កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ Brexit, ក្លិបអង់គ្លេសទាំងអស់ មិនអាចទិញកីឡាករពីក្រៅស្រួលៗទៀតឡើយ 03, Dec 2020 , 9:43 am
× ក្លិបនៅ Premier League នឹងមិនអនុញ្ញាតឲ្យទិញកីឡាករពីបណ្តាប្រទេសសហភាពអឺរ៉ុប (EU) ដោយគ្មានលិខិតអនុញ្ញាតការងារ (GBE) ដូចមុនទៀតឡើយ។ កីឡាករបរទេសក្រោមអាយុ១៨ឆ្នាំក៏មិនអាចទិញចូលដែរ ក្រោមបទប្បញ្ញត្តិ ក្រោយអង់គ្លេសចាកចេញពីអឺរ៉ុប (Brexit)។ នេះបើតាមការប្រកាសរបស់លីគកំពូលអង់គ្លេសនៅថ្ងៃទី១ ខែធ្នូ។
នៅក្នុងសេចក្តីប្រកាសរួមមួយរវាងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) និងលីគបាល់ទាត់អង់គ្លេស (EFL) ច្បាប់ថ្មី នឹងចូលជាធរមានក្នុងអំឡុងទីផ្សារដោះដូរកីឡាករលើកទីពីរដែលបើកដំណើរការនៅខែមករា ឆ្នាំ២០២១។
ចក្រភពអង់គ្លេស នឹងចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីពន្យារពេលជាច្រើនលើកច្រើនសារចាប់តាំងពីប្រជាជនអង់គ្លេសសម្រេចចិត្តចែកផ្លូវពីអឺរ៉ុបក្នុងការធ្វើប្រជាមតិឆ្នាំ២០១៦មក។ ដោយសារការចាកចេញនេះ ស្ថាប័នគ្រប់គ្រងលីគកំពូលអង់គ្លេសក៏បានកំណត់ច្បាប់ថ្មីលើការទិញដូរកីឡាករទាំងក្នុងប្រទេសសហភាពអឺរ៉ុប និងកីឡាករបរទេសក្រោមអាយុ១៨ឆ្នាំចាប់ពីដើមឆ្នាំ២០២១តទៅ។
«ក្រោយ Brexit ក្លិបនៅ Premier League នឹងមិនអាចចុះហត្ថលេខានាំយកកីឡាករដោយសេរីពីសហភាពអឺរ៉ុបដូចមុនទៀតឡើយ។ កីឡាករពី EU ដែលចង់លេងនៅលីគកំពូលអង់គ្លេស ឬ EFL តម្រូវឲ្យទទួលបាន GBE ជាមុនសិន ស្រដៀងគ្នានឹងច្បាប់កំណត់លើកីឡាករបរទេសដែលគ្មានសិទ្ធិធ្វើការនៅចក្រភពអង់គ្លេស»។
ការយល់ព្រមពីស្ថាប័នរដ្ឋបាល ឬ GBE មានន័យថា ជាការយល់ព្រមដែលចេញដោយ FA ទៅកាន់ក្លិបសម្រាប់កីឡាករមានទេពកោសល្យដែលមិនស្ថិតក្នុងសហគមន៍អឺរ៉ុប/តំបន់សេដ្ឋកិច្ចអឺរ៉ុប។ GBE បង្កើតឡើងជាអន្តរជាតិក្នុងកម្រិតខ្ពស់បំផុតដែលការងារនេះធ្វើការយ៉ាងសំខាន់ដល់ការអភិវឌ្ឍបាល់ទាត់ក្នុងកម្រិតខ្ពស់បំផុតនៅអង់គ្លេស។
ដូច្នេះច្បាប់ថ្មីនេះ នឹងមើលលើកីឡាករ EU ដែលមានសមត្ថភាពកម្រិតខ្ពស់ទើបអាចអនុញ្ញាតឲ្យទិញចូលទៅលេងក្នុងក្លិបនៅអង់គ្លេស ក្រោយ Brexit ។ លក្ខណៈវិនិច្ឆ័យលើកីឡាករ ពឹងផ្អែកលើការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិ ការបង្ហាញខ្លួនតាមក្លិប ក៏ដូចជាគុណភាពក្លិបដែលកីឡាករទាំងនោះប្រកបអាជីព។
សម្រាប់កីឡាករបរទេសក្រោមអាយុ១៨ឆ្នាំ FA ក៏មិនអនុញ្ញាតឲ្យក្លិបនៅ Premier League ទិញចូលដូចមុនទៀតដែរ។ យ៉ាងណាក៏ដោយ ក្របខណ្ឌលីគកំពូលអង់គ្លេសនេះ បានអនុញ្ញាតឲ្យទិញចូលកីឡាករក្រោមអាយុ២១ឆ្នាំច្រើនបំផុត៣នាក់នៅទីផ្សារដោះដូខែមករាខាងមុន ហើយត្រូវកំណត់ត្រឹមចំនួន៦រូបប៉ុណ្ណោះក្នុងមួយរដូវកាល៕
Tag:
Premier League
Brexit
EU
© រក្សាសិទ្ធិដោយ thmeythmey.com