ជាតិ
សង្គមជាតិ
ប្រធានមន្ទីរសុខាភិបាល៖ អ្នកស្លាប់ដោយសារពុលស្រាសនៅកំពង់ឆ្នាំង កើនដល់៨នាក់ 01, Dec 2020 , 4:42 pm
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋពុលស្រា ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ រូបភាពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ អ្នកសា្លប់ កើនឡើងដល់៨នាក់ ខណៈ១១៧នាក់ទៀត បានជាសះស្បើយវិញ ក្នុងចំណោមអ្នកពុលស្រាសសរុប១៣១នាក់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ។ នេះបើតាមលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។
លោក ប្រាក់ វ៉ុន បញ្ជាក់ថា អ្នកជាសះស្បើយ១១៧នាក់នោះ បានត្រឡប់ទៅគេហដ្ឋានវិញហើយ ក្រោយពីបានសម្រាកព្យាបាលរយៈពេលពីរបីថ្ងៃកន្លងមកនេះ។ លោក បន្តថា ចំណែកអ្នកដែលមិនទាន់ជាសះស្បើយមួយចំនួនទៀត កំពុងតែបន្តព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងមួយចំនួនទៀត ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារតែពួកគេ មានសភាពធ្ងន់ធ្ងរ។
លោក ប្រាក់ វ៉ុន បន្ថែមថា អាជ្ញាធរខេត្ត បានចាត់វិធានការហើយ លើអ្នកលក់ស្រាស ដែលបណ្តាលឲ្យមនុស្ស១៣១នាក់ពុល។ លោក មានប្រសាសន៍ថា៖«យើងអត់ទាន់ដឹងពីប្រភពស្រានោះនៅឡើយទេ។ ប៉ុន្តែ យើង បានកំណត់មុខសញ្ញាអ្នកលក់ស្រាមួយចំនួនហើយ ដែលលក់ស្រាមានកំហាប់មេតាណុលខ្ពស់ ហើយសមត្ថកិច្ច បានឃាត់ខ្លួនដើម្បីបញ្ជូនទៅតុលាការ និងបានដកហូតស្រាស»។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អះអាងថា ករណីពុលស្រាសដែលបណ្តាលឲ្យមានមនុស្សស្លាប់នេះ គឺបណ្តាលមកពីស្រាស ត្រូវបានផលិតដោយមានជាតិមេតាណុលខ្ពស់។ លោក លើកឡើងទៀតថា ដើម្បីជៀសវាងកុំឲ្យមានករណីពុលស្រាសនេះកើតឡើងសាជាថ្មី ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំ បានណែនាំឲ្យពលរដ្ឋបញ្ឈប់ការបិតស្រាសលក់ និងណែនាំឲ្យបញ្ឈប់ពិសាស្រាសដែលគ្មានប្រភពច្បាស់លាស់។
បើតាមប្រធានមន្ទីរសុខាភិបាលខាងលើដដែល ក្នុងចំណោមមនុស្ស១៣១នាក់ ដែលពុលស្រាសនោះ អ្នកខ្លះ ពុល ពេលទិញស្រាសយកទៅពិសាជុំគ្នាជាមួយគ្រួសារនិងមិត្តភក្តិ ហើយអ្នកខ្លះទៀត ពុល ពេលពិសាស្រាសក្នុងពិធីបុណ្យសពរបស់ស្ត្រីម្នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com