ជាតិ
សេដ្ឋកិច្ច
កម្ពុជា-រុស្ស៊ី ពិភាក្សាពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី 02, Dec 2020 , 4:13 pm
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងកម្ពុជា-រូស្សី កាលពីថ្ងៃទី១ធ្នូ ២០២០។ (រូបេពីក្រសួងពាណិជ្ជកម្ម)
× ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី បានពិនិត្យលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីទាញយកផលប្រយោជន៍រួមគ្នា។ ការពិភាក្សាពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ធ្វើឡើងក្នុងជំនួបរវាងលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក អាណាតតូលី បូរ៉ូវីក (Anatoly Borovik) អគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា តាមប្រព័ន្ធវីដេអូ។
ក្រសួងពាណិជ្ជកម្ម ដែលបានស្រង់សម្តីលោក អាណាតតូលី បូរ៉ូវីក បានបញ្ជាក់ថា មេរោគកូវីដ-១៩ កំពុងបង្កការរាំងស្ទះដល់ការបញ្ជាទិញ និងការដឹកជញ្ជូនទំនិញទូទាំងសកលលោក ជាពិសេសធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-រុស្ស៊ីធ្លាក់ចុះទៀតផង។ លោកបន្តថា ទំហំពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា-រុស្ស៊ី ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២០នេះ គឺធ្លាក់ចុះប្រមាណ១៨ភាគរយ។
ទាក់ទងនឹងការពង្រឹងពាណិជ្ជកម្មទ្វេភាគីនេះ លោក សុខ សុភ័ក្ត្រ បានបញ្ជាក់ថា កម្ពុជាត្រូវការវិនិយោគបន្ថែមពីសហព័ន្ធរុស្ស៊ី ពិសេសផ្នែកម៉ាស៊ីនធុនស្រាលនិងមធ្យម ដើម្បីពង្រឹងវិស័យឧស្សាហកម្មកម្ពុជា សម្រាប់បង្កើនការប្រកួតប្រជែងក្នុងការនាំចេញ។ លោក សង្កត់ធ្ងន់ថា៖ «កម្ពុជាបង្ហាញបំណងសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ឲ្យបានឆាប់តាមដែលអាចធ្វើបាន»។
ជុំវិញ ការសិក្សាពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្ស៊ីនេះ លោក ស៊ាង ថែ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ Telegram ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ គឺត្រូវសិក្សាឲ្យឃើញជាមុនសិនពីផលប្រយោជន៍រវាងភាគីទាំងពីរ ទើបចាប់ផ្ដើមបើកការចរចា។
«ចំពោះផលប្រយោជន៍ យើងអាចមើលឃើញជារួមថា ការបើកច្រកទីផ្សារឲ្យកាន់តែធំ ជាមួយនឹងកិច្ចសម្របសម្រួលកាន់តែប្រសើរ វានឹងជួយជំរុញឲ្យការនាំចេញរបស់យើងកាន់តែបានច្រើន។ ផលិតផលដែលកម្ពុជា អាចនាំចេញបាន មាន កសិផល, ផលិតផលកែច្នៃ, សម្លៀកបំពាក់, ស្បែកជើង, ទោចក្រយាន ជាដើម»។ នេះបើតាមការអះអាងរបស់លោក ស៊ាង ថៃ។
កន្លងមកកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងជាច្រើន រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ចុះហត្ថលេខាកាលពីថ្ងៃទី១២តុលាឆ្នាំ២០២០។ ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) បានបញ្ចប់ជុំទី៤នៅវិច្ឆិកា ឆ្នាំ២០២០។ លើសពីនេះ កម្ពុជាមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(RCEP) ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២០ បន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងក្របខ័ណ្ឌអាស៊ាន+១ (ជាមួយចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងណូវែលសេឡង់ និងហុងកុង) ដែលកំពុងផ្តល់ទីផ្សារយ៉ាងធំទូលាយដល់កម្ពុជា៕
Tag:
ពាណិជ្ជកម្ម
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com