COVID-19
ជាតិ
សង្គមជាតិ
អភិបាល​រាជធានី ស្នើ​ឲ្យ​ម្ចាស់​អាគារ និង​អ្នកផ្តល់​សេវាកម្ម កុំ​កាត់លុយ​កក់​ពី​ម្ចាស់​កម្មវិធី​
02, Dec 2020 , 9:29 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ម្ចាស់​អាគារ និង​អ្នកផ្ដល់​សេវា​ផ្សេងៗ​នោះ កុំ​កាត់លុយ​កក់​ពី​ម្ចាស់​កម្មវិធី ដោយសារ​ការពន្យារពេល​កម្មវិធី ព្រោះ​វិបត្តិ​កូ​វីដ​-១៩​។​
 
​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រឹត្តិការណ៍​២៨ វិច្ឆិកា នោះ រដ្ឋាភិបាល​បានសម្រេច​ឲ្យ​ផ្អាក​ការជួបជុំ និង​រៀបចំ​កម្មវិធី​ផ្សេងៗ រយៈពេល​១៥​ថ្ងៃ​សិន ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការឆ្លង​ចូល​សហគមន៍​ធ្ងន់ធ្ងរ​។ ដូច្នេះ​អ្នក​ដែល​ត្រូវ​រៀបចំ​កម្មវិធី​មង្គលការ ភ្ជាប់ពាក្យ ខួបកំណើត និង​កម្មវិធី​ផ្សេងទៀត នឹងត្រូវ​ប៉ះពាល់​ដោយសារ​ការហាម​រៀបចំ​កម្មវិធី​ជួបជុំ​នេះ​។​
 
​ដោយសារ​មើលឃើញ​បញ្ហា​នេះ ទើប​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អំពាវនាវ​ដល់​ម្ចាស់​អគារ ,​សំអាងការ ,​ចុងភៅ ,​អាជីវ​ករលក់ទឹក​ភេសជ្ជៈ ផ្កា និង​សម្ភារ រួមទាំង​អ្នកផ្តល់​សេវាកម្ម​រៀបចំ​កម្មវិធី​នានា ដែល​បានទទួល​លុយ​កក់​ពី​ម្ចាស់​កម្មវិធី​ហើយ កុំ​កាត់លុយ​នៅពេលដែល​ម្ចាស់​កម្ម​វី​ធី​សុំ​ពន្យារពេល​វិញ ក្នុង​ចន្លោះ​រយៈពេល​១៥​ថ្ងៃនេះ​។ 
 
«​សូមមេត្តា​យោគយល់​អធ្យាស្រ័យ និង​សូមកុំ​កាត់លុយ ឬ​យក​លេស​ទាមទារ​សំណង់​នៃ​ការខាតបង់​ពី​ម្ចាស់​កម្មវិធី​ដែល​បាន​កក់​ប្រាក់ ព្រមទាំង​ជៀសវាង​ការយក​ឱកាស​នេះ ដើម្បី​កេងចំណេញ​ពី​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​»​។ នេះ​ជា​លើកឡើង​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ ។​
 
​ដើម្បី​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩​ឆ្លង​រាលដាល​កាន់តែច្រើន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្អាក​រៀន​ចំ​អាពាហ៍ពិពាហ៍ និង​គ្រប់ការ​ជួបជុំ​នានា​ដែលមាន​មនុស្ស​ច្រើន​រយៈពេល​១៥​ថ្ងៃ​សិន​។ សម្តេច​បញ្ជាក់ថា ការផ្អាក​នេះ​សម្រាប់តែ​កម្មវិធី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​តែប៉ុណ្ណោះ​៕ 
 
 
 
 

Tag:
 ​កម្មវិធី
© រក្សាសិទ្ធិដោយ thmeythmey.com