COVID-19
កីឡាជាតិ
ជាតិ
ផ្អាក​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​រយៈពេល​១៥​ថ្ងៃ​
30, Nov 2020 , 11:29 pm        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​៣០ វិច្ឆិកា ឆ្នាំ​២០២០ នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ស្តីពី​ការផ្អាក​ការហាត់​ប្រាណ និង​លេង​កីឡា​ដែលមាន​លក្ខណ​ប្រមូលផ្តុំ​រយៈពេល​១៥​ថ្ងៃ​។ កិច្ចប្រជុំ សិក្ខាសាលា និង​ការជួបជុំ​មាន​គ្នា​លើសពី​២០​នាក់ ក៏ត្រូវ​បាន​ក្រសួង​ហាម​ផងដែរ​។
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ការផ្អាក​នេះ គឺ​ដើម្បី​ចូលរួមចំណែក​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។ ការផ្អាក​នេះ ត្រូវបាន​អនុវត្ត​តែ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​តែប៉ុណ្ណោះ​។  
 
​បន្ថែម​លើ​នេះ ក្រសួង​អប់រំ បញ្ជា​ឲ្យ​ផ្អាក​ដំណើរការ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ និង​ឯកជន និង​ផ្អាក​ការសិក្សា​របស់​សិស្ស​ថ្នាក់​ទី​១២ និង​ការរៀន​បំប៉ន​ត្រៀមប្រឡង​នៅតាម​គ្រឹះស្ថានសិក្សា ឬ​មាន​លក្ខណ​ប្រមូលផ្តុំ​។ ការរៀបចំ​កិច្ចប្រជុំ សិក្ខាសាលា និង​ការជួបជុំ​មាន​គ្នា​លើសពី​២០​នាក់ ក៏ត្រូវ​បាន​ហាម​ផងដែរ​។ 
 
​ថ្វី​ដ្បិត​ក្រសួង​អប់រំ​ទើបតែ​ប្រកាស​ឲ្យ​ផ្អាក​សាលា​គ្រប់​កម្រិត​ទាំងអស់ ប៉ុន្តែ​ការប្រឡង​ឌី​ប្លូ​ម​ដែល​កំពុងតែ​ប្រព្រឹត្តិ​ទៅ​ក៏​នៅតែ​បន្ត​ការប្រឡង​ដដែល​។ ចំណែក​ការប្រឡង​បាក់​ឌុប​នៅ​ខែធ្នូ​ខាងមុខ ក៏​ក្រសួង​នៅតែ​បន្ត​រៀបចំ​ប្រឡង​បាន​ធម្មតា​ផងដែរ​។ 
 
​នៅថ្ងៃនេះ​ដែរ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ស្តីពី​ការផ្អាក​ការរៀបចំ​ការប្រកួត​បា​ល់​ទាត់​ដណ្តើមពាន​រង្វាន់​ចំនួន​៥​របស់ខ្លួន​ផងដែរ​។ ពានរង្វាន់​ទាំងនោះ​រួមមាន​ការប្រកួត​ក្របខណ្ឌ​លី​គ​ពីរ​, ជម្រើស​ជើងឯក​ហ្វ៊ូ​ត​សាល​, លី​គ​នារី​, ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ និង​ក្រោម​១៥​ឆ្នាំ​។​
 
​ជាមួយគ្នានេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានប្រកាស​ផ្អាក​ការចូល​ទស្សនា​សារមន្ទី​រ ផ្អាក​ដំណើរការ​រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស​រយៈពេល​២​សប្ដាហ៍​ជា​បណ្ដោះអាសន្ន​។ ការអនុវត្ត​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ វិច្ឆិកា ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​។  
 
​កា​រឹង​បណ្តឹង​ឡើងវិញ​នេះ ធ្វើឡើង​ក្រោយ​កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ក្នុង​សហគមន៍​ចំនួន​១៤​នាក់ ដោយ​ពុំ​ដឹង​ប្រភព​ច្បាស់លាស់​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ឈ្មោះ​ឲ្យ​ការឆ្លង​កូ​វីដ​-១៩​មិនដឹង​ប្រភព​នេះ​ថា ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ដែល​សំដៅលើ​ស្ត្រី​ជា​ភរិយា​របស់លោក ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​សមាជិកគ្រួសារ និង​អ្នក​ផ្សេងទៀត ត្រូវបាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ មនុស្ស​ជាង​២,២​ពាន់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ដោយ​រកឃើញ​មនុស្ស​១៤​នាក់​ហើយ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​នេះ​។ ក្រសួង នៅតែ​បន្តធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩​លើ​មនុស្ស​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ​។ បច្ចុប្បន្ន កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​៣២៣​នាក់ ដោយ​ក្នុងនោះ បានជា​សះស្បើយ​វិញ​៣០១​នាក់​៕
 
 
 
 
 
 

Tag:
 ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com