រយៈពេល១៥ថ្ងៃ ដោយគិតពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះទៅ គឺជាដំណាក់កាល ដែលកម្ពុជា ត្រូវឆ្លងកាត់ការទប់ទល់នឹងជំងឺកូវីដ-១៩ កំពុងឆ្លងចូលសហគមន៍។ ប្រមុខរដ្ឋាភិបាល លើកឡើងថា កម្ពុជា អាចគ្រប់គ្រងជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍នេះ បានឬមិនបាន គឺអាស្រ័យលើការប្រឹងប្រែងរបស់រដ្ឋាភិបាលនិងការចូលរួមរបស់ប្រជាជនគ្រប់រូប។
ថ្លែងចេញពីពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដូច្នេះថា៖ «ពីថ្ងៃនេះទៅ រយៈពេល១៥ថ្ងៃយ៉ាងតិច ជាដំណាក់កាលសាកល្បងដ៏ធំបំផុតរបស់កម្ពុជា ឆ្លងរួច មិនរួច គឺនៅពេលហ្នឹងឯង»។
ប្រមុខរដ្ឋាភិបាល សង្ឃឹមថា ប្រជាពលរដ្ឋ នឹងចូលរួមជាមួយរដ្ឋាភិបាល ដើម្បីយកឈ្នះនិងបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺសំដៅលើការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើស្ត្រីម្នាក់ជាភរិយារបស់មន្ត្រីខ្ពស់នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃជាស្វាមី និងសមាជិកមួយចំនួនក្នុងគ្រួសារពួកគាត់ រួមទាំងអ្នកផ្សេងទៀត ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ដែរ។ ប្រមុខរដ្ឋភិបាល ចាត់ទុកព្រឹត្តិការណ៍នេះ ថាជាការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ជាលើកដំបូងនៅកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្កត់ធ្ងន់ថា បើទប់ស្កាត់ជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍នេះ មិនបានទាន់ពេលវេលាទេ វា នឹងបង្កគ្រោះមហន្តរាយដល់ប្រទេសជាតិ។ សម្តច ហៅការប្រយុទ្ធប្រឆាំងនឹងព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ក្នុងដំណាក់កាលនេះ ថាធំធេងជាងការធ្វើសង្គ្រាមនៅតាមទល់ដែនទៅទៀត។
សម្តេចប្រមុខរដ្ឋាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក។ ជាមួយគ្នានេះ សម្តេច អំពាវនាវឲ្យប្រជាពលរដ្ឋទូទៅ បន្តប្រុងប្រយ័ត្នកាន់តែខ្ពស់ ចំពោះជំងឺកូវីដ-១៩ ដោយត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និង ឧស្សាហ៍លាងដៃ ជាដើម។
ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាទៅអភិបាលរាជធានី-ខេត្ត ឬមន្ត្រីថ្នាក់មូលដ្ឋាន ឲ្យចុះទៅផ្តល់ថវិកាយ៉ាងតិច២ម៉ឺនរៀលក្នុង១ថ្ងៃ និងស្បៀងអាហារផ្សេងៗទៀត ដល់គ្រួសារក្រីក្រ ដែលមានសមាជិកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល១៥ថ្ងៃ។ សម្តេច ប្រាប់ទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំង ឲ្យយកថវិកា ដែលទទួលបានពីសប្បុរសជន ទម្លាក់ទៅឲ្យអភិបាលរាជធានី-ខេត្ត សម្រាប់ចំណាយការលើការផ្តល់ជូនប្រជាពលរដ្ឋក្រីក្រទាំងនោះ ដែលត្រូវធ្វើចត្តាឡីស័ករយៈពេល១៥ថ្ងៃ។
គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មនុស្សជាង២,២ពាន់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយរកឃើញមនុស្ស១៤នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍នេះ។ ក្រសួង នៅតែបន្តធ្វើតេស្តរកមេរោគកូវីដ-១៩លើមនុស្សផ្សេងទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។ បច្ចុប្បន្ន កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣២៣នាក់ ដោយក្នុងនោះ បានជាសះស្បើវិញ៣០១នាក់។
មុនរកឃើញថាមានជំងឺកូវីដ-១៩ ស្ត្រីជាភរិយារបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃរូបនោះ បានទៅផ្សារអ៊ីអន១ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ល៉ោះហើយក្រសួងសុខាភិបាល ក៏សម្រេចបិទផ្សារនេះមួយរយៈខ្លីសិន។ ក្រសួងសុខាភិបាល ទទួលបានព័ត៌មានទៀតថា ស្ត្រីរូបនេះ ក៏បានទៅសណ្ឋាគារភ្នំពេញដែរ ដូច្នេះ សណ្ឋាគារនេះ ត្រូវបិទរយៈពេលខ្លីដូចគ្នា។
បន្ថែមពីនេះ ក្រសួងសុខាភិបាល នៅទទួលបានព័ត៌មានទៀតថា កូនប្រុសរបស់ស្ត្រីរូបនោះ រៀននៅសាលាឯកជនឈ្មោះសាលារៀនអន្តរទ្វីបអមេរិកាំង សាខាចាក់អង្រែ ដែលជាហេតុតម្រូវឲ្យក្រសួងអប់រំ ត្រូវបិទសាលារៀនអន្តរទ្វីបអមេរិកាំងសាខាចាក់អង្រែរយៈពេល២សប្តាហ៍។ ប៉ន្តែ បន្ទាប់មក ក្រសួងអប់រំ សម្រេចបិទសាលាឯកជនរយៈពេល២សប្តាហ៍ នៅទូទាំងប្រទេសតែម្តង។
ចំណែក សាលារដ្ឋវិញ ត្រូវក្រសួង សម្រេចបញ្ចប់ឆ្នាំសិក្សាចាស់ហើយ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះទៅ ហើយនឹងត្រូវបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ លើកលែងតែសិស្សថ្នាក់ទី១២ប៉ុណ្ណោះ ដែលត្រូវបន្តការសិក្សាជាធម្មតា ដើម្បីត្រៀមប្រឡងបាក់ឌុប នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០។ រីឯ ការប្រឡងឌីប្លូម នៅតែប្រព្រឹត្តទៅតាមការរៀបចំទុក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្មីៗនេះ កម្ពុជា បានឆ្លងកាត់ព្រឹត្តិការណ៍ដ៏លំបាកមួយរួចមកហើយ គឺព្រឹត្តិការណ៍៣វិច្ឆិកា ដែលសំដៅដល់ដំណើរទស្សនកិច្ចរបស់លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រី និងគណៈប្រតិភូរបស់លោក នៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មក លោក ក៏ត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ខែវិច្ឆិកា ពេលទៅដល់ប្រទេសថៃ។
មានមនុស្ស៣-៤ពាន់នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា បានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយរកឃើញមនុស្ស៤នាក់។ អ្នកទាំង៤នោះ មានជនជាតិខ្មែរ៣នាក់ គឺ តំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និង អង្គរក្ស ហើយម្នាក់ទៀត គឺលោកឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា។ ក្នុងចំណោមអ្នកទាំង៤នាក់ មានម្នាក់ គឺតំណាងរាស្ត្រ បានជាសះស្បើយវិញហើយ៕