COVID-19
អន្តរជាតិ
WHO ព្រមាន​ថា គ្រុនចាញ់​នឹង​សម្លាប់​មនុស្ស​ច្រើនជាង​កូ​វីដ​-១៩ នៅ​តំបន់​អនុសា​ហា​រ៉ា​
30, Nov 2020 , 10:59 pm        
រូបភាព
ការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់នៅប្រទេសហ្កាណា។ រូបភាព៖AFP
ការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់នៅប្រទេសហ្កាណា។ រូបភាព៖AFP
ដោយ:
​អង្គការ​សុខភាព​ពិភពលោក​(WHO) នៅ​ថ្ងៃទី​៣០ វិច្ឆិកា បាន​ព្រមាន​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​នៅ​តំបន់​អនុសា​ហា​រា​អាហ្វ្រិក (Sub-Saharan Africa) នឹង​ច្រើនជាង​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ ទៅទៀត ដោយសារតែ​សេវា​បង្ការ​ជំងឺ​នេះ​ត្រូវបាន​រំខាន អំឡុងពេល​មាន​ជំងឺឆ្លង​កូ​វីដ​-១៩​។
 
​របាយការណ៍ WHO ក្នុង​ឆ្នាំ​២០១៩ បាន​បង្ហាញថា មនុស្ស​ប្រមាណ​៤​សែន​៩​ពាន់​នាក់​ស្លាប់ ដោយសារ​ជំងឺគ្រុនចាញ់ ដោយ​ភាគច្រើន​ជា​ទារក​ដែល​រស់នៅ​តំបន់​ក្រីក្រ​បំផុត​ក្នុង​ទ្វីបអាហ្វ្រិក​។ ដោយ​សម្អាង​លើ​របាយការណ៍​ចុងក្រោយបង្អស់ WHO ប៉ាន់​ស្មានថា ចំនួន​អ្នកស្លាប់​ដោយសារ​គ្រុនឈាម​នៅ​តំបន់​អនុសា​ហា​រ៉ា​អាហ្វ្រិក នឹងមាន​ចំនួន​ច្រើនជាង​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩​។​
 
«​ការប៉ាន់ស្មាន​របស់​យើង ស្ថិត​លើ​កម្រិត​នៃ​ការរំខាន​លើ​ការបង្ការ​ដោយសារ​កូ​វីដ​-១៩ និង​ដែល​អាច​បណ្តាល​ឲ្យ​ចំនួន​ស្លាប់​កើនឡើង​ពី​២​ម៉ឺន ទៅ​១​សែន​ករណី​បន្ថែម​នៅ​តំបន់​អនុសា​ហា​រា​អាហ្វ្រិក ដែល​ភាគច្រើន​ជា​កុមារ​»​។ លោក Pedro Alsonso នាយក​កម្មវិធី​គ្រុនចាញ់​របស់ WHO ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ​ថ្ងៃទី​៣០ ខែវិច្ឆិកា​។ 
 
​ក្នុង​ឆ្នាំ​២០១៩ WHO អះអាងថា ជំងឺគ្រុនចាញ់​មាន​ចំនួន​២២៩​លាម​ករណី​នៅ​ទូទាំង​ពិភពលោក​។​WHO  អះអាងថា ប្រទេស​មួយចំនួន បាន​បង្ការ​ការឆ្លង​ដោយ​ជំងឺគ្រុនចាញ់​បាន​យ៉ាង​ប្រសើរ បើទោះបីជា​ត្រូវ​ប្រឈម​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩ ក្តី​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ប្រទេស​អាហ្វ្រិក​មួយចំនួន​ដែល​រងគ្រោះ​ខ្លាំង​នឹង​ជំងឺគ្រុនចាញ់ ពុំ​សូវ​ជាមាន​ការរីកចម្រើន​ប្រសើរ​ប៉ុន្មាន​ឡើយ​តាំងតែ​ពី​ឆ្នាំ​២០១៦ ក្នុងការ​ទប់ស្កាត់​ជំងឺគ្រុនចាញ់​។​
 
​ដោយសារតែ​ជំងឺ​នេះ​ឆ្លងតាម​មូស​ខាំ ប្រជាជន​ពាក់កណ្តាល​ពិភពលោក​ប្រឈម​នឹង​ឆ្លង​ជំងឺ​នេះ​។ ជំងឺគ្រុនចាញ់ សម្លាប់​កុមារ​ជា​មធ្យម​ម្នាក់​រៀងរាល់​ពេល​២​នាទី​។ ទោះជា​យ៉ាងណាក្តី ការយកចិត្តទុកដាក់​លើ​ជំងឺ​នេះ ត្រូវបាន​បង្វែរ​ដើម្បី​បង្ការ​ជំងឺ​ឯទៀត​ដូចជា​ជំងឺ​កូ​វីដ​-១៩ ជាដើម ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង និង​ស្លាប់មាន​ការកើនឡើង​។ លោក Pedro អះអាងថា ពិភពលោក​ដែល​គ្មាន​ជំងឺគ្រុនចាញ់​ពិបាក​នឹង​សម្រេចបាន​ណាស់​សម្រាប់​ជំនាន់​នេះ​។​
 
​លោក Peters Sand នាយក​គ្រប់គ្រង​ការប្រយុទ្ធ​នឹង​ជំងឺ​អេ​ដ​ស៏ របេង និង​គ្រុនចាញ់​របស់​អង្គការ​មូលនិធិ​ពិភពលោក និយាយថា របាយការណ៍​ខាងលើ​បាន​ផ្សព្វផ្សាយ​ទាន់ពេលវេលា​។ នេះ​បើ​យោងតាម​សារព័ត៌មាន Reuters​។ លោក​អះអាងថា ស្ថាន​ប័ន​សុខភាព​ពិភពលោក សារព័ត៌មាន និង​អ្នកនយោបាយ ផ្តោត​ការយកចិត្តទុកដាក់​សឹងតែ​ទាំងស្រុង​ទៅលើ​ជំងឺ​កូ​វីត​-១៩ ដែល​មានន័យថា ជំងឺគ្រុនចាញ់​ដែល​សម្លាប់​មនុស្ស​៤​សែន​នាក់​រៀងរាល់ឆ្នាំ ទទួលបាន​ការយកចិត្ត​ទុកដាក់​តិចតួច​៕
 

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com