ជាតិ
ផ្លូវ​៣៨​ខ្សែ​ក្រុង​សៀមរាប មាន​រៀប​បណ្តាញ​លូទឹក​ភ្លៀង ទឹក​កខ្វក់ ប្រព័ន្ធ​ការពារ​ទឹកជំនន់ និង​ការបញ្ចៀស​ជន់​លិច​ក្រុង​
30, Nov 2020 , 9:19 pm        
រូបភាព
លោក ស៊ុន ចាន់ថុល ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​ដែលមាន​ប្រវែង​សរុប​ជិត​១០៩​គីឡូម៉ែត្រ នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា ឆ្នាំ​២០២០​។
លោក ស៊ុន ចាន់ថុល ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​ដែលមាន​ប្រវែង​សរុប​ជិត​១០៩​គីឡូម៉ែត្រ នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា ឆ្នាំ​២០២០​។
​ការសាងសង់​ផ្លូវ​តូច​-​ធំ​ទាំង​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ដែល​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ នឹង មាន​រៀបចំ​បណ្តាញ​លូទឹក​ភ្លៀង បណ្តាញ​លូទឹកកខ្វក់ ប្រព័ន្ធ​ការពារ​ទឹកជំនន់ និង​ប្រព័ន្ធ​បញ្ចៀស​ការ​ជន់​លិច​ទីក្រុង​សៀមរាប​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន  ដោយ​បន្តថា ផ្លូវ​៣៨​ខ្សែ​នេះ  នឹងមាន​ការរៀបចំ​ឱ្យមាន​ផ្លូវ​ថ្មើ​ជើង ផ្លូវ​សម្រាប់​ជនពិការ និង​ផ្លូវ​សម្រាប់​ជិះ​កង់ ជាដើម​។




អត្ថបទទាក់ទង

 
​បើតាម​ប្រសាសន៍​របស់លោក ស៊ុន ចាន់ថុល ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​ដែលមាន​ប្រវែង​សរុប​ជិត​១០៩​គីឡូម៉ែត្រ នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា​នេះ ក្រៅពី​មាន​រៀបចំ​បណ្តាញ​លូ និង​ប្រព័ន្ធ​បញ្ចៀស​ការលិចលង់​ក្រុង​ហើយ​នោះ ក៏មាន​រៀបចំ​ការដាក់​បង្គោល​ភ្លើង​សម្រាប់​បំ​ភ្លើង​ផ្លូវ  រៀបចំ​ប្រព័ន្ធ​ខ្សែកាប ប្រព័ន្ធ​បញ្ជូន​ចរន្តអគ្គិសនី  និង​ផ្លាកសញ្ញា​ចរាចរណ៍​ផ្សេងៗ និង​កាមេរ៉ា​សុវត្ថិភាព ផងដែរ​។ 
 
​រចនាសម្ព័ន្ធ​នៃ​ការសង់​សាង​ផ្លូវ​ទាំង​៣៨​ខ្សែ​ដែលមាន​តម្លៃ​ប្រមាណ​៣៥០​លាន​ដុល្លារ​នេះ ត្រូវបាន​បែងចែក​ជា​បួន​ប្រភេទ​។  ប្រភេទ​ផ្លូវ​ទី​១៖ ជា​ផ្លូវ​ស្ថិតក្នុង​តំបន់​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន និង​មាន​កម្រាល​ផ្លូវ​ល្អ​។ ផ្លូវ​នេះ គឺ​ត្រូវ​ជួសជុល​ដោយ​អ៊ុត​ក្រាល​បេតុង​កៅស៊ូ​AC កម្រាស់​៥​សង់ទីម៉ែត្រ ឡើងវិញ​។ ប្រភេទ​ទី​២៖ ជា​ផ្លូវ​ស្ថិតក្នុង តំបន់​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន និង​មាន​កម្រាល​ផ្លូវ​មិនល្អ​។ ផ្លូវ​ប​ប្រភេទ​នេះ គឺ​ត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង សរសៃដែក​កម្រាស់​២០​សង់ទីម៉ែត្រ រួច​ក្រាល​បេតុង​កៅស៊ូ​AC កម្រាស់​៧​សង់ទីម៉ែត្រ​ពីលើ​។ ប្រភេទ​ទី​៣៖ ជា​ផ្លូវ​មិន​ស្ថិតនៅ​តំបន់​មាន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន ក៏ត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក​កម្រាស់​២០​សង់ទីម៉ែត្រ​។ រីឯ​ប្រភេទ​ទី​៤៖​ជា​ផ្លូវ​វាង​ក្រុង ដោយ​កំណាត់​ផ្លូវ​ដែលមាន​តួ​ផ្លូវ​នៅ​ល្អន​បោះ គឺ​ត្រូវ​ជួសជុល​និង​អ៊ុត​ក្រាល​បេតុង​កៅស៊ូ​AC​ឡើងវិញ ហើយ កំណាត់​ផ្លូវ​ដែលមាន​តួ​ផ្លូវ​មិនល្អ នឹងត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក​កម្រាស់​២៥​សង់ទីម៉ែត្រ​។ នេះ​បើតាម លោក ស៊ុន ចាន់ថុល​។ 


 
​កាលពី​ថ្ងៃទី​១៥​វិច្ឆិកា​ឆ្នាំ​២០២០ ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​គម្រោងការ​សាងសង់​ផ្លូវ ក្នុង​ក្រុង​សៀមរាប  លោក ស៊ុន ចាន់ថុល បាន​លើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ នឹង​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន ចំនួន​ប្រាំមួយ​ដោយ​បែង​ចែ​គ្នា​ធ្វើជា​កំណាត់ៗ​។ រដ្ឋមន្ត្រី​សាធារណការ​រូបនេះ បាន​បញ្ជាក់ថា ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​របស់​ក្រុមហ៊ុន​ទាំង​៦​នោះ គឺ​នឹងមាន​ក្រុមការងារ​ជំនាញ​ក្រសួង​សាធារណការ​នឹង​ចុះ​ពិនិត្យ​តាមដាន​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំងនេះ ដើម្បីឱ្យ​សាងសង់​ផ្លូវ​នីមួយៗ អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដារ​បច្ចេកទេស ដោយ​ធានាបាន​នូវ​គុណភាព​ជាប់​រឹងមាំ   បញ្ចប់​គម្រោង​តាម​ផែនការ និង​ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល​។ 
 

​លោក ស៊ុន ចាន់ថុល ធ្លាប់​ព្រមាន​ដល់​ក្រុមហ៊ុន​នីមួយៗ​ដែល​ទទួលបន្ទុក​សាង់​សង​ផ្លូវ​ទាំងនេះ ដូច្នេះ​៖« បើ​អង្គភាព​ណា ធ្វើ​ផ្លូវ​ទាំងនោះ មិនត្រូវ​តាម​បច្ចេកទេស និង​ស្តង់ដារ​ទេ គឺ​ក្រសួង មិន​ទូទាត់​ប្រាក់​ឱ្យ ឡើយ​»​។​
 
​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​ដែល​កំពុង​សាងសង់​នោះ មានឈ្មោះ រុក្ខវិថី​ព្រះសីហនុ​, វិថី​សម្តេច​តេ​ជោ ហ៊ុន សែន សន្តិភាព​,   វិថី​សម្តេច​ក្រឡាហោម ស ខេង​, ផ្លូវ​៧​មករា​, ផ្លូវ​លោកតា​ទៀវ​ណឺ​យ​, ផ្លូវ​ស្រប​មាត់​ស្ទឹង​ប៉ែក​ខាងកើត​, ផ្លូវ​ចូល​បារាយណ៍​ខាងលិច​...៕ 







Tag:
 ផ្លូវ​៣៨​ខ្សែ
© រក្សាសិទ្ធិដោយ thmeythmey.com