សង្គមអន្តរជាតិ​
អន្តរជាតិ
យានអវកាស​ចិន «​ឆាង​អឺ ៥» ចត​លើ​ឋាន​ព្រះ​ចន្ទ​ដើម្បី​ប្រមូល​សំណាក​រឹង​មក​ផែនដី​វិញ
02, Dec 2020 , 9:59 pm        
រូបភាព
យានអវកាស ឆាងអឺ ៥ ចុះចតលើឋានព្រះចន្ទនៅថ្ងៃទី១ ខែធ្នូ។ រូបភាព Xinhua
យានអវកាស ឆាងអឺ ៥ ចុះចតលើឋានព្រះចន្ទនៅថ្ងៃទី១ ខែធ្នូ។ រូបភាព Xinhua
​យានអវកាស​មួយគ្រឿង​របស់​ចិន ឆាង​អឺ ៥ (Chang’e 5) បាន​ចុះចត​លើ​ផ្ទៃ​ឋាន​ព្រះ​ចន្ទ​ហើយ ក្នុង​បេសកកម្ម​ប្រមូល​សំណាក​រឹង​ពី​ផ្ទៃ​ឋាន​ព្រះ​ចន្ទ ត្រលប់​មកកាន់​ផែនដី​វិញ​។ នេះ​ជា​បេសកកម្ម​អវកាស​ដ៏​មហិច្ឆតា​ដំបូង​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​មក​របស់​ប្រទេស​អាស៊ី​មួយ​នេះ​។​
 
​ធ្វើដំណើរ​ជាង​១​សប្ដាហ៍ យាន​ឈ្មោះ ឆាង​អឺ ៥ នេះ បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ភព​ព្រះ​ចន្ទ នៅ​ថ្ងៃទី​១ ខែធ្នូ ត្រង់ចំណុច​ទីតាំង​ដែល​គ្រោងទុក​។ ទីភ្នាក់ងារ​ព័ត៌មាន និង​ទូរទស្សន៍​រដ្ឋ​ចិន បាន​ចុះផ្សាយ​ព្រោងព្រាត​ជុំវិញ​ដំណឹង​នេះ ដោយ​ដកស្រង់​តាម​ការប្រកាស​របស់រ​ដ្ឋ​បាល​អវកាស​ជាតិចិន​។ 
 
​យានអវកាស​ដែលមាន​គោលដៅ​ប្រមូល​សំណាក​នេះ ត្រូវបាន​បាញ់​បង្ហោះ​កាលពី​២៤​ខែវិច្ឆិកា លើ​ក្បាល​រ៉ុក្កែត ឈ្មោះថា «Long March-5Y» នៅឯ​ទីលាន​បាញ់​បង្ហោះ​រ៉ុក្កែត Wenchang នៅ​ខេត្ត Hainan ។ យាន​នេះ មាន​បំពាក់​សម្ភារ​ចាំបាច់​មួយចំនួន ដូចជា កាមេរ៉ា រ៉ា​ដា កែវឆ្លុះ ឧបករណ៍​វាស់វែង​និង​ខួង ដែល​បម្រើ​ដល់​ការត្រួតពិនិត្យ និង​ប្រមែប្រមូល​សំណាក​រឹង​លើ​ផ្ទៃ​ឋាន​ព្រះ​ចន្ទ​នេះ​។ 
 
​គោលដៅ​នៃ​បេសកកម្ម​នេះ គឺ​ប្រមែប្រមូល​ដី ឬ​ថ្ម​ឋាន​ព្រះ​ចន្ទ​ប្រមាណ ២ គីឡូក្រាម ហើយ​បញ្ចូល​ទៅកាន់​យានអវកាស​មួយ ដែល​នឹង​ដឹក​សំណាក​នេះ​មកកាន់​ភពផែនដី​វិញ​។ ការ​បង្ហោះ​យាន​ទី​៤​នេះ រំពឹង​ធ្វើឡើង​នា​ថ្ងៃទី ១៦ ឬ ទី​១៦ ខែធ្នូ ហើយ​ចិន​ដាក់​គោលដៅ​យក​ទឹកដី​ខេត្ត​ស្វយ័ត​ម៉ុង​ហ្គោ​លី​ផ្នែក​ខាងក្នុង (Inner Mongolia) ជា​កន្លែង​ចុះចត​សម្រាប់​យាន​ដែល​នឹង​ដឹក​សំណាក​រឹង​ឋាន​ព្រះ​ចន្ទ​មក​ផែនដី​វិញ​នេះ​។​
 
​ប្រសិនបើ​ការ​ត្រឡប់មកវិញ​ជោគជ័យ វា​នឹង​ក្លាយជា​បេសកកម្ម​ទីមួយ​ក្នុងពេល​៤៤​ឆ្នាំ​ចុងក្រោយ ដែល​អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​សំណាក​រឹង​ពី​ភព​ព្រះ​ចន្ទ​មកកាន់​ភពផែនដី​។ កាលពី​ទសវត្សរ៍​១៩៧០ យានអវកាស​របស់​អតីត​សហភាពសូវៀត​បាន​ដឹក​សំណាក​រឹង​ឋាន​ព្រះ​ចន្ទ​ក្រោម​២០០​ក្រាម​ប៉ុណ្ណោះ​។ 
 
​ការ​បង្ហោះ​យានអវកាស​ឆាង​អឺ ៥ គឺជា​ការចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគជ័យ​លើក​ទី​៣​ហើយ​របស់​ចិន​។ យាន​មុន​របស់​ចិន ឆាង​អឺ ៤ កាលពី​ឆ្នាំ​២០១៩ ក្លាយជា​យាន​បេសកកម្ម​ទីមួយ​ដែល​ចត​លើ​ផ្នែក​ឆ្ងាយ​មួយ​របស់​ព្រះ​ចន្ទ ដែល​ពុំ​សូវ​មាន​គេ​ទៅ​ស្រាវជ្រាវ​ដល់​។ យាន​ឆាង​អឺ ៣ ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ​២០១៣​។ ដោយឡែក ការ​បង្ហោះ​ចុងក្រោយបង្អស់​របស់ គឺ​រួមសហការ​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ដែល​កំពុង​ជួយ​តាមដាន​បេសកកម្ម​នេះ​។ 
 
​គួរ​បញ្ជាក់ដែរថា ក្នុង​ឆ្នាំ​២០០៣ ចិន បាន​ក្លាយជា​ប្រទេស​ទី​៣ ដែល​បញ្ជូន​អ្នក​អវកាស​ទៅកាន់​គន្លង​គោចរ​ដោយ​ខ្លួនឯង  ក្រោយ​អតីត​សហភាពសូវៀត និង​សហរដ្ឋអាមេរិក​។ ចិន​ក៏បាន​បាញ់​បង្ហោះ​ស្ថានីយ៍​សម្រាប់​អ្នក​អវកាស​ផងដែរ​៕  
 

Tag:
 ចិន​
  អវកាស​
 ​ភព​ព្រះ​ចន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com