កីឡាជាតិ
ជាតិ
​ឈិន ឈឿន វិល​ទ្រនំ​ចាស់ ណុប តុលា ទៅណា​ហ្គា សាន គឹម​ហេង ចូលរួម​ជាមួយ​បឹងកេត​
01, Dec 2020 , 3:59 pm        
រូបភាព
 កីឡាករ ណុប តុលា (ឆ្វេង) និងកីឡាករ ឈិន ឈឿន
កីឡាករ ណុប តុលា (ឆ្វេង) និងកីឡាករ ឈិន ឈឿន
​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ដើរ​ដល់​ផ្លូវបំបែក​ជាមួយ​កីឡាករ ឈិន ឈឿន និង​កីឡាករ ណុប តុលា ក្រោយ​ពួកគេ​រួមចំណែក​ជួយ​ឲ្យ​ក្លិប​នេះ​គ្រង​ជើងឯក​រង​លី​គ​កំពូល​ឆ្នាំ​២០២០​។ បើតាម​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង កីឡាករ ឈិន ឈឿន ត្រឡប់​ទៅ​ចូលរួម​ជាមួយ​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ខណៈ​កីឡាករ ណុប តុលា ចូលរួម​ជាមួយ​ណាហ្គា​វើ​លដ៍​។ ខ្សែប្រយុទ្ធ​វ័យក្មេង សាន គឹម​ហេង បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​បឹងកេត​សម្រាប់​រដូវ​កាល​ឆ្នាំ​២០២១-២០២២ ក្រោយ​ចែកផ្លូវ​ជាមួយ​ក្លិប​វិសាខា​។​
 
​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ប្រកាស​ពី​ការចែក​ផ្លូវ​គ្នា​ជាមួយ​កីឡាករ​ពីររូប​ជា​បន្តបន្ទាប់​រួមមាន​កីឡាករ ឈិន ឈឿន និង​កីឡាករ ណុប តុលា​។ តែ​យ៉ាងណា ម្ចាស់​ជើងឯក​លី​គ​កំពូល​ឆ្នាំ​២០១៩ មួយ​នេះ មិនបាន​បញ្ជាក់​ពី​មូលហេតុ នៃ​ការចែក​ផ្លូវ​នេះឡើយ ប៉ុន្តែ​ទំនងជា​កិច្ចសន្យា​របស់​ពួកគេ​អស់​សុពលភាព​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ ជូនពរ​ឲ្យ​កីឡាករ​ទាំងពីរ​ទទួល​បាន​ជោគជ័យ​លើ​វិថី​បាល់ទាត់​ជាមួយ​ទ្រនំ​ថ្មី ក្នុងនោះ​ខ្សែបម្រើ ឈិន ឈឿន ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ទ្រនំ​ចាស់ ដែល​ខ្លួន​ធ្លាប់​ជ្រក​អស់​រយៈពេល​១៥​ឆ្នាំ គឺ​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​។ ចំណែក​កីឡាករ ណុប តុលា ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ណាហ្គា​វើ​ល​នៅ​រដូវ​កាល​ឆ្នាំ​២០២១​។
 
​កីឡាករ ឈិន ឈឿន បាន​ចុះកិច្ចសន្យា​លេង​ក្លិប​ព្រះខ័ន​រាជ​ស្វាយ​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ក្រោយ​ចែកផ្លូវ​ជាមួយ​ទ័ព​។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដំបូង​ដោយ​ធ្វើជា​យុវជន​ថ្នាលរ​បស់ទ័ព​។ បន្ទាប់មក រូបគេ ត្រូវបាន​ដំឡើង​ឲ្យ​មកលេង​ក្នុង​ឈុត​ធំ​នៅ​ឆ្នាំ​២០១០ រហូតដល់​ឆ្នាំ​២០១៩​។​
 
​កីឡាករ​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​រូបនេះ បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ២៣​ឆ្នាំ និង​ក្រុម​ជម្រើសជាតិ​នៅ​អំឡុង​ឆ្នាំ​២០១១​។  
 
​ចំណែក​កីឡាករ ណុប តុលា បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដោយ​ធ្វើជា​យុវជន​យុវជន​របស់​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ឆ្នាំ​២០១១​។ រូបគេ​ត្រូវបាន​ដំឡើង​ឲ្យ​មកលេង​ក្នុង​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០២០​។ តុលា បាន​ជួយ​ឲ្យ​ក្លិប​មាន​មូលដ្ឋាន​ខេត្តស្វាយរៀង​មួយ​នេះ លើក​ពាន​លី​គ​កំពូល​ចំនួន​ពីរលើក​នៅ​ឆ្នាំ​២០១៣ និង​២០១៩ និង​គ្រង​ជើងឯក​ពាន​សម្តេច ហ៊ុន សែន ពីរលើក​នៅ​ឆ្នាំ​២០១៥ និង​២០១៧ និង​ជើង​រង​នៅ​ឆ្នាំ​២០១៦ និង ២០១៩​។ 

​កីឡាករ​មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​រូបនេះ​បាន​ក្លាយជា​សមាជិក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​នៅ​ឆ្នាំ​២០១១​។ ហើយ​បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​នៅ​ឆ្នាំ​២០១៣ និង​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​នៅ​ឆ្នាំ​២០១៥​។ តាមពិត​កីឡាករ ណុប តុលា ត្រូវបាន​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០១៥ មកម្ល៉េះ​។ 
 
​ជាមួយគ្នានេះ កាលពីពេល​ថ្មីៗ ក្លិប​ស្វាយរៀង ក៏បាន​ប្រកាស​ពី​ការបន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ​៦​រូប រួមមាន​កីឡាករ ឃៀង ម៉េង​ហួរ​, នី សុខ​រី​, ត្រាយ វិចិត្រ​, សួន សុវណ្ណ​, មិន រតនៈ និង​កីឡាករ គឹម សុខ​យុទ្ធ​។​
 



​ស្របពេល​ជាមួយគ្នា​ផងដែរ ខ្សែប្រយុទ្ធ​វ័យក្មេង សាន គឹម​ហេង បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​បឹងកេត​សម្រាប់​រដូវ​កាល​ឆ្នាំ​២០២១-២០២២ ក្រោយ​ចែកផ្លូវ​ជាមួយ​ក្លិប​វិសាខា​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្លិប​បឹងកេត​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នា​រសៀល​ថ្ងៃទី​១ ខែធ្នូ នេះ​។ 
 
​មួយថ្ងៃ​ក្រោយ​ចាក​ចេញពី​ក្លិប​វិសាខា ដែល​ខ្លួន​បាន​ចូលរួម​ជាមួយ​នៅ​ឆ្នាំ​២០១៨ កីឡាករ សាន គឺ​ម​ហេង បាន​រកឃើញ​ទ្រនំ​ថ្មី​របស់ខ្លួន​ហើយ គឺ​ក្លិប​បាល់ទាត់​បឹងកេត​។ អតីត​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​រូបនេះ ត្រូវ​ជួយ​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២០ ប្រជែង​ដណ្តើម​ជើងឯក​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០២១​។ 


កីឡាករ សាន គឹមហេង ពេលបង្ហាញខ្លួនជាមួយក្រុមវិសាខាកាលពីពេលកន្លងទៅ 

​ជាពិសេស​អតីត​កីឡាករ​វិសាខា​រូបនេះ ត្រូវ​ជួយ​ក្រុម​បឹងកេត​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​បាល់ទាត់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2021 ដែល​បឹងកេត​ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល ក្រោយ​ឈ្នះ​ជើងឯក​លី​គ​កំពូល​រដូវ​កាល​ឆ្នាំ​២០២០​។ 
 
​កីឡាករ សាន គឹម​ហេង បាន​ចុះកិច្ចសន្យា​លេង​ក្លិប​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោយ​រូបគេ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រំសាយ​ប្រមូល​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី​។ 
 
​ក្នុងអំឡុងពេល​រួមរស់​ជាមួយ​វិសាខា គឹម​ហេង បានរួម​ចំណែក​ជួយ​ឲ្យ​ក្លិប​នេះ​ទទួលបាន​លេខ​៣​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨, ជើងឯក​រង​លី​គ​កំពូល​ឆ្នាំ​២០១៩ និង​លេខ​៥​នៅ​ឆ្នាំ​២០២០​។ យើង​សង្កេតឃើញថា នៅ​រដូវ​កាល​ឆ្នាំ​២០២០ កន្លងទៅ​កីឡាករ សាន គឹម​ហេង ពុំ​សូវ​បានបង្ហាញ​ខ្លួន​នោះទេ​៕  
 
 
 

Tag:
 បាល់ទាត់​
  ឈិន ឈឿន​
  នុប តុលា
© រក្សាសិទ្ធិដោយ thmeythmey.com