កេត (FBI) មិន​ជួយ​លោក​។ «​ពួកគេ​អត់​ធ្វើ​អ្វី​ទាំងអស់​»​។ លោក ត្រាំ លើកឡើង​បែបនេះ មុននឹង​បន្ថែមថា តុលាការ​កំពូល​គួរតែ​ចូលមក​ធ្វើ​អន្តរាគមន៍ បើ​មិន​ដូច្នេះ អ្វី​ជា​តួនាទី​របស់​តុលាការ​កំពូល​។  
 
​លោក បៃ​ឌិន បានឈ្នះ​ប្រតិភូ​បោះឆ្នោត ៣០៦ ទល់នឹង​លោក ត្រាំ ២៣២​។ ដើម្បី​ក្លាយជា​ម្ចាស់​សេត​វិមាន បេក្ខជន ត្រូវការ​សន្លឹកឆ្នោត​ពី​ប្រតិភូ​បោះឆ្នោត​យ៉ាងតិច ២៧០ ។ សន្លឹកឆ្នោត​របស់​ប្រជាជន​អាមេរិក ជា​អ្នក​រើស​ប្រតិភូ​បោះឆ្នោត​តាម​រដ្ឋ តែ​ពុំ​កំណត់​លទ្ធផល​អ្នកឈ្នះ​ឡើង​ធ្វើជា​ប្រធានាធិបតី​ឡើយ​។ ទោះជា​មិន​រើស​ប្រធានាធិបតី​ដោយផ្ទាល់​ក្តី សន្លឹកឆ្នោត​ពលរដ្ឋ តំណាង​ឲ្យ​និ​ម​ត្តិ​រូប​នយោបាយ​មួយ​។ តាម​លទ្ធផល​ចុងក្រោយ លោក បៃ​ឌិន ក៏​ឈ្នះឆ្នោត​ដែល​បោះ​ដោយ​ពលរដ្ឋ​អាមេរិក ជាមួយ​លទ្ធផល​៥១​ទល់នឹង​៤៧​ភាគរយ​។ 
 
​កន្លងមក បេក្ខជន​ចាញ់ឆ្នោត​ប្រធានាធិបតី​អាមេរិក តែង​ប្រកាស​ព្រម​ទទួលស្គាល់​លទ្ធផល​ភ្លាមៗ ហើយ​សហការ​ក្នុង​ដំណើរការ​ផ្ទេរអំណាច​។ ក៏ប៉ុន្តែ​លោក ត្រាំ ជាង​៣​សប្ដាហ៍​មកហើយ នៅតែ​រឹងរូស ទោះបីជា​កាលពី​សប្ដាហ៍​មុន ព្រម​បើកផ្លូវ​ឲ្យ​លោក​បៃ​ឌិន​ដំណើរការ​ផ្ទេរអំណាច​ផ្លូវការ​។ ប្រតិភូ​បោះឆ្នោត​ទាំង​៥៣៨ នឹង​ជួបគ្នា នា​ថ្ងៃទី ១៤ ខែធ្នូ ដើម្បី​បោះឆ្នោត​កំណត់​ជ័យជម្នះ​ជា​ផ្លូវការ​របស់លោក បៃ​ឌិន មុនពេល​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​មួយ​នេះ នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃទី ២០ ខែ មករា​៕ 
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com