COVID-19
ជាតិ
មនុស្ស២នាក់ទៀតពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានកូវីដ-១៩ 03, Dec 2020 , 10:06 am
× មនុស្សពីរនាក់ទៀតដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា មានលទ្ធផលវិជ្ជមាន ដែលធ្វើឲ្យចំនួនឡើងដល់១៩នាក់ក្នុងចំណោម៨៧៦៦នាក់ដែលបានធ្វើតេស្ត។
យោងតាមក្រសួងសុខាភិបាល អ្នកជំងឺទាំងពីរនាក់ ជាស្ត្រីបងប្អូនបង្កើតដែលមានអាយុ២៣ឆ្នាំ និង២១ឆ្នាំ។ ពួកគាត់មានអាសយដ្ឋាននៅសង្កាត់វាលស្រូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ត្រីជាបង គឺជាភរិយារបស់អនុប្រធាននាយកដ្ឋានពន្ធនាគារ រីឯប្អូនស្រី ជាបុគ្គលិកធនាគារកាធេយូណាយធីតនៅផ្លូវសម្តេចប៉ាន។ សម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យក្រសួងសុខាភិបាលផ្អាកដំណើរការបណ្តោះអាសន្នធនាគារកាធេរយៈពេល១៤ថ្ងៃផងដែរ។
គិតត្រឹមថ្ងៃទី២ ខែធ្នូ វត្ថុសំណាកមនុស្ស៨៧៦៦នាក់ ត្រូវបានធ្វើតេស្ត ដែលក្នុងនោះ មានវិជ្ជមាន១៩នាក់ ដោយអ្នកជំងឺត្រូវបន្តសម្រាកព្យាបាលនៅពេទ្យខ្មែរ-សូវៀត។
រីឯតួលេខនៅកម្ពុជាទាំងមូល មានដល់៣៣១នាក់ ក្នុងនោះសះស្បើយ៣០៤នាក់។ អ្នកជំងឺ២២នាក់ សម្រាកព្យាបាលនៅពេទ្យខ្មែរសូវៀត និង៥នាក់នៅមណ្ឌលសុខភាពចាក់អង្រែ៕
កែតម្រូវ៖ ក្រសួងសុខាភិបាលបានកែតម្រូវសេចក្តីប្រកាសរបស់ខ្លួន ទាក់ទងនឹងករណីអ្នកជំងឺអាយុ២៣ឆ្នាំ ដែលតាមពិតជាបុរសអាយុ២៣ឆ្នាំ បម្រើការនៅធនាគារចិនក្នុងអគារកាណាឌីយ៉ា ផ្លូវមុន្នីវង្ស។ គាត់បានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីអាយុ៣៦ឆ្នាំ ដែលរកឃើញកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។ បុរស និងអ្នកជំងឺអាយុ២១ឆ្នាំជាបងប្អូនបង្កើតនឹងគ្នា។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យបិទធនគារចិនក្នុងអគារកាណាឌីយ៉ារយៈពេលខ្លី ដើម្បីឲ្យក្រុមការងារសុខាភិបាលយកសំណាកបុគ្គលិកទាំងអស់ទៅវិភាគ និងតម្រូវធ្វើចត្តាឡីស័ក៕
© រក្សាសិទ្ធិដោយ thmeythmey.com